ទុនវិនិយោគ​វិស័យ​សំណង់​មាន​ជិត​៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨

1126
ចែករម្លែក
  • 19
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ថ្នាក់ជាតិ និង​រាជធានី ខេត្ត បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់ មាន​ចំនួន​សរុប ២៥៤១​គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង ១០​លាន​ម៉ែត្រការ៉េ ហើយ​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ប្រមាណ ៤៨២០​លាន​ដុល្លារ​។ ការវិវឌ្ឍ​វិស័យ​សំណង់​រយៈពេល ៩​ខែ​កន្លងមកនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

លោក ឡៅ ទិព្វ​សីហា ធ្វើ​សន្និសីទកាសែត​ស្តីពី​វិស័យ​សំណង់​និង​អចលនទ្រព្យ (​រូប​ថ​តៈ មុនី​រ័ត្ន​)

​លោក​បន្តថា នៅក្នុង​រយៈពេល ៩​ខែ​នេះដែរ ក៏មាន​ការវិនិយោគរ​បស់​វិស័យ​ឯកជន​មកពី បរទេស​ចំនួន ៣៣​គម្រោង ផ្ទៃក្រឡា​សំណង់​ជាង ១​លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៤៨៤​លាន​ដុល្លារ​។ ហើយ​ក្នុង​រយៈពេល​៩​ខែ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះបញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅមាន​សុពលភាព ១០៧០​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន​៤២​ក្រុមហ៊ុន , ក្រុមហ៊ុន​សាងសង់​មាន​១០២៨​ក្រុមហ៊ុន​។ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មកពី​បរទេស​ដែល​នៅមាន​សុពលភាព​នៅឡើយ មាន​ចំនួន​៣៦៦​ក្រុមហ៊ុន​។ ក្រសួង​ក៏បាន​ចុះបញ្ជី​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ក៏ដូចជា​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែលមាន​ចំនួន​១៤០​នាក់​។ នៅក្នុង​នោះ​មាន​ស្ថាបត្យករ​ចំនួន​៨៦​រូប ក្នុងនោះ​មាន​ជនបរទេស ៣​រូប និង​មាន​វិស្វករ ៤៦​រូប និង​មាន​បរទេស​១​រូប​។​

​លោក ឡៅ ទិព្វ​សីហា បាន​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូតមកដល់​៩​ខែ ឆ្នាំ​២០១៨​នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចុះបញ្ជី​សវន​ករ​បាន​ចំនួន​៧១៣​រូប​។ ដោយឡែក​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ដំណើរការ​ចុះបញ្ជី​បាន​៥៧​រូប និង​មាន​បរទេស​ចំនួន​២​រូប​។​

​លោក​ទិព្វ​សីហា បាន​បន្តទៀតថា ចំពោះ​សំណង់​បុរី​លំនៅឋាន និង​សំណង់​អគារ​ខ្ពស់ៗ ក្នុង​រយៈពេល​៩​ខែ​នេះ គឺមាន​បុរី​លំនៅឋាន ចំនួន​សរុប​៤១​ទីតាំង​។ ហើយ​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺមាន​បុរី​លំនៅឋាន ឬក៏​លំនៅឋាន​លក្ខណៈ​បុរី មាន​ចំនួន​២២៨​ទីតាំង និង​មាន​អ្នកស្នាក់នៅ​ពី ៦៥ ទៅ​៧៥% ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​លំនៅឋាន​។ ចំពោះ​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ មាន​៩២​អគារ​។ ហើយ​គិត​ចាប់ពី​ឆ្នាំ​២០០៥​មកដល់​ពេល​ច្ចុ​ប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ពី​៥​ជាន់​ឡើងទៅ​មាន​ចំនួន ១០៨៤​អគារ​។ ហើយ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​និង​សំណង់ គឺមាន​ស្ថានភាព​ល្អប្រសើរ ជាពិសេស​ទីផ្សារ​ដីធ្លី និង​អគារ​ខ្ពស់ៗ​។​

​លោក ឡៅ ទិព្វ​សីហា បាន​អះអាងថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ វិស័យ​សំណង់ និង​អចលនទ្រព្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ចជាតិ ការលើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ការផ្តល់​បទពិសោធន៍​ការងារ ការបណ្តុះបណ្តាល​ការងារ បច្ចេកទេស​ដល់​អ្នកជំនាញ​នៅ​កម្ពុជា​បាន​មួយចំនួនធំ និង​បាន​បង្កើត​ក​ការងារ​ច្រើន​មុខ​។ ហើយក៏​ជាស​ញ្ញា​មួយ​នៃ​ការគៀងគរ​វិស័យ​ឯកជន​ក្នុងស្រុក និង​បរទេស ដើម្បី​ដាក់ទុន​វិនិយោគ​លើ​វិស័យ​អ​ល​ចនទ្រ​ព្យ​និង​ដីធ្លី​នៅ​កម្ពុជា​បន្តទៀត​៕ ល​

​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីកចំរើន​