ទូត​ថ្មី​របស់​អាម៉េរិក គួរតែ​ធ្វើ​បែបណា​សម្រាប់​កម្ពុជា​?

400
ចែករម្លែក

គិត​ចាប់តាំងពី​លោក វីលៀម អេ ហេ​ដស៍ ( William A. Heidt ) បានបញ្ចប់​បេសកកម្មជា​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា ដោយ​លោក​បាន​ចូលជួប​សំណេះសំណាល និង​ជម្រាបលា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ មកដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ គឺ​ប្រមាណ ១០​ខែ​គត់​។

​កាលពី​ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០១៩ លោក ប៉ា​ទ្រី​ក មឺ​ហ្វី ( Patrick Murphy ) បានធ្វើដំណើរ​មកដល់​ភ្នំពេញ​ដើម្បី​បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ប្រចាំ​កម្ពុជា​បន្ត​ពី​លោក វីលៀម ហេ​ដស៍​។​

​នៅពេល​មកដល់​ស្ថានទូត​អាម៉េរិកនៅ​ជិត​វត្តភ្នំ​ភ្លាម លោក​ឯកអគ្គរដ្ឋទូត ប៉ា​ទ្រី​ក មឺ​ហ្វី បាន​ចូលរួម​ជាមួយ​បុគ្គលិក​ខ្មែរ​និង​អាម៉េរិក ក្នុងការ​ធ្វើ​ពិធី​សែន​ព្រះ​ភូមិ​នៅក្នុងស្ថានទូត តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​។​

​គួររំលឹកថា​ កាលពីដើម​ខែសីហា ឆ្នាំ​២០១៩ ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក បានអនុម័តយល់ព្រម​លើ​សំណើ​របស់​ប្រធានាធិបតី​អាម៉េរិក ឲ្យ​លោក ប៉ា​ទ្រី​ក មឺ​ហ្វី ធ្វើជា​ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​កម្ពុជា​។

​មុន​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នេះ ​លោក ប៉ា​ទ្រី​ក មឺ​ហ្វី​គឺជា​សមាជិក​ជាន់ខ្ពស់​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ក្នុងនាម​ជា​ឧបការី​រង​នៃ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​។ លោក​ជា​សមាជិក​អាជីព​នៃ​សេវាកម្ម​បរទេស​ជាន់ខ្ពស់ លោកធ្លាប់​បម្រើការ​ជា​អនុប្រធាន​បេសកកម្ម និង​ជា​ភារធារី ប្រចាំ​នៅ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ និង​នៅ​ឡេ​សូ​ថូ ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៨​។​

​លោក ប៉ា​ទ្រី​ក មឺ​ហ្វី ក៏​ធ្លាប់​បម្រើ​ការងារជា​តំណាង​ពិសេស​ស​របស់​សហរដ្ឋ​អាម៉េរិក ទទួលបន្ទុក​ប្រទេស​ភូមា ជានា​យក​/​នាយករង​ការិយាល័យ​អាស៊ីអាគ្នេយ៍ ជាទី​ប្រឹក្សានយោបាយ​សម្រាប់​ក្រុមការងារ​ប្រទេស​ហៃ​ទី និង​ជាម​ន្ត្រី​ប្រចាំការ​ទទួលបន្ទុក ប្រទេស​ភូមា និង​ឡាវ​។

​ចាប់តាំងពី​ចូល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ឆ្នាំ​១៩៩២ លោក ប៉ា​ទ្រី​ក មឺ​ហ្វី ក៏បាន​បំពេញការងារ​ការទូតនៅ​ប្រទេស​ភូមា ចិន អ៊ីរ៉ាក់ ហ្គី​ណេ និង​ប្រទេស​ម៉ាលី​។​

​ដោយឡែក​នៅមុន​ពេល​ចូលធ្វើការ​នៅ​ក្រសួងការបរទេស លោក ប៉ា​ទ្រី​ក មឺ​ហ្វី គឺជា​សេដ្ឋវិទូ សម្រាប់​មូលនិធិ​សត្វព្រៃ​ពិភពលោក និង​ជា​អ្នកវិភាគ​គោលនយោបាយ សម្រាប់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ក្រៅប្រទេស​។ ក្រៅពី​ភាសា​អង់គ្លេស ប៉ា​ទ្រី​ក មឺ​ហ្វី អាចនិយាយបានភាសា​បារាំង អេ​ស្ប៉ា​ញ ចិន​កន្តាំង និង​ភូមា​។​

​ក្នុង​តំណែង​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី បូព៌ា និង​ប៉ាស៊ីហ្វិក លោក ប៉ា​ទ្រី​ក មឺ​ហ្វី បានធ្វើ​ដំណើរ​មក​បំពេ​ញ​បេសកកម្ម​ការងារនៅ​ប្រទេស​កម្ពុជា​ជា​ញឹកញាប់ ពិសេស​ក្នុងអំឡុងពេល​ស្ថានភាព​នយោបាយនៅ​កម្ពុជា ដែលមាន​ការមិនចុះសម្រុង​រវាង​អតីត​គណបក្សប្រឆាំង និង​រាជរដ្ឋាភិបាលកម្ពុជា​។​

​ដូច្នេះ​ក្នុង​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក ប៉ា​ទ្រី​ក មឺ​ហ្វី ពិតជា​បាន​ស្គាល់​កម្ពុជា​ច្បាស់ ហើយ​មជ្ឈដ្ឋាន​ទូទៅ រំពឹងថា តាមរយៈ​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ ទំនាក់ទំនង​កម្ពុជា​-​អាម៉េរិក នឹងមាន​ភាពល្អប្រសើរ​។​

​ប៉ុន្តែ​ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាម៉េរិក​ល្អប្រសើរ​ជាង​នេះ​ទៅបាន​លុះ​ណាតែ​លោក​ទូត​ថ្មី​ខិតខំ​ធ្វើយ៉ាងណា​តាមរយៈ​លោក​សុំ​កុំ​ឲ្យ​សហរដ្ឋ​អាម៉េរិក​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​និង​ផ្តល់​យុត្តិធម៌​សម្រាប់​កម្ពុជា​ផង​។​លោក​ទូត​គួរតែ​រក្សា​ឲ្យ​បាន​នូវ​សច្ចធម៌​និង​កម្ចាត់​ចោល​នូវ​បុរេវិនិច្ឆ័យ​ចំពោះ​កម្ពុជា​។​សូម​មើល​កម្ពុជា​ក្នុង​ការពិត​ដោយ​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការមើល​កម្ពុជា​ដោយ​អារម្មណ៍​និង​ផែនការ​ដែលមាន​របៀប​វារៈ​នយោបាយ​ទុកជាមុន​។​ជួយ​ពង្រឹង​និង​លើក​ទឹក​ម្ពុ​ជា​​ក្នុង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​តាមរយៈ​ការបោះឆ្នោត​ជា​ទៀងទាត់​ដូចដែល​សម្តេច​តេ​ជោ​ហ៊ុនសែន ​បានប្រកាស​ជា​ឧឡា​រឹក​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ប្រាំ​ឆ្នាំ​បោះឆ្នោត​ម្តង​។

ការទទួលអំណាច​ពី​ប្រជាជន​តាមរយៈ​សន្លឹកឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​តម្លាភាព​។ មានន័យ​ថា​អំណាចរដ្ឋាភិបាល​គឺ​បាន​តាមរយៈ​ការបោះឆ្នោត ​មិនមែន​បាន​ដោយ​បែប​បង្កចលាចល​ក្នុង​ទម្រង់​ជា​បដិវត្តន៍​ពណ៌​ឬ ដោយ​ការ​ផ្លូវ​កាត់​ប្រើ​អំពើហិង្សា​ដោយ​រដ្ឋប្រហារ ដូចដែល​អ្វីដែល​ទណ្ឌិត​សមរង្ស៊ី​កំពុងតែ​អនុវត្ត​ន៍​នោះឡើយ​។​អាម៉េរិក​គួរ​ពូន​ជ្រំទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ជាជាង​ការយក​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​ហើយ​យក​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង​នៃ​មហិច្ឆតា​របស់ខ្លួន​។​

​ពិតណាស់​!​ តម្លៃ​សន្តិភាព ស្ថិរភាព ដែល​កម្ពុជា​រកបាន​នាពេលនេះ​គឺ​បាន​លំបាក ណាស់​។ ដូច្នេះ​សកម្មភាព​របស់​ខ្មែរ​គ្នាឯង​ក្តី​ ឬ​ជនបរទេស​ធ្វើជា​ស្រមោល​បំបាំងកាយក្តី​ដែល​ជំរុញ​ទៅដល់​ការបង្កើតឡើង​នូវ​អស្ថិរភាព អសន្តិសុខ ប៉ះពាល់​ដល់​សន្តិភាព ភាព​រីកចម្រើន​របស់​ប្រទេស​និង​ប្រជាជន​នោះ គឺ​ប្រជាជន​កម្ពុជា​ទាំងមូល​នឹងមិន​គាំទ្រ និង​ប្រឆាំង​ដាច់ខាត​!៕ ដោយៈ ម៉េង​ឆៃ​/Ha