ទុនវិនិយោគ​ទុន​រប​ស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​កើនឡើង​ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក​

462
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ប្រទេស​ចិន បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​។ គិត​ត្រឹម​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​បានដាក់​វិនិយោគទុន​នៅ​កម្ពុជា​ប្រមាណ ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​ចិន ៧០​ភាគរយ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​។ ក្រុមហ៊ុន​ទាំងនេះ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​។ ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន ២​ពាន់​នាក់​។​

លោក វ៉ាង វិ​ន​ធាន​(Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា

​នេះ​ជាការ​អះអាង​របស់លោក វ៉ាង វិ​ន​ធាន​(Wang Wentian) ដែល​ទើប​ចូលកាន់​តំណែង​ជា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៨ បន្ត​ពី​លោក ស្យ​ង់ ប៉ូ អគ្គរដ្ឋទូត​ចាស់ ដែល​ផុត​អាណត្តិ​នៅក្នុង​សន្និសីទ​សារពត៌មាន​ជាមួយ​អ្នកព័ត៌មាន​កម្ពុជា និង​អ្នកព័ត៌មាន​ចិន នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នៅ​ស្ថានទូត​ចិន​ប្រចាំ​ក​ភ្នំពេញ​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​បន្តថា​៖​ចិន​នៅតែ​បង្កើន​ការវិនិយោគ​កាន់តែច្រើន​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ​កាន់តែ​សម្បូរបែប​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ជំរុញ​ជីវភាព​របស់​ពួកគេ​ឱ្យ​កាន់តែ​ធូរធា​ផងដែរ​ខណៈ​ចិន​បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​។​

​លោក​បាន​លើកឡើងថា​ជា​ផ្នែក​មួយ​នៃ​ការវិនិយោគទុន ចិន​បាន​ពង្រីក​ការវិនិយោគទុន​កាន់តែច្រើន​ក្នុង​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ឥឡូវ​ក្រុមហ៊ុន​ចិន​បាន​ដំឡើង​ខ្សែបណ្តាញ​អគ្គិសនី​បាន​លើសពី ៨​ពាន់​គីឡូម៉ែត្រ​ហើយ ហើយ​ទំហំ​នៃ​ការផលិត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​គឺ ៨០​ភាគរយ ផលិត​ដោយ​ក្រុមហ៊ុន​ចិន​។ ថាមពល​អគ្គិសនី​នេះ បាន​ជួយ​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ផលិតកម្ម​របស់​ក្រុមហ៊ុន និង​ជួយ​កាត់បន្ថយ​តម្លៃប្រើប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក វ៉ាង បានឱ្យដឹង​ផងដែរ​ថាៈ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​បាន​ពង្រីក​ជំនួយ​ទៅដល់​ប្រទេស​កម្ពុជា ដើម្បី​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុមហ៊ុន​ចិន​បានផ្តល់​ជំនួយឥតសំណង ក៏ដូចជា​ប្រាក់​ឥណទាន​សម្បទាន​មួយចំនួន ដើម្បី​កសាង​ផ្លូវ​លើសពី ៣​ពាន់​គីឡូម៉ែត្រ ហើយក៏​បាន​កសាង​ស្ពាន​ជាច្រើន ហើយ​គម្រោង​ធារាសាស្ត្រ​ក៏មាន​ទំហំ​ធំ​ប្រហែល ៤៥.៦​ម៉ឺន​ហិកតា សម្រាប់​ផ្តល់​ការស្រោចស្រប់​ដល់​ដំណាំ​របស់​ប្រជាពលរដ្ឋ​។​ឥឡូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន បានចាប់ផ្តើម​កសាង​ហើយៗ​មន្ទីរពេទ្យ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ក៏​នឹង​ចាប់ផ្តើម​កសាង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះដែរ​
​លោក វ៉ាង បាន​គូសបញ្ជាក់ថា ប្រទេស​ចិន និង​កម្ពុ​ជាមាន​ទម្លាប់​ល្អ​មួយ «​គឺ​យើង​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ជួយ​គ្នា​ទៅវិញទៅមក​។ ប្រទេស​ចិន តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏បាន​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​»​។​

​លោក វ៉ាង វិ​ន​ធាន បានលើកឡើង​ទៀតថា​៖​កម្ពុជា​-​ចិន​ត្រូវធ្វើ​ការងារ​អាទិ​ភាពជា​ច្រើន​ទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដូចជា​៖ ទី​១៖​យើង​ត្រូវធ្វើ​ផែនការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស​ប្រើប្រាស់​យន្តការ​កិច្ចសហប្រតិបត្តិការ ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន ដើម្បី​ជំរុញ​វិនិយោគទុន ពាណិជ្ជកម្ម​កាន់តែច្រើន​រវាង​ចិន និង​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ទី​២៖ យើង​ត្រូវ​ផ្តល់​ការអភិវឌ្ឍ​ទៅកាន់​ទីជនបទ​ឲ្យ​កាន់តែច្រើន ជាពិសេស​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅតាម​ទីជនបទ ដូចជា​ការកសាង​មន្ទីរពេទ្យ សាលារៀន ដែលជា​ការផ្តល់​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ​។ ទី​៣៖ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​រាល់​បញ្ហា​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ធានាថា​ជំនួយ​របស់​ចិន បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​៕ ល​