ទុស្សេ​ខ្សែភ្លើង​លើ​បង្គោល​រាល​ចូល​ដល់ផ្ទះ​ឆេះ​អស់​៤​ល្វែង​ខូចខាត​ទ្រព្យសម្បត្តិ​សន្ធឹកសន្ធាប់​

52
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អាជីវករ​ចំនួន​៤​ល្វែង​ជាប់​គ្នា​ផ្តើមចេញពី​ទុស្សេ​ខ្សែភ្លើង​នៅលើ​បង្គោល​ភ្លើង​ខាងក្រៅ​ផ្ទះ​ឆេះ​រាល​ចូលដល់​ក្នុងផ្ទះ​ជា​បន្តបន្ទាប់​អស់ទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​សន្ធឹកសន្ធាប់​។​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅតាម​ផ្លូវ​ចោមចៅ​ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង​ភូមិ​ត្រពាំង​ថ្លឹង​២​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​អាជ្ញាធរ​បានឱ្យដឹងថា​ផ្ទះ​អាជីវក​រទាំង​៤​ល្វែង​មាន​៣​ម្ចាស់​មួយ​ល្វែង​លក់​ពូក​គ្រែ​មួយ​ល្វែង​លក់​គ្រឿង​ម៉ូតូ​ជួសជុល​ម៉ូតូ​និង​២​ល្វែង​ជាប់​មាន​ម្ចាស់​តែមួយ​បើក​លក់​ម៉ូតូ​។​មុន​កើតហេតុ​នៅលើ​បង្គោល​ភ្លើង​ខាងមុខផ្ទះ​កើតមាន​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆេះ​ខ្សែភ្លើង​នៅលើ​បង្គោល​ហើយ​នាំគ្នា​ទៅ​ហៅ​ដាស់​ម្ចាស់ផ្ទះ​លក់​ពូក​តែ​មិន​ងើប​បើកទ្វារ​នៅឡើយ​។​

​ភ្លើង​ឆេះ​រាល​ចូលដល់​ក្នុងផ្ទះ​លក់​ពូក​ទើប​ផ្អើលឆោឡោ​កាន់តែខ្លាំង​ឡើង​ទោះជា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ក៏​មិនអាច​ទប់​ឈ្នះ​ភ្លើង​កាន់តែខ្លាំង​ឡើង​រាល​ចូល​ដល់ផ្ទះ​ជួសជុល​ម៉ូតូ​និង​បន្ត​ទៅផ្ទះ​លក់​ម៉ូតូ​ភ្លើង​កាន់តែ​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​ភ្លើង​ពេញបន្ទុក​តែម្តង ។

​ក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​អន្តរាគមន៍​ជា​បន្តបន្ទាប់ សរុប​១៩​គ្រឿង មកពី​អង្គភាព​៧១១​កងពលតូច​លេខ​៧០​ចំនួន​៣​គ្រឿង​អាវុធហត្ថ​ក្រុង​១​គ្រឿង​ស្នងការ​ក្រុង​និង​រថយន្ត​ឯកជន​ចំនួន​១៥​គ្រឿង​រួមសហការ​បាញ់​ទឹក​ពន្លត់​ភ្លើង​រហូតដល់​វេលា​ម៉ោង​៧​និង​៥០​នាទី​បន្ទាប់ ទើប​គ្រប់គ្រង​បាន ភ្លើង​រលត់ទៅវិញ ៕S/​