ទូត​ម៉ាឡេស៊ី​បង្ហាញ​ចក្ខុវិស័យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឱ្យចូល​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០២០

276
ចែករម្លែក

ដោយ​៖​ដេប៉ូ​:ភ្នំពេញ​៖​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បានបង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​នៃ​គោលដៅ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យចូល​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០២០​ខាងមុខ​ដោយ​ក្នុងនេះ​រួមមាន​អ្នក​ទេសចរណ៍​ជុំវិញ​ពិភពលោក​និង​រួមមាន​ទាំង​កម្ពុជា​ផងដែរ ដើម្បីឱ្យ​សម្រេច​ផែនការ​នា​ថ្ងៃ​ខាងមុខ​។​

ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៩ កាលពី​ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ​២០១៩​នា​សណ្ឋាន​គារ​សុខា​ភ្នំពេញ លោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​តាមរយៈ​យុទ្ធនា​ការជំរុញ​អ្នក​ទេសចរណ៍​ចូល​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​គឺជា​គោលដៅ​នៃ​ផែនការ​ផ្លាស់ប្តូរ​ទេសច​រណ៍​ម៉ាឡេស៊ី​ក្នុងការ​ទទួលភ្ញៀវ​ទេសចរណ៍​សរុប​៣០​លាន​នាក់​ហើយ​រំពឹងថា​នឹង​ទទួលបាន​ចំណូល​ប្រមាណ​១០០​ពាន់​លាន​រីង​ហ្គី​ត​ត្រឹម​ឆ្នាំ​២០២០​។​

​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ទេសចរណ៍​និង​លោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៩ កាលពី​ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ​២០១៩​នា​សណ្ឋាន​គារ​សុខា​ភ្នំពេញ​(​រូប​៖​ដេប៉ូ​)​

​លោក​បាន​មានប្រសាសន៍ថា “​គោលដៅ​នៃ​ឆ្នាំ​ទស្សនា​ម៉ាឡេស៊ី​ឆ្នាំ ២០២០​គឺ​ដើម្បី​បង្រួបបង្រួម អ្នកចូលរួម​ពី​គ្រប់​ឧស្សាហកម្ម សហគ្រាស ដើម្បីឱ្យ​សម្រេចបាន​នូវ​គោលដៅ​រួម​នេះ ស្រប​ពេលដែល​ការទាក់ទាញ​ផ្ញៀវ​ទេសចរណ៍​មកពី​ពាសពេញ​ពិភពលោក​ឱ្យមក​ទទួល​នូវ​បដិសណ្ឋារកិច្ច​កក់ក្តៅ​និង​ទាក់ទាញ​ជាច្រើន​ដែល​ប្រទេស​ម៉ាឡេស៊ី​មាន​។​ក្នុង​យុទ្ធនាការ​នេះដែរ​គឺ​យើង​បាន​ផ្អែកទៅលើ​គោលបំណង​របស់​ចក្ខុវិស័យ ២០២០​ដែល​ផ្តោតលើ​និរន្ត​ភាព​នៃ​វិស័យ​ទេសចរណ៍ សិល្បៈ​និង​វប្បធម៌ ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការអភិវឌ្ឍន៍​ទេសចរណ៍​និង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​សហគមន៍​តាម​រយៈ​ឧស្សាហកម្ម​ទេសចរណ៍​”​។​

ដោយឡែក​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​វិញ​បាន​បញ្ជាក់ថា វិស័យ​ទេសចរណ៍ បាននិងកំពុង​ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចពិភពលោក ជាពិសេស ជំរុញ​ឲ្យ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​បើ​គេ​យោងតាម​ស្ថិតិ របស់ អង្គការ​ទេសចរណ៍ ពិភពលោក កាលពី​ឆ្នាំ​២០១៨ ទេសចរ​ពិភពលោក​មាន ចំនួន ១ ៤០០ លាន​នាក់ កើនឡើង ៦​ភាគរយ​និង​នៅ​ឆ្នាំ​២០៣០ ទេសចរ​ពិភពលោក​នឹង កើនឡើង ដល់ ១ ៨០០ លាន​នាក់​។​

គួរ​បញ្ជាក់ដែរថា​ក្នុង ពិព័រណ៍​ទេសចរណ៍ កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍​សរុប​ចំនួន ១៥៧ ស្តង់ ក្នុងនោះ​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ៩០​ស្តង់ និង ក្រុមហ៊ុន​អន្តរជាតិ​ចំនួន ៦៧​ស្តង់​៕/Ha