ទូត​ហ្វីលីពីន​សន្យា​ជួយ​ពង្រឹង​ទេសចរណ៍​និង​កីឡា​ជាមួយ​កម្ពុជា​ទោះ​ប្ដូរ​ទៅ​ប្រទេសផ្សេងក៏ដោយ

1391
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ផុត​អាណត្តិ​នៅ​កម្ពុជា​លោក​Christopher B. Montero បាន​សន្យា​ជាមួយ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា​នឹង​នៅតែ​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​និង​វិស័យ​កីឡា​រវាង​កម្ពុជា​-​ហ្វីលីពីន​ទោះបី​លោក​ត្រូវ​រដ្ឋាភិបាល​ហ្វីលីពីន​ប្ដូរ​ទៅធ្វើ​អគ្គរដ្ឋទូត នៅ​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។​

​ការប្ដេជ្ញាចិត្ត​របស់លោក Montero យ៉ាង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ជួប​ជម្រាបលា​លោក​រដ្ឋមន្ត្រី ថោង​ខុន​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​កាលពី​សៀ​ល​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩​។​លោក​បញ្ជាក់ថា​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​លោក​នឹងត្រូវ​រដ្ឋាភិបាល​ហ្វីលីពីន​ផ្លាស់​ទៅធ្វើជា​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម​។​

​ក្នុងពេល​បំពេញបេសកកម្ម​នៅ​កម្ពុ​ជាជាង​៤​ឆ្នាំ​មកនេះ​លោក​អគ្គរដ្ឋទូត​ហ្វីលីពីន​បាន​មើលឃើញ​ពី​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ក្រោម​ម្លប់​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ហើយ​អគារ​ខ្ពស់ៗ​ក៏​កាន់តែ​ផុស​ត្រដែត​ឡើង​ច្រើន​ទៅៗ​។​លោក​ក៏បាន​កោតសរសើរ​ពី​ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ ដោយ​កម្ពុជា​-​ហ្វីលីពីន​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​។​

​ក្នុងនោះ​កម្ពុជា​-​ហ្វីលីពីន​ក៏បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយគ្នា តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Philippines Airline ដែល​បាននិងកំពុង​ហោះ​ត្រង់​ទៅមក ភ្នំពេញ​-​ម៉ានីល ក្នុង​មួយអាទិត្យ ៥​ជើង បន្ថែម​ពីលើ​កិច្ចប្រតិបត្តិការ​ហោះហើរ​មួយអាទិត្យ​៤​ជើង​ម៉ានីល​-​សៀមរាប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សេ​ប៊ូ​ប៉ាស៊ីហ្វិក​។​

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ថោង​ខុន​បានស្នើ​ដល់​លោក​Montero​សូមជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ហ្វីលីពីន​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ពិសេស​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កីឡា​។​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្ដាំ​តាមរយៈ​លោក​អគ្គរដ្ឋទូត Montero សូម​អញ្ជើញ​កីឡាករ​ពិភពលោក​របស់​ហ្វីលីពីន​ម៉ា​នី​ប៉ា​ហ្គី​អ័​វ​ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ផង​នោះ​សូម​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​សាជាថ្មី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ជាមួយគ្នា​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ក្នុងឱកាស​ដែល​ហ្វីលីពីន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​កម្ពុជា​ក៏​នឹង​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន ៣៧​ប្រភេទ​កីឡា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។​

ការហោះហើរ​ត្រង់​ភ្នំពេញ​-​ម៉ានីល នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រតិភូ​កីឡាករ​របស់​កម្ពុជា​។​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​លោក​អគ្គរដ្ឋទូត​Montero​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវទេសចរ​នៅ​ប្រទេស​ទី​បី ដែល​លោក​នឹង​ផ្លាស់​ទៅ​បំពេញបេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នាពេល​អនាគត​នោះ​។​

​ឆ្លើយតប​នឹង​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​លោក​អគ្គរដ្ឋទូត​Montero​បានទទួល​នូវ​សំណើ​នេះ​យ៉ាង​ពេញចិត្ត​ហើយនឹង​នាំសារ​នៃ​ការ​អញ្ជើញលោក​ម៉ា​នី​ប៉ា​ហ្គី​អ័​វ​ជូនដំណឹង​ដល់​សភា​ហ្វីលីពីន​ផងដែរ​។​អ្វីដែល​លោក​អគ្គរដ្ឋទូត​ហ្វីលីពីន​ជក់ចិត្ត​ក្នុង​រយៈពេល​បំពេញបេសកកម្ម​នៅ​កម្ពុ​ជាជាង​៤​ឆ្នាំ​មកនេះ​គឺ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ទាំង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​និង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។​ព្រមទាំង​ពេញចិត្ត​នឹង​ការទទួល​បដិសណ្ឋារកិច្ច និង​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង​៕S/​