ទូក ង វែង​ជាងគេ​ប្រវែង​របស់​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

2837
ចែករម្លែក
  • 95
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ទូក ង វែង​ជាងគេ​ប្រវែង​ជិត ១០០​ម៉ែត្រ បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​។ លោក Pravin Patel ជា​អ្នក​វិ​ច្ឆ័​យ​និង​ពិនិត្យមើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​ទូកង​វែង​ជាងគេ​។ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ និង​លោកជំទាវ អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូក «​ង​» វែង​ជាងគេ លើ​ពិភពលោក​នេះ​។​

ទូក ង វែង​ជាងគេ​ប្រវែង​របស់​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

​ទូក ង មាន​ប្រវែង​សរុប​៨៧,៣០ ម៉ែត្រ និង​ទទឹង​ធំ​បំផុត​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​។ មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​។​

​កម្មវិធី​កំណត់ត្រា​បំបែក​ឯតទគ្គ​កម្ម​ពិភព លោក ទូក ង វែង​ជាងគេ បាន​ប្រព្រឹត្តទៅ នៅ​តំបន់​ទី ប្រជុំ ជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយមាន​ការចូលរួម​តំណាង Guinness World Records ចុះមក​ពិនិត្យមើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់ស្តែង​។

​ទូកង​ដែលមាន​ប្រវែង វែង​ជាងគេ​លើ​ពិភពលោក ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​”​។​

​ទូក ង នេះ​ធ្វើ​ពី​ឈើ​គគីរ ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ឆ្លាក់​ជា​កន្ទុយ​ហង្ស​។ ដោយ​ត្រូវ​ប្រើ​ឈើ​គគីរ​ចំនួន​៦​ដើម​ដើម្បី​ផលិត​។ ហើយ​កាត​ផលិត​ប្រើ​រយៈពេល ១៩២​ថ្ងៃ​។​

ទូក ង វែង​ជាងគេ​ប្រវែង​របស់​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

​លោក ស សុខា ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​បាន​ថ្លែងថា គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក ង ដែល​វែង​ជាងគេ គឺមាន​បី​ចំណុច​សំខាន់ៗ មានដូចជា​៖
១-​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជា​ពិសេស​​រំលឹក​ឡើងវិញ​នូវ​ស្នារ​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី​។
២-​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹង​កាន់តែច្បាស់​ថា​កម្ពុជា​អាចបង្កើត​ស្នារ​ដៃ​ដ៏​អស្ចារ្យ​មួយ​។
៣-​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរ​ដំណែល​ពី​ដូនតា​។​

​លោក​បាន​បន្តថា “​ការធ្វើ​ទូកង​វែង​ជាងគេ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បាន​អ្វី ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក​។ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា​ជា​ធ្លុង​មួយ​តាមរយ​:​ការកសាង​ទូក ង វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់ ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ​។ ដើម្បី​បណ្តុះ​ឆន្ទ​:​កូន​ខ្មែរ​យើង ឱ្យ​នាំគ្នា​បង្កើត​នូវ​អ្វីដែល​អស្ចារ្យ​សំរាប់​ខ្មែរលើ​ឆាក​អន្តរជាតិ ចៀសវាង​ការយក​ពេលវេលា​មាន​តំលៃ ទៅ​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង បង្ហោះ​ម៉ូតូ និង​ក្មេង​ទំនើង ជាដើម​”​។​

​សូមជម្រាបថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បានធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ទូកង​ដែលមាន​ប្រវែង សរុប​៨៧,៣០ ម៉ែត្រ ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។​

​គួរ​បញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕​សរន

ទូក ង វែង​ជាងគេ​ប្រវែង​របស់​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក