ទូក ង បំបែក​ឯតទគ្គ​កម្ម​ពិភពលោក នឹងដាក់​បង្ហាញ​នៅមុខ​វាលមេរុ​ហ៍ ពីថ្ងៃ​ទី​២៤-៣០​ខែវិច្ឆិកា

1417
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ទូក ង វែង​ជាងគេ​ប្រវែង​ជិត ១០០​ម៉ែត្រ របស់​កម្ពុជា ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records បានដាក់​បង្ហាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ទស្សនា​ចាប់ពី​ថ្ងៃទី​២៤-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​កំណាត់​វិថី​សម្តេច​សុធារស ទល់មុខ​ខាងកើត​វាលមេរុ​ហ៍ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ ការដាក់​តាំង​បង្ហាញ​នេះ គឺ​បន្ទាប់ពី​ទូក ង វែង​ជាងគេ បាន​ចូលរួម​នៅក្នុង​ព្រះរាជ​ពិ​ធិ​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ទូក ង មាន​ប្រវែង​បណ្តោយ​សរុប ៨៧.៣០​ម៉ែត្រ ទទឹង​ធំ​បំផុត​ប្រវែង ១.៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០.៨០ ម៉ែត្រ កម្រាស់​ឈើ​សាច់​ទូក ៧​សង់ទីម៉ែត្រ ដែល​អាច​ផ្ទុក​ចំណុះ​ទូក​បាន​ចំនួន ១៧៩ នាក់​។ ទូក ង នេះ​ធ្វើ​ពី​ឈើ​គគីរ ចំនួន ៦​ដើម ហើយ​ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ត្រូវបាន​ឆ្លាក់​ជា​កន្ទុយ​ហង្ស​។ ការផលិត បាន​ប្រើប្រាស់​រយៈពេល​ចំនួន ១៩២​ថ្ងៃ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ផលិត​មាន​ប្រមាណ ១៤.២៦៣​នាក់ ។ ទូក ង នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​”​។

​លោ​កស សុខា ប្រធាន​ក្រុម​គណៈកម្មការ​ផលិត​ទូក ង បាន​ថ្លែងថា ការផលិត​ទូក ង នេះ រៀបចំឡើង​ក្នុង​គោ​លប​បំណង​ធំៗ​បី គឺ​១. រំឭក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជាពិសេស​រំឭក​ឡើងវិញ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី​។ ២.​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹង​កាន់តែច្បាស់​ថា កម្ពុជា​អាចបង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​ផ្សេងៗ ក្នុងចំណោម​កិច្ចការងារ​ដ៏​ធំ​។ ៣.​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។ ទូក ង នេះ បាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​ខ្មែរ​”​។​

​សូមជម្រាបថា ទូក ង វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយមាន​ការចូលរួម​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង Guinness World Records ចុះមក​ពិនិត្យមើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់ស្តែង​។​

​គណៈកម្មការ​ផលិត​ទូក ង បាន​បញ្ជាក់ថា កំណត់ត្រា​ថ្មី​នេះ នឹង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ដេ​ង​ថា កម្ពុជា​កំពុង​ស្ថិតក្នុង​បរិយាកាស​សប្បាយរីករាយ​ជា​សុខសន្តិភាព និង​ការអភិវឌ្ឍ​អត់​ឈប់ឈរ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ ក្រោយ​ការបោះឆ្នោតជាតិ​នាពេល​ថ្មីៗ​កន្លងមកនេះ​៕