ទុស្សេ​ខ្សែរ​ភ្លើង​ពេល​ម្ចាស់ផ្ទះ​ចាក់សោរ​ចេញទៅ​ក្រៅ អគ្គិភ័យ​ឆេះ​ម៉ត់​

562
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖​ អគ្គិភ័យ​មួយ​បានកើត​ឡើង បណ្តាលអោយ​ផ្ទះ​ពលរដ្ឋ​២​ល្វែង​បី​ខ្នង​១​កន្លែង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ក្តា ក្រាល​ក្តា ដែលមាន​បណ្តោយ​ប្រវែង​១១.៩៣​ម៉ែត្រ គុណ​នឹង​ទទឹង​ប្រវែង​៦.៣០​ម៉ែត្រ ត្រូវបាន​ក្លាយជា​ចំណី​ភ្លើង​ម៉ត់​តែម្តង ខណៈពេលដែល​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ចេញទៅ​ក្រៅ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ជីក្រែង មកជួយ​ទាន់ មិន​បណ្តាលអោយ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង ប៉ុន្តែ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​ឡើយ​។

ហេតុការណ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បាន​កើតឡើង​នៅវេលា​ម៉ោង​១៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ច្រាំង​ខ្ពស់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង បាន​ប្រាប់ថា ដោយមាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​អគ្គីភ័យ​កើតឡើង​ឆេះ​ផ្ទះ​២​ល្វែង​បី​ខ្នង​១​កន្លែង ដែលមាន​ទីតាំង​ខាងលើ ទើប​រូបលោក​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ជីក្រែង ចេញទៅ​ជួយ​ចំនួន​៣​ឡាន​និង ប្រើប្រាស់​ទឹក​អស់ទាំង​៣​ឡាន ទើប​ជួយ​បាន​ទាំងស្រុង មិនអាច​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។​

លោក​បាន​បញ្ជាក់ថា មូលហេតុ​បណ្តាលឲ្យមាន​អគ្គីភ័យ​នេះ គឺ​បណ្តាលមកពី​ទុស្សេរ​ខ្សែរ​ភ្លើង​ក្នុងផ្ទះ ខណៈពេលដែល​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​បិទទ្វា​ចាក់សោរ​ផ្ទះ ចាក​ចេញទៅ​ក្រៅ ហើយ​ជនរងគ្រោះ​ក៏បាន​ឮស្នូរ​ផ្ទុះ​ចេញពី​ក្នុងផ្ទះ ក៏ប៉ុន្តែ​មិនបាន​ចាប់អារម្មណ៍ ទើប​ធ្វើឱ្យ​ឆេះ​ផ្ទះ​របស់គាត់​អស់ទាំង​ស្រុង​។​

​ម្ចាស់ផ្ទះ​រងគ្រោះ​គឺមាន​ឈ្មោះ ស៊ីន រិទ្ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ច្រាំង​ខ្ពស់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ សម្ភារៈ​ដែល​ខូចខាត​ក្នុង​ហេតុការណ​អគ្គីភ័យ​នេះ​រួមមាន ស្រូវ​ចំនួន​៨​កា​រ៉ុង ប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក ក្រវិល​៣​ហ៊ុន ទូ​១ គ្រែ​១ ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕B/