ទូត​ជប៉ុន​!​ទោះបី​លោក​ត្រូវ​ទទួល​តួនាទី​ថ្មី​ប្រចាំ​ប្រទេស​ហូ​ល្លង់​ក្តី​លោក​នៅតែ​បន្ត​គាំទ្រ​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​

281
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​HidehisaHORINOUCHI​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា​។​

នៅក្នុង​ឱកាស​នោះ​លោក​HidehisaHORINOUCHI​បាន​មានប្រសាសន៍ថា​លោក​បាន​កត់សម្គាល់ថា ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​របស់​លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​បានទទួល​ជោគជ័យ​ក៏ដោយ​សារ​តែមាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​រដ្ឋសភា​រាជរដ្ឋាភិបាល​និង​គ្រប់​ស្ថាប័ន​ជាតិ​ដែល​ជំ​រុញឱ្យ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​មានការ​រីកចម្រើន​។​

​ជាមួយគ្នានេះ លោក​ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជាខ្លាំង ដោយ​ឃើញថា សេដ្ឋកិច្ចកម្ពុជា មានការ​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​មាន​កំណើន​យ៉ាងខ្លាំង​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម​និង​ទេសចរណ៍​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា​«​ទោះបីជា​លោក​ត្រូវ​ទទួល​តួនាទី​ថ្មី​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់​ក៏ដោយ​ក៏​លោក​នៅតែ​បន្ត​គាំទ្រ​ទាំង​ស្មារតី​និង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​កម្ពុជា​ដដែល​»​។​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ​បាន​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​បេសកកម្ម​ការទូត​របស់​លោក​ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដែល​បាន​រួមចំណែក​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ឱ្យ​ទទួលបាន​ផលប្រយោជន៍​ដ៏​ធំធេង​ទៅវិញទៅមក​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បានកត់សម្គាល់​ឃើញថា​លោក​ទូត​និង​ស្ថានទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បំពេញភារកិច្ច​យ៉ាង​ល្អប្រសើរ​និង​មាន​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ថ្នាក់ដឹកនាំ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​និង​ជាមួយនឹង​ក្រសួង​ស្ថាប័ន​អាជ្ញាធរខេត្ត​ក្រុង​ជាពិសេស​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​បញ្ជាក់ថា​ក្នុង​អាណត្តិ​របស់លោក​ទូត​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ជាច្រើន​ដូចជា​ជំនួយឥតសំណង​កម្ចីសម្បទាន​និង​ជំនួយ​បច្ចេកទេស​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​ទន្ទឹមនឹងនេះ​លោក​ក៏បាន​ជំរុញឱ្យមាន​កំណើន​វិនិយោគ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ព្រមទាំង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​វប្បធម៌​សិល្បៈ​កីឡា​អប់រំ​ជាពិសេស​ការផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ការផ្លាស់ប្តូរ​រវាង​យុវជន និង​យុវជន​ដ៏​ទូលំទូលាយ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់បំផុត​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ដែលមាន​ការ​រីកចម្រើន​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ​។​ទំនាក់ទំនង​ល្អ​នេះ​ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ និង​មន្ត្រីជាន់ខ្ពស់​គ្រប់​កម្រិត​ជា​ញឹក ញាប់​។​

​ក្នុងនាម​ព្រឹទ្ធសភា​និង​ក្នុងនាម​ប្រជាជន​កម្ពុជា​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ជំនួយឥតសំណង ឥណទាន​សម្បទាន​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​។ ជំនួយ​ជប៉ុន​មាន​អត្ថប្រយោជន៍​ដ៏​ធំធេង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​។​ទន្ទឹមគ្នានេះ​សម្តេច​ក៏បាន​អរគុណ​ចំពោះ​ជំនួយ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​។​

​ក្នុងនាម​ព្រឹទ្ធសភា​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ដែល​បានធ្វើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយនឹង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​សម្តេច​នឹង​ត្រៀមខ្លួន​ជានិច្ច​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត ជប៉ុន​ថ្មី​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ប្រសិទ្ធពរ​ជូន​ឯកឧត្តម​HidehisaHORINOUCHI​សូម​មាន​សុខ​ភាពល្អ​បរិបូណ៌​និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕S/

​ចំណងជើង​រូបថត​៖៖​លោក​HidehisaHORINOUCHI​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​ព្រឹទ្ធសភា​