ទូត​សហភាព​អឺរ៉ុប​៖​ការដក​ការអនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ មិន​ប៉ះពាល់​ជំនួយ​អភិវឌ្ឍ​ដែល មូលនិធិ​អឺរ៉ុប​ផ្តល់ឱ្យ​កម្ពុជា​

1043
ចែករម្លែក

​ដោយ:​សុផល​/​ភ្នំពេញ ៖ ទន្ទឹមនឹង​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើក​លែងតែ​អាវុធ (EBA)​នោះ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប បាន​លើកឡើងថា​ ការលុបចោល​នូវ​គម្រោង EBA នឹងមិន​មាន​ផលប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​ដែល​ផ្តល់ឱ្យ​ដោយ​មូលនិធិ​សហភាព​អឺរ៉ុប​ទេ ព្រោះ​ជំនួយ​ទាំងនេះ​សម្រាប់​ការ​ការអភិវឌ្ឍ​សហគមន៍ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។​

​ក្នុងពេល​ចុះ​ពិនិត្យ​គម្រោង​នានា​នៅ​ខេត្តព្រៃវែង និង​ស្វាយរៀង​កាលពីពេល​ថ្មីៗ​នេះ លោក ច​ច អេ​ដ​ហ្គា​រ​( George Edgar) ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​អ្នក​សារពត៌មាន​ថា​ « រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) និង​ការ​ផ្តល់ជំនួយ​ដល់​កម្ពុជា គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ អឺរ៉ុប​កំពុងតែ​អនុវត្ត​កម្មវិធី​ផ្តល់ជំនួយ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​នេះ​យ៉ាង​ល្អប្រសើរ ព្រោះ​មិនទាន់​ឃើញ​មាន​មូលហេតុ​ណា ដែល​មិនគួរ​បន្តទៀត​នោះទេ​»​។​

​លោក​បាន​គូសបញ្ជាក់ថា​ ​ថវិកា​របស់​សហភាព​អឺរ៉ុប​(EU)​គឺមាន​ពីរ​ប្រភេទ​គឺ​ថវិកា​មួយ​ប្រភេទ គឺ​សម្រាប់​ផ្តល់​ដល់​រដ្ឋាភិបាល តាមរយៈ​កិច្ចព្រមព្រៀងទ្វេភាគី​។ ថវិកា​ប្រភេទ​នេះ​គឺ​សម្រាប់​ផ្តល់​ទៅលើ​គម្រោង​ធំៗ ដូចជា​គម្រោង​ទៅ​វិស័យ​នេសាទ ការចិញ្ចឹម​សត្វ គម្រោង​សម្រាប់​ការគាំទ្រ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​កិច្ចព្រម​ព្រៀង​នេះ​បច្ចុប្បន្ន គឺ​បានគ្រោង​ថវិកា​រួចរាល់​ហើយ ដោយ​ថវិកា​ដែលមាន​គឺមាន​រហូតដល់​ឆ្នាំ​២០២០»​។​

​ចំណែក​ថវិកា​មួយ​ប្រភេទ​ទៀត ត្រូវបាន​លោក George Edgar បញ្ជាក់ថា គឺ​ផ្តល់​ទៅដល់​អង្គការ​សង្គម​ស៊ីវិល ហើយ​ការផ្តល់​ទៅលើ​សង្គម​ស៊ីវិល​នេះ គឺ​វា​អាស្រ័យ​ទៅតាម​ប្រភេទ​វិស័យ​ដែល​សហភាព​អឺរ៉ុប​គាំទ្រ នៅតាម​ដំណាក់កាល​ថវិកា​មួយៗ ដូច្នេះ​យើង​នឹង​ប្រកាស​ឱ្យ អង្គការ​សង្គម​ស៊ីវិល​ដាក់សំណើ​មក​សហភាព​អឺរ៉ុប ហើយ​សហភាព​អឺរ៉ុប នឹង​ជ្រើសរើស​សំណើ​ទាំងឡាយណា ដែល​ត្រូវ​គ្នា​ជាមួយនឹង​វិស័យ​ជា​អតិ​ភាព ជាមួយនឹង​វដ្ត​ថវិកា​មួយ​នឹង ហើយ​ជារួម​ថវិកា​សម្រាប់​សង្គម​ស៊ីវិល​មាន​មិន​ច្រើន​ទេ គឺមាន​កំណត់ ហើយ​ពេលវេលា​សម្រាប់​អ​និវត្តន៍​គម្រោង​នោះ​ក៏មាន​កំណត់​ដែរ ហើយ​នៅពេលដែល​គម្រោង​ត្រូវបាន​បញ្ចប់ គឺ​គម្រោង​នោះ​ត្រូវតែ​បញ្ចប់ ហើយ​ចំពោះ​គម្រោង​ត្រូវបាន​បន្តទៀត ឫ​អត់​នោះ​គឺ​អាស្រ័យទៅលើ​អតិ​ភាព​សម្រាប់​ជុំ​ថវិកា​បន្ទាប់​។​

​លោក​ច​ច អេ​ដ​ហ្គា​រ បាន​សង្កត់ធ្ងន់ថា​គម្រោង EBA ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​ពាណិជ្ជ​កម្ម​និង​នាំចេញ​ដែលមាន​លក្ខខណ្ឌ​លើ​ការការពារ​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​៕B/

លោក ច​ច អេ​ដ​ហ្គា​រ​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក្នុងពេល​ចុះ​ពិនិត្យ​គម្រោង​នានា​នៅ​ខេត្តព្រៃវែង និង​ស្វាយរៀង​កាលពីពេល​ថ្មីៗ​នេះ​(​រូប សុផល​)