ទូត​រុស្ស៊ី​ព្រមាន​ចក្រភព​អង់គ្លេស កុំឱ្យ​ចាត់វិធានការ “​ដាក់ពិន័យ​” មកលើ​ខ្លួន ទាក់ទិន​នឹង​រឿង​បំពុល​ចារបុរស​រុស្ស៊ី​

1085
ចែករម្លែក

​រុស្ស៊ី​និយាយថា ការ​គំរាម​ចាត់វិធានការ “​ដាក់ពិន័យ​” ប្រឆាំងនឹង​រុស្ស៊ី​លើ​ការបំពុល​របស់​អតីត​ចារបុរស​ម្នាក់ និង​កូនស្រី​របស់គាត់​នោះ នឹង “​ជួប​ការឆ្លើយតប​វិញ​ជាក់​ជាពុំខាន​”​។​

​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​រុស្ស៊ី​បាន​បង្ហោះ​សារលិខិត​ជា​បន្តបន្ទាប់​តាម​ធ្វី​ត​ធឺ ខណៈពេល​វេលា​កំណត់​ជិត​មកដល់​ដើម្បីឱ្យ​រុស្ស៊ី​ពន្យល់​បកស្រាយ​ពី​របៀប​ដែល​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​ផលិត​ដោយ​រុស្ស៊ី ត្រូវបាន​ប្រើ​នៅក្នុង​ទីក្រុង​សាលី​ស្បឺ​រី (Salisbury)​។​

​រុស្ស៊ី​និយាយថា​នឹង​ពុំមាន​ការឆ្លើយតប​ទៅនឹង “​ការដាក់​ឱសានវាទ​នេះ​” នោះឡើយ រហូតដល់​ខ្លួន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​មើ​ល​សំណាក​គំរូ​នៃ​សារធាតុ​គីមី​នោះ​។​

​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ ប្រធានាធិបតី​អាមេរិក​បាន​យល់ស្រប​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា មេ ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ផ្តល់​ចម្លើយ​ច្បាស់លាស់​អំពី​របៀប​ដែល​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​នេះ​ត្រូវបាន​ប្រើប្រាស់​ប្រឆាំងនឹង លោក សឺ​ហ្គេ ស្គ្រី​ប៉ាល់ អាយុ ៦៦ ឆ្នាំ និង​កូនស្រី​របស់គាត់ នាង យូ​លី​យ៉ា អាយុ ៣៣ ឆ្នាំ កាលពី​ថ្ងៃទី ៤ ខែមីនា​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស​និយាយថា វា​ទំនងជា​រុស្ស៊ី​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការបំពុល​នេះ ហើយ​ចក្រភព​អង់គ្លេស​ត្រូវតែ “​ត្រៀមខ្លួន​រួចរាល់​” ដើម្បី​ចាត់វិធានការ​។​

​លោកស្រី​និយាយថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានកំណត់​នៅ​សភា​នៅ​ថ្ងៃ​ពុធ ទី​១៤ មីនា ប្រសិនបើ​គ្មាន​ការបកស្រាយ “​អាច​ជឿ​ទុកចិត្តបាន​” ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ រហូតដល់​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អង្គារ ទី​១៣ មីនា​។​

​ក្នុង​សារ​ធ្វី​ត​ធឺ​ប្រកែក​តវ៉ា​របស់ខ្លួន ស្ថានទូត​រុស្ស៊ី​និយាយថា “​រាល់​ការ​គំរាម​ចាត់វិធានការ​ដាក់ពិន័យ​ណាមួយ​ប្រឆាំងនឹង​រុស្ស៊ី នឹងត្រូវ​ជួប​ការឆ្លើយតប​វិញ​ជាក់​ជាមិនខាន​។ ចក្រភព​អង់គ្លេស​គួរតែ​ជ្រាប​អំពី​រឿងនេះ​”​។​

​ទូត​រុស្ស៊ី​ប្រចាំ​នៅ​អង់គ្លេស​និយាយថា ឯ​អគ្គរដ្ឋទូត​អង់គ្លេស​ក្នុង​ទីក្រុង​មូ​ស្គូ​ត្រូវបាន​កោះហៅ​មក​ក្រសួងការបរទេស និង ប្រាប់ថា សកម្មភាព​របស់​ចក្រ​ភព​អង់គ្លេស​គឺជា “​ការ​បង្ករឿង​យ៉ាងច្បាស់​ក្រឡែត​” ហើយ​រុស្ស៊ី​មិនបាន​ពាក់ព័ន្ធ​នឹង​ការបំពុល​នេះ​ទេ​។

​ហើយ​ទូត​រុស្ស៊ី​បាន​បន្ថែមថា អនុសញ្ញា​ស្តីពី​អាវុធ​គីមី​អន្តរជាតិ​បានចែង​ថា ការស៊ើបអង្កេត​រួមគ្នា​គួរ​ធ្វើឡើង​ក្នុង​ឧ​ប​ទ្ទវេ​ហ​តុ​បែបនេះ “​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ត្រៀមខ្លួន​ចូលរួម​រួចជាស្រេច​”៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​នៅ​កំពុង​ស៊ើបអង្កេត​កន្លែងកើតហេតុ ដែល​លោក​ស្គ្រី​ប៉ាល់​ត្រូវបាន​បំពុល
#