ទូត​ចិន​!​គម្រោង​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​នេះ​

957
ចែករម្លែក
  • 2.1K
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្នោះ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ដ៏​សំខាន់​ដែល​ប្រទេស​ចិន​កំពុង​ជំរុញ​ឱ្យចេញ​ជា​រូបរាង​បាន​ឆាប់​និង​អាចដាក់​ឱ្យ​ដំណើរការ​សាងសង់​នា​ថ្ងៃ​ខាងមុខ​។​ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​វ៉ាង​វិ​ន​ធាន​(WangWentian)​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ស​ន្និសិត​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​។​

​ទាក់ទិន​ទៅនឹង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​លោក​វ៉ាង​វិ​ន​ធាន​បាន​លើកឡើងថា​ក្នុង​គម្រោង​មួយ​នេះ​ចាំបាច់​ណាស់​ប្រទេស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ទើប​អាច​ចេញ​ជា​លទ្ធផល​មួយ​បាន​ឆាប់​និង​សម្រេចបាន​តាម​គោលដៅ​។​លោ​កថា​ចំពោះ​ថវិកា​ក្នុង​ការចំណាយ​ធ្វើ​ផ្លូវ​មួយ​នេះ​អស់​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​វា​ក៏​ជា​ផ្លូវ​ល្បឿន​លឿន​លេខ​១​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ចំពោះ​គម្រោង​មួយ​នេះ​នឹង​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ជាមួយ​កំពង់ផែ​ព្រះសីហនុ​ដោយមាន​ប្រវែង​ផ្លូវ​សរុប​១៩០​គីឡូម៉ែត្រ​ជាមួយនឹង​ការ​ត្រូវ​ចំណាយ​ពេលវេលា​៤​ឆ្នាំ​ហើយ​គេ​សង្ឃឹមថា​គម្រោង​នេះ​នឹង​បញ្ចប់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

​លោក​ឯកអគ្គរដ្ឋទូត​ចិន​បានឱ្យ​ដឹងផង​ថា​“​ខ្ញុំ​គិតថា​ប្រហែល​នៅក្នុង​ខែមីនា​យើង​នឹង​ចាប់ផ្តើម​គម្រោង​នេះ​យើង​គ្រោង​ថា​នឹង​ប្រមូល​ដី​នៅ​ចុងឆ្នាំ​២០១៩​នេះ​ជា​កិច្ចការ​ដ៏​សំខាន់​មួយ​។​គម្រោង​នេះ​នឹង​ផ្តល់​ប្រសិទ្ធិភាព​កាន់តែ​ខ្ពស់ ប្រទេស​ចិន​ក៏បាន​ជួយ​ដល់​ការសាងសង់​នៃ​សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​”​។​

ក្រៅពី​គម្រោង​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ​លោក​ឯកអគ្គរដ្ឋទូត​ចិន​ក៏បាន​ឱ្យ​ដឹងផង​ថា​ប្រទេស​ចិន​ក៏​កំពុង​ជំរុញ​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប​ឱ្យចេញ​ជា​លទ្ធផល​បាន​ឆាប់​នា​ឆ្នាំនេះ​ផងដែរ​។​សម្រាប់​អាកាសយានដ្ឋាន​ថ្មី​នេះ​គេ​រំពឹងថា​អាច​នឹងមាន​ភ្ញៀវ​ចេញចូល ក្នុង​មួយឆ្នាំៗ​ប្រមាណ​៧​លាន​នាក់​។

​ឥឡូវ​បាននិងកំពុង​សិក្សា​ខាង​ដីធ្លី​និង​ការកសាង​ផ្លូវ​ចូលក្នុង​អាកាស​យាន្ត​ដ្ឋា​ន​ហើយ​។​លោក​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះដែរ​ថា​”​នៅក្នុង​ឆ្នាំ​២០១៩​យើង​ចាប់ផ្តើម​ជំរុញ​ការស្ថាបនា​គម្រោង​ទាំងនេះ​គ្រោង​ថា​នៅក្នុង​ឆមាស​ទី​១​នៅក្នុង​ឆ្នាំ​២០១៩​យើង​នឹង​កសាង​មូលដ្ឋានចំនួន​ហើយ​ក្នុង​ឆ្នាំ​២០១៩​យើង​កសាង​មូលដ្ឋាន​ថូ​មី​ណូ​នៃ​អាកាស​យាន្ត​ដ្ឋា​ន​មួយ​នេះ​។​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​អាច​ដើរតួនាទី​ជំរុញ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍ គមនាគមន៍​ក្នុង​តំបន់ នៅក្នុង​ប្រទេស​កម្ពុជា​”​។

​គួរ​បញ្ជាក់ថា​កាលពី​ថ្មីៗ​មកនេះ​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានលើកឡើង​ថា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ខាងមុខនេះ​។​

ជាមួយគ្នា​គ្រឿងចក្រ​ដែលមាន​តម្លៃ​ប្រមាណ​ជា ១០០​លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មកដល់​កម្ពុជា​នៅ​ដំណាច់​ខែមករា​នេះ​ផងដែរ​។​ចំ​ណែ​អ្នកបច្ចេកទេស​-​វិស្វកម្ម​ចិន​ប្រហែល​២០០​នាក់ បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា ១.៩០០​លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោមរូបភាព​វិនិយោគ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT)​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹងត្រូវ ឆ្លងកាត់ រាជធានី ខេត្ត​ចំនួន​៤ គឺមាន រាជធានី​ភ្នំពេញ​ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី និង ខេត្ត​ព្រះសីហនុ ។​

​ក្នុងនោះ​គឺ​ឆ្លងកាត់​៦​ស្រុក​១​ខណ្ឌ​២​ក្រុង​៣១​ឃុំ​/​សង្កាត់​និង​១១០​ភូមិ​។​ផ្លូវ​ល្បៀ​ន​លឿន​នេះ​ក្រាល​បេតុង​កៅស៊ូ​AC​មាន​ប្រវែង​សរុប​ជាង​១៩០​គីឡូម៉ែត្រ​(​គិត​រួមទាំង​ស្ពាន​និង​លូ​ទាំងអស់​)​ហើយ​មាន​ទទឹង​សរុប​២៤,៥​ម៉ែត្រ​។​

ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត​២​គុណ​៣,៧៥​ម៉ែត្រ​សងខាង​ជាយ​ផ្លូវ​កៅស៊ូ​២,២​គុណ​២,៥​ម៉ែត្រ​សម្រាប់​ម៉ូតូ​ជាយ​ផ្លូវ​ដីក្រហម​២​គុណ​០,៧៥​សម្រាប់​ថ្មើរជើង​និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​៣​ម៉ែត្រ​ព្រមទាំង​មាន​ស្ពាន​៨៩​កន្លែង​។​នៅលើ​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​កន្លែង​ឈប់សម្រាក​ចំនួន​៤​កន្លែង​និង​ស្ថានីយប្រេងឥន្ធនៈ​៣​កន្លែង​ហើយក៏​មាន​របង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ទៀតផង​។​

​សូមបញ្ជាក់ថា​នៅ​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​និង​តំបន់​មួយចំនួន​នៅ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ជិត​មួយខែ​មកនេះ​គេ​ឃើញ​ក្រុមហ៊ុន​ចិន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​វាស់វែង​ផ្លូវ​ដែល​ត្រូវ​កាត់​សាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​នេះ​ផងដែរ​។​ជាមួយ​ការវាស់វែង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​ក៏បាន​ធ្វើឱ្យ​ដី​តំបន់​នេះ​ហក់លោត​តម្លៃ​ឡើង​ខ្ពស់​ស្មាន​មិន​ដល់​៕S/

លោក​វ៉ាង​វិ​ន​ធាន​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​តំបន់​ដី​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ដែល​ត្រូវបាន​គេ​កាត់​ធ្វើ​ផ្លូវ​ល្បឿន​លឿន​កំពុង​ហក់លោត​តម្លៃ​កប់​ពពក​(​រូប​៖​ដេប៉ូ​)​