ទុស្សេ​ចរន្តអគ្គិសនី​ឆាបឆេះ​ក្លឹប​កម្សាន្ត បណ្តាលឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ជិត​២០​ម៉ឺន​ដុល្លារ​

1253
ចែករម្លែក

ដោយ​: បូកគោ
​កំពត​:
ក្លឹប​កម្សាន្ត​មួយកន្លែង បាន​រង​ការឆាបឆេះ បណ្តាលឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​មានតម្លៃ​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​ក្នុងភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត​។​

​លោក ខៀវ រិ​ទ្ធិ​ភ័​ណ្ឌ អភិបាលស្រុក​ឈូក បាន​ប្រាប់​ឱ្យដឹងថា ម្ចាស់​ក្លឹប​រងគ្រោះ​ឈ្មោះ ស៊ុម រដ្ឋា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ លោក​អភិបាលស្រុក​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​មួយកន្លែង​ឈ្មោះ លេ ជេន ស្ថិតក្នុង​ភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក​។ ភ្លើង​បាន​រលត់ទៅវិញ​នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ស្រុក​ឈូក ស្រុក​ជុំ​គិរី និង​ស្រុក​ដងទង់​ជាង​៣០​នាក់​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ៣​គ្រឿង ចំណាយ​ទឹក​អស់​១១​ស៊ីទែន​។ ទោះបី​មិនមាន​នរណាម្នាក់​រងគ្រោះ​ថ្នាក់ ប៉ុន្តែ​ទ្រព្យសម្បត្តិ និង​សំណង់​អគារ​ថ្ម​ប្រក់​ស័ង្កសី​ទំហំ​១១​ម៉ែត្រ​គុណ​នឹង​២៨​ម៉ែត្រ​ត្រូវ​ខូចខាត​គ្មាន​សល់​។

​លោក ខៀវ រិ​ទ្ធិ​ភ័​ណ្ឌ បាន​បញ្ជាក់ថា ទំហំ​នៃ​ការខាតបង់​ក្នុងករណីនេះ គិត​ជាត​ម្លៃ​អស់​ប្រមាណ​ប្រហែល​១៨​ម៉ឺន​ដុល្លារ​។ តាម​ការពិនិត្យ​របស់​សមត្ថកិច្ច និង​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ការឆាបឆេះ​នេះ​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​៕ ល​