ទូត​បារាំង​ថ្មី​ចាប់អារម្មណ៍​សំណង់​អគារ​បេតិកភណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​និង​ចង់​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ការតាំង​បង្ហាញ​អគារ​បេតិកភណ្ឌ

948
ចែករម្លែក

(​ភ្នំពេញ​)៖​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​រាជធានី​ភ្នំពេញ​មាន​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ជាច្រើន​ហើយ​បើ​អាច​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គួររៀបចំ​ឲ្យ​មាន​ការតាំង​បង្ហាញ​អគារ​បេតិកភណ្ឌ​ណាមួយ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ដូច​នៅ​ទីក្រុង​ប៉ា​រី​បានធ្វើ​ដើម្បី​បង្ហាញ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូលមក​ទស្សនា​កាន់តែច្រើន​ថែមទៀត​។​
​ ​
​លោកស្រី​លោកស្រី Eva Nguyen Bing​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​បែបនេះ​ក្នុងឱកាស​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៧​នេះ​។​
​ ​
​ក្នុងនោះ​លោកស្រី​បាន ថ្លែងថា​៖​មាន​អ្នកខ្លះ​លើកឡើងថា រាជធានី​ភ្នំពេញ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ដោយសារ​កកស្ទះ​ចរាចរណ៍​។ តែ​លោកស្រី​ថា​៖​នេះ​មិនមែនជា​បញ្ហា​ទេ ផ្ទុយទៅវិញ​លោកស្រី​មាន​មោទនភាព​និង​រីករាយ​ក្នុងការ​ស្នាក់នៅ​បំពេញការងារ​នៅ​រាជធានី​​ភ្នំពេញ​។ លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​បាន​ថ្លែង​កោតសរសើរ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ប៉ារីស​និង​រាជធានី​ភ្នំពេញ​ក្នុងនាម​​ទីក្រុង​សម្ព័ន្ធភាព​និង​ជា​សមាជិកសមាគម​អភិបាលក្រុង​និយាយ​ភាសារ​បារាំង​(AIMF)​ក្នុងនោះ​មាន​កិច្ចសហការ​លើ​ផ្នែក​ចរាចរណ៍ ដឹកជញ្ជូន ការងារ​ទឹកស្អាត និង​ការងារ​បច្ចេកទេស​ជាដើម​។​
​ ​
​ក្នុងឱកាស​នោះ​ជាការ​ឆ្លើយតប​លោក​ឃួ​ង ស្រេង លើកឡើងថា​៖​ការរីកចម្រើន​របស់​រាជធានី​ភ្នំពេញ​គឺ​ពិតជា​ទទួលបាន​ការរួម​ចំណែក​ពី​​ភាគី​បារាំង​។ ក្នុងនោះ​បារាំង​បានរួម​ចំណែក​បង្កើត​ប្លង់គោល​ជាថ្មី​សម្រាប់​រាជធានី​ភ្នំពេញ​ដែលជា​ត្រីវិស័យ​សម្រាប់​ការអភិវឌ្ឍន៍​តាម​​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​។​

​លោក​អភិបាល​ក៏បាន​គាំទ្រ​ចំពោះ​គំរោង​វិនិយោគ​កែច្នៃ​សំរាម​ឲ្យ​ទៅជា​ឋា​ម​ពល​អគ្គិសនី​តាមរយៈ​ក្រុមហ៊ុន​បារាំង​សហការ​ជាមួយ​ក្រុម​​ហ៊ុន​ចិន ដែល​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង បានស្នើ​ឡើង​៕​ដោយៈ​រ៉ា​ម៉ន​/sn