ទូត​កម្ពុជា​នៅ​កូរ៉េ​យកចិត្តទុកដាក់​គិតគូរ​ដល់​ពលករ​កម្ពុ​ជា​នៅ​បំរើការ​ងារ​ទៅ​ប្រទេស​កូរ៉េ​,​សុំ​ថៅកែ​ជ្រើសរើស​បន្ថែម​

581
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េ បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ពលករ​កម្ពុ​ជា​ដែល​បំរើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ដោយបាន​ស្នើឱ្យ​អាជ្ញាធរ និង​ថៅកែ​រោងចក្រ​នៅ​កូរ៉េ បន្ដ​យកចិត្តទុកដាក់ និង​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​កូរ៉េ​បន្ថែមទៀត​។​
​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​ក្នុងពេលដែល​លោក និង​ក្រុមការងារ​ទីប្រឹក្សា​ការងារ​ទទួលបន្ទុក​ព​លករ សហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រឹក្សា​យោបល់​ជនបរទេស​នាទី​ក្រុង​អាន​សាន ចុះ​ទស្សនៈកិច្ច និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ចំនួន​១០​នាក់ នៅ​រោងចក្រ Changdae Metal (​រោងចក្រ​ផលិត​តួ​ម៉ាស៊ីន​របស់​រថយន្ដ​) នា​តំបន់​អាន​សាន​។
​ក្នុងនោះ​លោក ឯកអគ្គរាជទូត ក្នុងឱកាស​នោះបាន​ថ្លែងអំណរគុណ​ជា​អនេក​ដល់​សាលាក្រុង​អាន​សាន និង​មជ្ឈមណ្ឌល​ប្រឹក្សា​យោបល់​ជនបរទេស​នាទី​ក្រុង​អាន​សាន​ដែល​តែងតែ​សហការ​បង្កលក្ខណៈ​ដល់​ស្ថានទូត​កម្ពុជា​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​អាន​សាន និង​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រោងចក្រ Changdae Metal លោក ស៊ុ​ង ក្វាង​ស៊ង ដែល​បាន​ស្រលាញ់​ថែទាំ​ពលករ​កម្ពុជា​ទាំង​១០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​របស់លោក និង​ស្នើ​ដល់​លោក​ថៅកែ​សូម​បន្ដ​ជ្រើសរើស​ពលករ​កម្ពុ​ជាប​ន្ថែ​ម​ទៀត​នៅពេលដែល​ពង្រីក​រោងចក្រ​។​
​ជាមួយគ្នា​នោះ​លោក​ឯកអគ្គរាជទូត​នៅបាន​សូម​លើកទឹកចិត្ត​ដល់​ថៅកែ​រោងចក្រ​នៅ​កូរ៉េ​ឱ្យមក​បណ្ដាក់ទុន​បើក​រោងចក្រ​នៅ​កម្ពុជា​ដើម្បី​ជ្រើសរើស​អតីត​ពលករ​ដែល​បាន​ចប់​អាណត្តិ​ធ្វើការ​ដើម្បី​បន្ដ​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេ​៕