ទូត​អាមេរិក​សុំឱ្យ​ទម្លាក់ចោល​ការចោទប្រកាន់​លោក​កឹម​សុខា​និង​មនុស្ស​ផ្សេងទៀត​

357
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ជំនួប​បានធ្វើ​នៅផ្ទះ​លោក​កឹម​សុខា​ស្ថិតក្នុង​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​។​

​អគ្គរដ្ឋទូត​អាមេរិក​បាន​សម្តែង​ការសួរសុខទុក្ខ​លោក​កឹម​សុខា​និង​បាន​ស្តាប់​ការលើកឡើង​ពីអ្វី​ដែល​លោក​ចង់ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ជា​បន្តទៀត​។​លោក​កឹម​សុខា​សុំឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ រួមទាំង​បញ្ហា​មួយចំនួនទៀត​។​

​លោក​កឹម​សុខា​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា​“​ស្គាល់​ទម្លាប់​ខ្ញុំ​ហើយ​ខ្ញុំ​ចូលចិត្ត​អ្នកសារព័ត៌មាន​ខ្ញុំ​ចូលចិត្ត​ជួប​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​ជា​អកុសល​គួរឱ្យ​សោកស្តាយ​ដោយសារ​គេ​ហាម​ខ្ញុំ​មិនឱ្យ​ធ្វើ​នយោបាយ​មិនឱ្យ​និយាយ​ពី​រឿង​នយោបាយ​។​ខ្ញុំ​មិនដឹង​ភាសា​អី​ដែលថា​មិនមែន​នយោបាយ​ខ្ញុំ​សូម​អ​ធ្យា​ស្រា័​យ​ដែល​យើង​មិនអាច​និយាយ​ឆ្លើយឆ្លង​គ្នា​បាន​ដោយមាន​ការហាមឃាត់​” ។​

​ចំណែក​លោក​PatrickMurphy​ឯកអគ្គរដ្ឋទូត​អាម៉េរិក​បាន​ថ្លែងថា​លោក​រីករាយ​ដែល​បាន​ជួប​លោក​កឹម​សុខា​ហើយ​លោក​យល់ថា​លោក​កឹម​សុខា​ជា​មនុស្ស​មាន​សន្តិភាព​និង​ជា​មនុស្ស​ចិត្តល្អ​និង​ជា​អ្នកដឹកនាំ​ដែលមាន​បទពិសោធន៍​ខ្ពស់​។​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​សម្តែង​ការសោកស្តាយ​ថា​“​ខ្ញុំ​សោកស្តាយ​ដែល​សិទ្ធិសេរីភាព​របស់គាត់​ត្រូវបាន​បដិសេធ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ​។​

​យើង​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​យើង​គិតថា​វា​សំខាន់​ណាស់​យើង​ចង់ឱ្យ​មានការ​បន្ធូរ​ឬ​បន្ថយ​ថែមទៀត​។​យោបល់​របស់​យើង​ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​របស់​កម្ពុជា គឺ​យើង​ចង់ឃើញ​អាជ្ញាធរ​រក​វិធី​ណា​ដើម្បីឱ្យ​សេរីភាព​លោក​កឹម​សុខា​មាន​ឡើងវិញ​ទម្លាក់​ការចោទប្រកាន់​និង​សម្រាប់​មនុស្ស​ដទៃទៀត​ដើម្បីឱ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ​។​

​យើង​ជម្រុញ​ឱ្យ​ពួកគេ​ត្រូវបាន​ដោះលែង​ទោះបីជា​ពួកគេ​នៅក្នុង​ប្រទេស​ឬ​ក្រៅប្រទេស​ក៏ដោយ​សំឡេង​របស់​ពួកគាត់​ត្រូវបាន​គេ​ឭ​ដែល​អ្នកខ្លះ​គឺជា​មន្ត្រី​នយោបាយ​និង​អ្នកខ្លះ​ជា​សមាជិក​សង្គម​ស៊ីវិល ខណៈ​អ្នកខ្លះ​ជា​អ្នកកាសែត​។​យើង​ចង់ឃើញ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ​និង​ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំង​ពួកគាត់​។

​យើង​យល់ថា នេះ​វា​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា សម្រាប់​ការដឹកនាំ សម្រាប់​សេដ្ឋកិច្ច ដែល​សំឡេង​ទាំងអស់​ត្រូវបាន​លឺ​ដើម្បី​ធ្វើឱ្យ​ប្រជាធិបតេយ្យ​កាន់តែខ្លាំង​ជាង​មុន​ហើយ​និង​មានការ​អភិវឌ្ឍន៍​ជារួម​”​។​លោក​PatrickMurphy​បាន​បន្តថា​ជាថ្មី​ម្តងទៀត​កម្ពុជា​អាច​នៅលើ​ផ្លូវ​ទៅកាន់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហើយក៏​វា​ល្អ​សម្រាប់​ទំនាក់ទំនង​កម្ពុ​ជា​ជាមួយ​អ្នកជិតខាង​ហើយ​វា​ក៏​ជា​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក​។

​សូមជម្រាបថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​។​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ​គឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការសម្រេច​នេះ​ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់លោក​កឹម​សុខា​ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។​ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​បី​គ្រប់​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន នៅវេលា​ម៉ោង​០០៖៣៥ នាទី​យប់ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ ។ ដោយ​ធ្វើតាម​បញ្ជា​របស់​មហាអំណាច​អាមេរិក ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ នឹង ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី ។

​លោក​កឹម​សុខា​ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់លោក​ស្ថិតនៅ​ផ្ទះ​លេខ​៩៧​ផ្លូវ​៣១៣​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​។​ការចាប់ខ្លួន​លោក​កឹម​សុខា​ធ្វើឡើង​បន្ទាប់ពី​វីដេអូ​មួយ​ដែល​លោក​កឹម​សុខា​បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៣​នៅ​ប្រទេស​អូស្ត្រាលី​ថា​ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​មហាអំណាច​អាមេរិក​ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង សើ​ប៊ី​ដែរ ៕S/​