ទូក​ចែវ​ឈ្មោះ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ​ក្រុង​កំពង់ឆ្នាំង​ធ្វើ​ក្រុង​ពាលី​រំកិល​ចូល​ទន្លេ​

223
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខនេះ​។​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​បានរៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​រំកិល​ទូក​ចែវ​ឈ្មោះ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ​របស់​វត្ត​ទេពធីតា​រ៉ា​ម​ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចូលទៅក្នុង​ទន្លេ​ដើម្បី​ហ្វឹកហាត់ ។

​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​សប្បាយ នេះ ធ្វើឡើង​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​យិន សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ធន​ធឿន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​ព្រមទាំង​មាន​ចូលរួម​ពី​ក្រុម​កីឡាករ​មន្ត្រីរាជការ​ការន​និង​ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង​ផងដែរ ។

លោក​យិន​សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​ដោយ​លើកឡើងថា​ថ្ងៃនេះ​គឺជា​ថ្ងៃ​មហា​ជោគជ័យ សិរី​សួរ​ស្តី និង វិសេសវិសាល​បំផុត ដោយ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បានធ្វើ​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បារមី​វត្ថុ​សក្តិ​សិទ្ធ​តាម​ថែរក្សា​អភិបាល​ដល់​កីឡាករ​ចំណុះ​ទូក​ចែវ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ​ឱ្យបាន​សុខ​សប្បាយ​ជោគជ័យ​គ្រប់ពេលវេលា​ទាំង​ក្នុងពេល​ហ្វឹកហាត់​និង​ពេល​ទៅ​ប្រកួត នៅ​រាជធានី​ភ្នំពេញ ។

​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បានឱ្យដឹងថា​ទូក​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ​នេះ​ទើបនឹង​ជួសជុល​រួចរាល់​ហើយ​ជា​ស្ថាពរ​ក្រោម​ការជួយ​ឧ​ត្ថ​ម្ភ​ជ្រោមជ្រែង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​សប្បុរសជន​នានា​ហើយ​នៅថ្ងៃនេះ​ទូក​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ​បាន​រំកិល​ចុះទៅ​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​ទឹកទន្លេ​សាប ផ្សារ​ក្រោម​មុខ​ភ្នំ​នាង​ក​ង្រី ដោយមាន​ក្បួន​ហែរ​ហម​ជាច្រើន​ផងដែរ ។​

​លោក​យិន​សា​វ៉េ​ន​បានឱ្យដឹងថា​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ឋ​មាន​ប្រវែង​៣៣​ម៉ែត្រ​មាន​ចំណុះ​ជើងចែវ​៤៦​នាក់​សរុប​រួមទាំង​អស់ទាំង​កីឡាក​បម្រុង​មាន​ចំនួន​៦៦​នាក់​។​សម្រាប់​ទូក​ឈ្មោះ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ឋ​របស់​ក្រុង​កំពង់ឆ្នាំង​ធ្លាប់បាន​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ចំនួន​៤​ឆ្នាំ​ជាប់ៗ​គ្នា​។​ដោយ​កាលពី​ឆ្នាំ​២០១៦​ទទួលបាន​លេខ​១​ទាំង​ល្បឿន​និង​សោ​ភ័​ណ្ឌ​ភាព​,​ឆ្នាំ​២០១៧​ទទួលបាន​ផែន​លេខ​២​ឆ្នាំ​២០១៨​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ទៀត និង នៅ​ឆ្នាំ​២០១៩​នេះ សង្ឃឹមថានឹង​ទទួលជោគជ័យ ជាថ្មីទៀត ទាំង​ល្បឿន និង សោ​ភ័​ណ្ឌ​ភាព​។​

​នៅក្នុង​ឱកាស​ដែល​ក្រុម​កីឡាករ​ចំណុះ​ទូក​ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធ របស់​វត្ត​ទេពធីតា​រ៉ា​ម ធ្វើការ​ហ្វឹកហាត់​នេះ​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ធន​ធឿន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង បាន​ឧបត្ថម្ភ មី ,​ទឹកក្រូច​, ទឹក​សុ​ទ្ឋ និង ថវិកា​១​លាន​៥០​ម៉ឺន​រៀល ដល់​ក្រុម​កីឡាករ​ផងដែរ​៕S/​