ទូរទស្សន៍​ជប៉ុន​លុបចោល​ការផ្សាយ​ផ្ទាល់​ក្រុម​ចម្រៀង BTS របស់​កូរ៉េខាងត្បូង ដោយសារ​អាវយឺត​រូប​គ្រាប់បែកបរមាណូ​

1081
ចែករម្លែក

​ទូរទស្សន៍​ជប៉ុន​មួយ​បាន​លុបចោល​ការបង្ហាញ​ខ្លួន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ដោយ​ក្រុម BTS របស់​កូរ៉េខាងត្បូង​បន្ទាប់ពី​រូបថត​មួយ​របស់​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​របស់​ពួកគេ​ពាក់​អាវយឺត​រូប​ទម្លាក់​គ្រាប់បែកបរមាណូ​បាន​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​អាវយឺត​ដែល​ពាក់​ដោយ​សមាជិក​ឈ្មោះ ជី​មីន ក៏បាន​បង្ហាញ​ពី​ការអបអរសាទរ​ការ​រំដោះ​កូរ៉េ​ពី​ជប៉ុន​ផងដែរ បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​។​

​បណ្តាញ​សង្គម​របស់​ជប៉ុន​បាន​ជជែក​យ៉ាង​ក្តៅគគុក​អំពី​អាវយឺត ដែលមាន​ពាក្យ​ជា​ភាសា​អង់គ្លេស​ថា “​ជាតិនិយម​” និង “​ប្រទេស​កូរ៉េ​” ។​

​ទូរទស្សន៍ Asahi បាន​និយាយថា ខ្លួន​បាន​និយាយ​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម​ចម្រៀង​របស់​ក្រុម BTS ដើម្បី​ព្យាយាម​ដឹង​ពី​មូលហេតុ​ដែល​ជី​មិន​ពាក់​អាវយឺត​នោះ​។​

​ទូរទស្សន៍​នេះ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​សុំទោស​ទស្សនិកជន​ផងដែរ ដែល​ទន្ទឹងរង់ចាំ​មើល​ការបង្ហាញ​ខ្លួន​របស់​ក្រុម​នេះ ដែល​គ្រោង​នឹង​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​សុក្រ​ទី​៩​វិច្ឆិកា​នេះ​។

​តារា​កូរ៉េ K-pop និង​តារាភាពយន្ត​កូរ៉េខាងត្បូង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន ដែល​ជួនកាល​គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​ភាពចម្រូងចម្រាស់​និង​អរិភាព​ផ្សេងទៀត​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ដោយសារតែ​ការកាន់កាប់​របស់​ជប៉ុន​នៅលើ​ឧបទ្វីប​កូរ៉េ​នៅ​ដើម​សតវត្សរ៍​ទី ២០ រហូតដល់​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២៕ ដោយ៖ កញ្ញាដាលីស

ទូរទស្សន៍ Asahi បាន​លុបចោល​ការផ្សាយ​ផ្ទាល់​ក្រុម​ចម្រៀង BTS ហើយ ដោយសារ​ជី​មីន​ពាក់​អាវយឺត​រូប​គ្រាប់បែកបរមាណូ