ទុន​, ទន់​, ទុច្ចរិត​, សុចរិត​, ទង់​, ទុង​, សៅហ្មង​, សង្វាត

742
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ទុន ( ន​. ) ប្រាក់​ដើម​, របស់​ដើម គឺ​ប្រាក់​ឬ​របស់​សម្រាប់​ចាយ​, សម្រាប់​ប្រើ​ប្រកប កិច្ចការ ឲ្យ​ចម្រើន​ប្រយោជន៍​ឡើង : ដើមទុន​, ខាត​ទុន ។ ខាត​ទុន ខាតដើម ។

​ទន់ ( គុ​. ) ទីទៃ​ពី​រឹង គឺ​ដែល​បត់បែន​, ពត់​, ច្របាច់​ច្របល់​បាន មិន​បាក់​មិន​បែក : សាច់​ទន់ ។

​ទុច្ចរិត ទុ​ច​-​ចៈ​រ៉ិ​ត បា​.; សំ​. ( ន​. ) (​ទុ​ឝ្ច​រិត​) ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ​, វាចា​, ចិត្ត​, (​អកុសល​) : គប្បី​វៀរចាកទុច្ចរិត​, ទុច្ចរិត​ជា​អំពើ​ដែល​បណ្ឌិត​ត្រូវតែ​ចៀសវាង ។ ព​. ផ្ទ​. សុចរិត ។

​សុចរិត សុ​-​ចៈ​រ៉ិ​ត សំ​. បា​. ( ន​. ) ការប្រព្រឹត្ត​ល្អ​: កាន់​សុចរិត​, មាន​សុចរិត (​ហៅ សុចរិតធម៌ ក៏បាន​), មាន ៣ យ៉ាង​គឺ ការប្រព្រឹត្ត​ល្អ​ដោយ​កាយ ហៅ កាយសុចរិត​;… ដោយ​វាចា ហៅ វចីសុចរិត​; … ដោយ​ចិត្ត​សុទ្ធ ហៅ មនោ​សុចរិត ។ ព​. ផ្ទ​. ទុច្ចរិត ។ សុចរិតយុត្តិធម៌ សុចរិត​និង​យុត្តិធម៌​; យុត្តិធម៌​មាន​សុចរិត​ជា​ប្រមុខ​, ជា​ប្រធាន ។

​ទង់ ( ន​. ) ផ្ទាំង​សំពត់​ឬ​ចម្រៀក​សំពត់ ដែល​ដេរ​ឲ្យ​មាន​សណ្ឋាន​និង​ព័ណ៌​ឬ​រូប​ផ្សេងៗ សម្រាប់​ប្រើ​ជា​កិត្តិយស​ក្នុង​ប្រទេសមួយៗ​; ឬក៏​ប្រើ​ជា​គ្រឿង​សម្គាល់​តាម​សណ្ដាប់ សាសនា​នីមួយៗ​; ប្រើ​ជា​គ្រឿង​បូជា​ក៏មាន​; សូម្បី​ធ្វើ​ដោយ​ក្រដាស​ក៏​ហៅ​ទង់ ដែរ ។
( កិ​. ) ទាញ​ទាំងពីរ​ខាង​ទៅវិញទៅមក​, ទាញ​ទៅ​ទាញ​មក​; ច្រើន​និយាយថា ទង់ទាញ ឬ ទាញទង់ គឺ​ទាញ​គ្នា​ទៅវិញទៅមក​, ប្រអូសប្រទាញ​គ្នា ។ ព​. ប្រ​. ដឹកនាំ​ចិត្តគំនិត អ្នកដទៃ​ឲ្យ​ប្រព្រឹត្ត​តាម : ខ្ញុំ​ខំ​ទង់ទាញ​វា​ណាស់ដែរ​ប៉ុន្តែ​គេ​មិន​តាម ។

​ទុង ( ន​. ) ឈ្មោះ​បក្សី​ពួក​មួយ មាន​រូបសណ្ឋាន​ជម​ពីមុខ​ពីក្រោយ​, កវែង​, ចំពុះ​វែង សំប៉ាត​, មាន​ចុង​ក្ងិច មាន​ស្បែក​ពី​ខាងក្រោម សណ្ឋាន​ថង់​, ជើង​ខ្លី ម្រាម​ជាប់​ដូច ជើង​ទា​, ហែល​ទឹក​មុជទឹក​បាន​, ហើរ​បាន​ខ្ពស់​; ទុង​មាន ២ ប្រភេទ គឺ ទុងសំពៅ មាន​សម្បុរ​-​សលាយ​សម្បុរ​ជម្ពូ (​ស​-​លាយ​ក្រហម​ស្រគាំ​), ទុងផេះ មាន​សម្បុរ​ប្រផេះ​, ទុង​ទាំង ២ ប្រភេទ​នេះ សុទ្ធ​តែមាន​មច្ឆជាតិ​ជា​អាហារ​ដូចគ្នា ។ ទុង​លយ​សំពៅ “​ទុង​បណ្ដែត​សំពៅ​” គឺ​ទុង​ហែល​ទឹក​តម្រៀប​គ្នា ។ ( ឧ​. ) សូរកាំភ្លើង​ធំ​ឬ​សូរ​អ្វីៗ ឯទៀត​បែក​, ផ្ទុះ : បាញ់កាំភ្លើង​ទុង ! ទូង ។​

​សៅហ្មង ស​. ( កិ​. ឬ គុ​. ) អាប់អន់​, មាន​មន្ទិល​, ប្រឡាក់​, មិន​បរិសុទ្ធ​, មាន​មោះហ្មង : ចិត្ត​សៅហ្មង​, សីល​សៅហ្មង​, របស់​សៅហ្មង ។ ប្រើ​ជា ន​. ក៏មាន : មាន​សៅហ្មង ។

​សង្វាត សង់​វ៉ាត ( កិ​. ) ខំប្រឹង​ខ្លាំង​, ខ្មីឃ្មាត​, ស្រវាស្រទេញ : សង្វាតធ្វើការ​, សង្វាត រៀន ។ សង្វាតឱហាត ឬ ឱហាត​សង្វាត ខំប្រឹង​ដោយ​ព្យាយាម​មិន​ដាច់ ។ ព​. កា​. ច្បាប់ក្រម​ថា : កុំ​ធ្វើ​រាយមាយ នឹង​គ្រូបាធ្យាយ ទុក​ស្មើ​អម្ចាស់ សង្វាត​សរសេរ​សូត្ររៀន ឲ្យ​ណាស់ ប្រាជ្ញា​យល់ច្បាស់​នាំ​ញាតិ​ទាំងឡាយ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា