ទូត​បារាំង​អញ្ជើញ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​

222
ចែករម្លែក
ទូត​បារាំង​អញ្ជើញ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​(រូបថតស៊ីឌីស៊ី)

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​អគ្គលេខាធិការ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​បាន​អញ្ជើញ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​។​

​ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់ថា​ក្នុងឱកាស​នោះ​រដ្ឋមន្ត្រី​ប្រតិភូ​បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូត អំពី​សាវតា​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ដែលជា​ការផ្តួចផ្តើម​គំនិត​ដោយផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​។​
​ចំណែក​លោកស្រី​ទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែលមាន​ការរៀបចំ​បានល្អ​ប្រសើរ និង​បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

លោកស្រី​ទូត​​ទស្សនា​រោងចក្រ​ផលិត​ក្តារបន្ទះ (រូបថតស៊ីឌីស៊ី)


​នៅ​ទីនោះ​លោកស្រី​ទូត​បាន​ទស្សនា​រោងចក្រ​ចំនួន​បី​។ គឺ​រោងចក្រ​ផលិត​ធុង​ទឹក​រថយន្ត រោងចក្រ​ផលិត​ក្តារបន្ទះ និង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ជិះសេះ​។​លោក​បាន​សន្យាថា​នឹង​ជំរុញ​អ្នកវិនិយោគ​បារាំង​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស មក​បណ្តាក់ទុន​នៅ​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​។​
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុងដំណើរការ​ចំនួន​២៣ មាន​គម្រោង​វិនិយោគ​ចំនួន​៤៨២ ដែល​ផ្តល់​ការងារ​ដល់ក​ម្មករក​ម្មការ​នី​ចំនួន​ជាង ១៣​ម៉ឺន​នាក់ និង​ចូលរួមចំណែក​ដល់​ប្រមាណ​១៤​ភាគរយ នៃ​ការនាំចេញ​សរុប​។ ក្នុងនោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​គម្រោង​វិនិយោគ​ចំនួន​១៨១​គម្រោង ដែល​ផ្តល់​ការងារ​ដល់ក​ម្មករក​ម្មការ​នី​ចំនួន​ជាង ២៥.០០០​នាក់​៕​សរន​

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​អគ្គលេខាធិការស៊ីឌីស៊ីលោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា