ទូត​ចិន : ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ​

654
ចែករម្លែក

ដោយ : សុផល​/​ភ្នំពេញ ៖ ​បេសកកម្ម​ការទូត​របស់ លោក ស្យុ​ង ប៉ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា បាន​ឈានដល់​ចុង​អាណត្តិ​ហើយ​។ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា​។​

​ក្នុងឱកាស​នោះ​លោក ស្យុ​ង ប៉ បាន​ជម្រាប​សម្តេច​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ចិន ដែល​ប្រៀបដូចជា​គ្រួសារ​តែមួយ​។ ទាំង​សម្តេច និង​លោក​ឯកអគ្គរដ្ឋទូត​បា​ន​លើកឡើងថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​យើង​ទាំងពីរ ចិន​-​កម្ពុជា ដែល​បាន​កសាងឡើង​ដោយ​អតីត​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​អតីត​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​។ ទំនាក់ទំនង​ដ៏​យូរលង់​នេះ ត្រូវបាន​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​បច្ចុប្បន្ន បន្ត​លើកស្ទួយ​ឈានដល់​កម្រិត​ខ្ពស់បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ គឺ “​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ​។​

​ក្នុងនាម​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​អាណត្តិ​ការទូត​របស់​លោ​កេក​អគ្គរដ្ឋទូត​បា​នប​ន្ស​ល់​ទុក​នូវ​ស្នាដៃ​ជាច្រើន សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ ព្រមទាំង​បាន​ជម្រុញ​កិច្ចព្រមព្រៀង​គម្រោង​អភិវឌ្ឍន៍ ជាច្រើន ប្រែក្លាយ​ឲ្យ​ទៅជា​ការអនុវត្ត​ជាក់ស្តែង​។ ទាំងនេះ​បានបង្ហាញ​ពី លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការ​ជម្រុញ​អនុវត្តន៍​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​មិត្ត​ចិន​។​

​សម្តេច​បាន​លើកឡើងថា ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​មានការ​រីកចំរើន​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ប្រទេស​មាន​ទុនវិនិយោគ​ធំ​ទី​១​នៅ​កម្ពុជា ទន្ទឹមនឹងនោះ​ក៏បាន​ចាត់វិធានការ ដើម្បី​ពង្រឹង​ការនាំ​ចូល​ពី​ប្រទេស​កម្ពុជា លើ​ផលិតផល កសិកម្ម​ជាច្រើន​ប្រភេទ​។​

“​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទោះបី​ឯកឧត្តម បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​ទៅ​បំពេញ​តួនាទី​ថ្មី​នៅក្នុង​ស្ថាប័ន​ណាមួយ​ក៏ដោយ ឯកឧត្តម​នឹង​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។ ខ្ញុំ​សូម​ជូនពរ ឯកឧត្តម​មាន​សុខ​ភាពល្អ និង​និវត្តន៍​ទៅកាន់​មាតុប្រទេស​វិញ​ប្រកបដោយ សុវត្ថិភាព និង​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​បន្តបន្ទាប់​ទៀត​” នេះ​ជាការ​គូសបញ្ជាក់​របស់​សម្តេច​ប្រធានរដ្ឋសភា​។​

​លោក ស្យុ​ង ប៉ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ចំណាយ​ពេលវេលា​មានតម្លៃ ទទួល​ជួប​ឯកឧត្តម​ដើម្បី​ជម្រាបលា នៅពេល​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​បានបញ្ចប់​។ លោក​បាន​លើកឡើងថា បេសកកម្ម​ដែល​ទទួលបាន​ជោគជ័យ​ដ៏​ថ្លៃថ្លា​នោះ បើ​គ្មាន​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ពីស​ម្តេច និង​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទេ គឺ​មិនមាន​ផ្លែ​ផ្លា​បែបនេះ​ឡើយ​៕B

​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ បានអនុញ្ញាត​ឲ្យឯកអគ្គរដ្ឋទូត​ចិន បាន​ចូលជួប​សម្តែង​ការគួរសមនិង​ជម្រាបលា នៅ​វិមាន​រដ្ឋសភា​ (រូបថត ៖ សុផល)