ទូទាំងប្រទេស​មាន​មនុស្ស​ប្រមាណ​បួន​លាន​នាក់​ដើរ​កម្សាន្ត​ក្នុងឱកាស​បុណ្យអុំទូក​

338

ភ្នំពេញៈ​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​ក្នុងឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​បី​ថ្ងៃ គិតពី​ថ្ងៃទី​២ ដល់ ៤​ខែវិច្ឆិកា គឺមាន​មនុស្ស​ប្រមាណ​បួន​លាន​នាក់​។ ក្នុងនោះ​ទេសចរ និង​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា មាន​ចំនួន​ប្រមាណ ៨០​ម៉ឺន​នាក់ ក្នុង​អត្រាកំណើន ២៣​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៣​ម៉ឺន​នាក់ កើន ២៤​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ ៧​ម៉ឺន​នាក់ កើន ១៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ សម្រាប់​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ជាង ៣,២​លាន​នាក់ បាន​ដើរ​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

ប្រជាពលរដ្ឋកម្សាន្តក្នុងបុណ្យអុំទូកនារាជធានីភ្នំពេញ(រូបថតគន្ធា)

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​រស្មី​កម្ពុជា​ទទួលបាន​បញ្ជាក់​ថា ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​ដូចជា ខេត្តសៀមរាប ភ្ញៀវ​សរុប ២៨១.៩៨៩​នាក់ កើនឡើង ៣៩,៩៧​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ ២៥​ម៉ឺន​នាក់ កើន ៤៧,០៥​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ ៣១.៩៨៩​នាក់ កើនឡើង ០,៣៥​ភាគរយ​។ ខេត្ត​ព្រះសីហនុ ភ្ញៀវ​សរុប ៨,៥​ម៉ឺន​នាក់ កើនឡើង ៥,៩​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៣៩៥០​នាក់ កើនឡើង ៤,៨​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ ១១.០៥០​នាក់ កើនឡើង ១៤,៥​ភាគរយ​។ ខេត្តកំពត ភ្ញៀវ​សរុប ៧៦.៦៥៨​នាក់ កើនឡើង ២៩,១៧​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៤.៩៧១​នាក់ កើនឡើង ២៩,៧៧​ភាគរយ​និង​ភ្ញៀវ​អន្តរជាតិ ១៦៧៨​នាក់ កើនឡើង ៧,២៥​ភាគរយ​។ ខេត្តរតនគិរី ភ្ញៀវ​សរុប ១២.៧៤៤​នាក់ កើនឡើង ២៩,០៤​ភាគរយ ក្នុងនោះ ភ្ញៀវ​ជាតិ ១២៤១៣​នាក់ កើនឡើង ២៩,៤៥​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ ៣៣១​នាក់ កើនឡើង ១៥,៣៣​ភាគរយ​។ ខេត្តមណ្ឌលគិរី ភ្ញៀវ​សរុប​ចំនួន ១៣.៣៧២​នាក់ កើនឡើង ២២,៨៣​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ ១៣.៤៧៦ កើនឡើង ២២,៥៩​ភាគរ និង​ភ្ញៀវ​អន្តរជាតិ ២៩៦​នាក់ កើនឡើង​៣៤,៥៤​ភាគរយ​។​
​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ជាការ​គួរ​ឲ្យ​កត់សម្គាល់​សង្កេតឃើញថា ការរៀបចំំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មានការ​រីកចំរើន​កាន់តែ​ប្រសើរ ដោយ​ក្នុងនោះ អាច​ទប់ស្កាត់​ការ​តម្លើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ៕MN/ដោយៈមុនីរ័ត្ន,មូលសម្បត្តិិ