ទូត​អាម៉េរិក​បានស្នើ​សុំឱ្យ​រដ្ឋា​ភិ​បាល​ខ្លួន​ដក​ទណ្ឌកម្ម​វី​សា​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​

585
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក William A. Heidt (​វីលៀម ហៃ​) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា លោក​បានស្នើ​ទៅ​រដ្ឋាភិបាល​សហ​រដ្ឋាភិបាល គួរ​ពិនិត្យ​លទ្ធភាព​សម្រួល ឬក៏​ដកចេញ​នូវ​ទណ្ឌកម្ម​វី​ស្សា​មកលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​។ បើទោះបីជា​ពី​មកដល់ពេលនេះ លោក​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ខាង​អន្តោប្រវេសន៍​សហរដ្ឋ​អាម៉េរិក ក៏​លោក​នៅតែ​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​ខាង​រដ្ឋាភិបាល​អាម៉េរិក​ជា​បន្តទៀត នៅពេលដែល​លោក​ត្រឡប់​ទៅកាន់​សហរដ្ឋ​អាម៉េរិក​វិញ​។​

​ការ​ថ្លែង​បញ្ជាក់​របស់​ឯកអគ្គរ​ដ្ឋ​ទូត​សហរដ្ឋ​អាម៉េរិក​ចប់​អាណត្តិ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា និង​ជម្រាបលា​សម្តេច​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា បើសិនជា​អាច​សហរដ្ឋ​អាម៉េរិក​លុបចោល​នូវ​បម្រាម​ទិដ្ឋាការ​នោះបាន សម្តេច​គិតថា នេះ​គឺជា​អំណោយ ជា​កាដូ​មួយ​សម្រាប់​កម្ពុជា​ដែល​ខិតខំ​ក្នុងការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នេះ ហើយក៏​ដូចជា​កាដូ​មួយ​ក្នុងការ​លើកកម្ពស់​ដល់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​។​

សម្តេច​ក្រឡាហោម​ក៏បាន​ថ្លែង​អំណរ និង​កោតសរសើរ​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​បានសម្រេច​នៅក្នុង​អាណត្តិ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា ក្នុងការ​ផ្សាភ្ជាប់​និង​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ដោយ​សម្តេច​ក្រឡាហោម​សង្ឃឹមថា តទៅ​អនាគត​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក គឺ​នៅតែ​បន្ត​រីកចំរើន​តទៅ​មុខជា​លំដាប់​។​

លោក William A. Heidt (​វីលៀម ហៃ​) បាន​ថ្លែងថា កិច្ចសហការ​រវាង​ក​ម្លាំ​ង​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្រសួងមហាផ្ទៃ​កម្ពុជា​ជាមួយ​ខាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៅ​សហរដ្ឋ​អាម៉េរិក លើ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការងារ​ថែរក្សា​សន្តិសុខ​យ៉ាង​ល្អប្រសើរ​ជូន​ដល់​បុគ្គលិក​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថា នៅពេល​ខាងមុខនេះ ភាគី​សហរដ្ឋ​អាម៉េរិក​និង​កម្លាំង​អនុវត្ត​ច្បាប់​របស់​កម្ពុជា កំពុង​ត្រៀម​រៀបចំ​នៅ​ការចុះហត្ថលេខា​លើ​ការបង្កើត​ក្រុមការងារ​មួយ អំពី​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្លាំង​អនុវត្ត​ច្បាប់ នៃ​ប្រទេស​ទាំងពីរ​។ ហើយ​ក្រោយពី​ការចុះហត្ថលេខា កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប​ប្រទេស​ទាំងពីរ​កាន់តែ​សហការគ្នា​ជិតស្និទ្ធ​និង​ល្អប្រសើរ​ថែមទៀត​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​បន្ត​អនុវត្ត​នូវ​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​ពី​សហរដ្ឋ​អាម៉េរិក ស្របតាម​ស្មារតី នៃ MOU ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។ ហើយ​ទាក់ទង​បញ្ហា​នេះ លោក​ក៏​ធ្លាប់បាន​ជួប​ជជែក​ជាមួយ​ខាង​អន្តោប្រវេសន៍​របស់​សហ​រដ្ឋ​អាម៉េរិក និង​បាន​ប្រាប់​អំពី​វឌ្ឍនភាព​ការងារ​ដែល​ភាគី​កម្ពុជា​បានធ្វើ​យ៉ាង​ល្អប្រសើរ​នៅក្នុង​ការទទួល​ជន​មាតុភូមិនិវត្តន៍​ពី​សហរដ្ឋ​អាម៉េរិក​។ ក្នុងនាម​រូបលោក​ផ្ទាល់ ក៏បាន​ស្នើ​ជា​យោបល់​គួរ​សហរដ្ឋ​អាម៉េរិក​អាច​ពិនិត្យ​លទ្ធភាព​សម្រួល ឬក៏​ដកចេញ​នូវ​ទណ្ឌកម្ម​វី​សា​ដែល​បានដាក់​មកលើ​មន្ត្រី​រដ្ឋា​ភិ​កម្ពុជា​មួយចំនួន​។ ទោះបីជា​មកដល់ពេលនេះ លោក​កិន​ទាន់​ទទួលបាន​ការឆ្លើយ​ប​យ៉ាងណា​ពី​ខាង​អន្តោប្រវេសន៍​សហរដ្ឋ​អាម៉េរិក ក៏ប៉ុន្តែ​លោក​នឹង​បន្ត​យក​បញ្ហា​នេះ ទៅ​ជជែក​ជាមួយ​ខាង​សហរដ្ឋ​អាម៉េរិក​បន្តទៀត នៅពេលដែល​លោក​ត្រឡប់​ទៅកាន់​សហរដ្ឋ​អាម៉េរិក​វិញ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​អាម៉េរិក​ផងដែរ ក្នុងការ​កិច្ចសហការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​កម្ពុជា ហើយ​ជាគោលការណ៍​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ គឺ​នឹង​បន្ត​អនុវត្តតាម​អ្វីដែល​បាន​ព្រមព្រៀងគ្នា​។​

​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា “​បើសិនជា​អាច​សហរដ្ឋ​អាម៉េរិក​ធ្វើការ​លុបចោល​បម្រាម​ទិ​ដ្ឋា​ន​នោះបាន នេះ​គឺជា​អំ​ណោ​ច ជា​កាដូ​មួយ​សម្រាប់​កម្ពុជា​ដែល​ខិតខំ​ក្នុងការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នេះ​។ ហើយក៏​ដូចជា​កាដូ​មួយ​នៅក្នុង​ការលើកកម្ពស់​ដ​ល់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​”៕ ល​