ទូត​ចិន​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​នៃ​ទូត​អាមេរិក​រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​

387
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បន្ទាប់ពី​ស្ថានទូត​អាមេរិក​បាន​សរសេរ​វាយប្រហារ​ចិន​យ៉ាង​ចាស់ដៃ​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា​។​តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។

ជាមួយគ្នានេះ​ស្ថានទូត​ចិន​ក៏បាន​សូមឱ្យ​មិត្ត​កម្ពុជា​ទាំងអស់​ចូរ​ប្រុងប្រយ័ត្ន​សហរដ្ឋអាមេរិក​កំពុងតែ​បង្កបញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វីដែល​គេ​ហៅថា​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​។​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២០​ខែមេសា​បានសរសេរថា​”​វា​គឺជា​រឿង​ធម្មតា​ទេ​ព្រោះ​នៅក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម​ស​កម្ម​ភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី​។

​នៅក្នុង​ករណី​កម្ពុជា​វិញ​ប្រទេស​កម្ពុជា​បាន​នាំចូល​នូវ​វត្ថុធាតុដើម​វាយនភ័ណ្ឌ​និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន​សម្រាប់​បម្រើ​វិស័យ​កាត់ដេរ​ខណៈដែល​ខ្លួន​បាន​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក​ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ផងដែរ​”​។​

ស្ថានទូត​ចិន​បាន​បញ្ជាក់ថា​“​នៅក្នុង​ករណីនេះ​វា​គឺជា​ភាព​សកម្ម​បំផុត​របស់​កម្មករ​ខ្មែរ​ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រៅពីនេះ ទំនាក់ទំនង​រវាងរ​ដ្ឋ និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ​ដើម្បី​ពាណិជ្ជកម្ម​នោះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន ៨ សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​ប្រវែង​សរុប​ជាង​៣,០០០​គីឡូម៉ែត្រ​។

​ចុះ​តើ​សហរដ្ឋអាមេរិក​វិញ​ធ្លាប់បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​មួយ​នេះ​?​ចិន​បាន​ជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា (​ស្មើនឹង ៨០%​នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែលមាន​ដំណើរការ​នៅ​កម្ពុជា​)​។ ចុះ​តើ​សហរដ្ឋអាមេរិក​បានធ្វើ​អ្វីខ្លះ​ដែរ​?”​។​

​ចំណែក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែមេសា បាន​សរសេរ​វាយប្រហារ​ចិន​ថា “​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា ។​តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។ ប្រហែល ៨៧​ភាគរយ នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើអោយមាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​។

នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅរក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​”។

ទាក់ទង​ការឆ្លើយ​ឆ្លង​គ្នា​រវាង​ទូត​មហាអំណាច​ចិន និង​ទូត​មហាអំណាច​អាមេរិកខាងលើនេះ លោក​ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័​ត៌មានបាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២០ ខែមេសា ថា “​ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង​។

អ្នក​«​វិភាគ​» នៅទីនេះ ខំ​បង្ហាញថា គឺ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ ។តែ​គេ​«​ភ្លេច​» បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ផងដែរ នោះ​គឺ​ទំហំ​វិនិយោគ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​តើ​មាន​ប៉ុន្មាន ? យើង​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ។ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​អគតិ​របស់ខ្លួន​ទៅវិញ​”​៕S/​