ទូត​ខ្មែរ​នៅ​អាម៉េរិក​ថ្កោលទោស​ក្រុមហ៊ុន Amazon យក​រូប​ប្រាសាទ​ខ្មែរធ្វើគម្របនិងកម្រាល​បង្គន់

1351
ចែករម្លែក
  • 42
    Shares

ដោយៈមុន័ត្ន/ភ្នំពេញៈ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាម៉េរិក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​អប្សរា បាន​ថ្កោលទោស​ក្រុមហ៊ុន Amazon ដែល​បាន​យក​រូបភាព នៃ​ប្រាសាទ​អង្គរ អង្គរវត្ត តា​ព្រហ្ម បាយ័ន និង​បឹងមាលា ធ្វើជា​រូបភាព នៃ​ផលិត​​ផល​ដែល​បង្ក​ភាពអាម៉ាស់ ក្នុងនោះ​រួមមាន គម្រប​បង្គន់ កំរាល​បន្ទប់ទឹក កំរាល​ជើង​មុខ​បង្គន់ វាំងនន​ងូតទឹក និង​កំរាល​ផ្ទះបាយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ស្ថា​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។


ស្ថា​នទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាម៉េរិក​បាន​បន្តថា លើសពីនេះទៅទៀត ក្រុមហ៊ុន​ផលិត​បាន​ប្រើប្រាស់​វិធី​គួរ​ឲ្យ​ស្អប់ខ្ពើម​ដោយ​ប្រើប្រាស់​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​រចនា​នៃ​កម្រាល​បន្ទប់ទឹក (​កម្រាលព្រំ និង​បង្គន់​)​។ ទំនិញ​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើ​ត្រូវបាន​ដាក់លក់​ដោយ​ក្រុមហ៊ុន Amazon នៅលើ​គេហទំព័រ amazon.com និង amazon.fr​។
ជាមួយគ្នានេះ ស្ថាន​ទូត​កម្ពុជា​ បាន​ថ្កោលទោស​បណ្តា​ក្រុមហ៊ុន​ផលិត នៃ​ផលិត​ផល​ទាំងអស់នេះ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​ជាបន្ទាន់​នូវ​ការលក់​របស់​ខ្លួន ដោយ​ដក​ចេញពី​គេហទំព័រ​នូវ​ផលិតផល​ទាំងនេះ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ និង​កិត្យានុភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ស្ថានទូត​បានធ្វើ​ការតវ៉ា និង​ទាមទារ​ខាងលើ ជាមួយ​សេវាកម្ម​អតិថិជនរ​របស់​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។ លោក​ជុំ សុន្ទរី ឯកអគ្គរាជ​ទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋ​អាម៉េរិក បានធ្វើ​លិខិត​ជូន​ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន Amazon ធ្វើការ​ត​វ​វ៉ា និង​ទាមទារ​ដូចគ្នានេះ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​


​ស្ថា​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាម៉េរិក​បាន​បន្តថា អគ្គនាយក នៃ​អាជ្ញាធរ​អប្សរា ក៏បាន​ផ្ញើលិខិត​ទៅកាន់​ក្រុមហ៊ុន Amazon តវ៉ា​ចំពោះ​ការលក់​ល​ផលិតផល​ទាំងនេះ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន ហើយ​បាន​សង្កត់ធ្ងន់ថា “​វា​មិនមែនជា​ការចាំបាច់​ទេ ក្នុងការ​ទទូច​លើ​ចរិតលក្ខណៈ​ថោកទាប នៃ​ការប្រើប្រាស់​នេះ ហើយ​ការផ្សព្វផ្សាយ​ផលិតផល​ដែល​បង្ក​ភាពអាម៉ាស់​ទាំងនេះ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​”​។​
គួរបញ្ជាក់ ប្រាសាទ​អង្គ អង្គរវត្ត តា​ព្រហ្ម បាយ័ន និង​បឹងមាលា បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​អង្គការ​អភិរក្ស​អន្តរជាតិ (​យូណេស្កូ​) ចាប់តាំងពី​ឆ្នាំ​២០១៧​។​


​ចំណែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ស្នើសុំ​អន្តរាគមន៍ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ទប់ស្កាត់​ចរាចរ​លក់​កម្រាល​ជើង​ក្នុង​បន្ទប់ទឹក គម្រប​​ចាន​បង្គន់ និង​វាំងនន​ងូតទឹក ដែលមាន​រូប​ទង់ជាតិ​កម្ពុជា ប្រាសាទបុរាណ និង​រូបភាព​សិល្បៈ​ខ្មែរ​ផ្សេងទៀត​។​
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា ការ​ចរាចរ​ទំនិញ​ទាំងនោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រមណីយដ្ឋាន​អង្គរ អត្តសញ្ញាណ​ជាតិខ្មែរ​។ ទំនិញ​ខ្លះ​ក្នុងចំណោម​នោះ ត្រូវបាន​ដាក់លក់​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៨ មកម្ល៉េះ ឯ​ទំនិញ​ខ្លះទៀត ទើបតែ​ដាក់​ឲ្យ​ចរាចរ​នៅ​ចុងឆ្នាំ​២០១៨ ប៉ុណ្ណោះ​។ ក្រសួង​ក៏បាន​ស្រាវជ្រាវ​រកឃើញ​ផងដែរ​ថា ទំនិញ​ទាំងនោះ ភាគច្រើន​មាន​ប្រភព និង​ទីតាំង​ផលិត​នៅក្នុង​ប្រទេស​ចិន​។


​ជាមួយគ្នានេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានស្នើ​ឲ្យ​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ពិនិត្យ​លទ្ធភាព​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ នៅតាម​វិ​ប​សាយ និង​ទំនាក់ទំនង​សង្គម​មួយចំនួន​។ ក្រសួង​បានស្នើ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​បាន​ផ្ញើលិខិត​ដាច់ដោយឡែក​មួយទៀត​ទៅ​កាន់​ក្រុមហ៊ុន Amazon ដើម្បី​សុំ​បញ្ឈប់​ចរាចរណ៍​លក់​ផលិតផល​ទាំងនោះ​ផងដែរ​៕​សរន