ទូត​កូរ៉េ​សរសើរ​រដ្ឋមន្ត្រី ជា សុផារ៉ា ដោះស្រាយ​បញ្ចប់​ករណី​វិវាទ​ដីធ្លី ដោយ​ជោគជ័យ ប្រសិទ្ធភាព​និង​តម្លាភាព​

989
ចែករម្លែក
ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូ ណាក់​យ៉ុង ជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​នៅ​ទី​ស្តី​ក្រសួង នា​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ (​រូបៈ​ផល​)

ដោយ​: សុផល / ភ្នំពេញ​: ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូ ណាក់​យ៉ុង​(Oh Nak Young )​បាន​កោតសរសើរ​ចំពោះ​លោក ជា សុផារ៉ា ដែល​បាន​ខិតខំ​ដោះស្រាយ​បញ្ចប់​ករណី​វិវាទ​ដីធ្លី​នាពេល​កន្លងមក​ប្រកបដោយ​ជោគជ័យ ប្រសិទ្ធភាព និង​តម្លាភាព ជាពិសេស​ករណី​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​តែម្ដង​។​

​លោក​ឯកអគ្គរដ្ឋទូត​បានឱ្យដឹងថា​៖​កន្លងមក​ក្រុមហ៊ុន​កូរ៉េ​មួយចំនួន​មិនបាន​ឆ្លងកាត់​ក្រសួង​ដែលជា​សមត្ថកិច្ច​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ឡើយ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ បានធ្វើការ​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​មិន​ផ្លូវការ​ដូច្នេះ​ទើប​ធ្វើឱ្យ​សំណុំរឿង​កាន់តែ​ស្មុគស្មាញ​បន្ថែមទៀត​។ ករណី​មួយចំនួនទៀត ក៏​ពួកគេ​មិនបាន​រាយការណ៍​មក​ស្ថានទូត​ឱ្យបាន​ដឹង ដើម្បី​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​ឡើយ​។ ទន្ទឹមនេះ​នេះ លោក​នឹង​ប្រមែប្រមូល​សំណុំរឿង​វិវាទ​ដីធ្លី​របស់​ក្រុមហ៊ុន​វិនិយោគ​របស់​ទាំងអស់នោះ ដាក់ជូន​ក្រសួង​ដែលជា​សមត្ថកិច្ច​ផ្លូវ​ការជួយ​ដោះស្រាយ​។​

​ការលើកឡើង​ដូច្នេះ​របស់លោក អូ ណាក់​យ៉ុង គឺ​នៅពេលដែល​លោក​ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​នៅ​ទី​ស្តី​ក្រសួង នា​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​សង្កត់ធ្ងន់ថា​«​ទោះបី​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​មួយចំនួន​មាន​វិវាទ​ដីធ្លី​ក៏ដោយ ក៏​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េ នៅតែ​មិន​ប្រែប្រួល និង​បន្ត​រឹងមាំ​ជា​រៀងរហូត​»​។​
​ជាមួយគ្នានេះដែរ លោក​ទូត​ក៏បាន​ស្នើឱ្យ​កម្ពុជា ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រៀបចំ​សំណើសុំ​ជំនួយ​ពី​សាធារណរដ្ឋ​កូរ៉េ​ដាក់ជូន​តាមរយៈ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្ថានទូត​នឹង​ពិនិត្យ​លទ្ធភាព រួច​បញ្ជូនទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កូរ៉េ​ឱ្យជួយ​។

​ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ស្នើសុំ​មន្ត្រី​ជំនាញ​បច្ចេកទេស​ពី​សាធារណរដ្ឋ​កូរ៉េ ចំនួន ២​រូប មួយ​ជួយ​លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម មួយទៀត​ជួយ​លើ​ការងារ​សំណង់​។ ទន្ទឹមនេះ លោក ក៏បាន​ស្នើសុំ​ដាក់​មន្ត្រី មួយចំនួន​របស់​ក្រសួង ដើម្បី​ធ្វើការ​ទំនាក់ទំនង និង​ស​ម្រេ​ប​សម្រួល​ជាមួយ​មន្ត្រី​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ​។

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០១៤ សម្ដេច​តេ​ជោ​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន ៦​លើក ហើយ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ចំនួន​៣​លើក​ផងដែរ​។ ដោយឡែក​ការ​វិយោគ នៅ​ឆ្នាំ​២០១៧​ទុនវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា មាន​ចំនួន​២០២,៥២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ភ្ងៀ​វ​ទេសចរ​សាធារណរដ្ឋ​កូរ៉េ​មកលេង​កម្សាន្ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង ៣១​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៧​។ ដោយឡែក នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​ពលករ​ឱ្យទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចំនួន​ជិត​៦​ពាន់​នាក់​៕ ល​