ដោយ : គូលែន/សៀមរាប ៖ នៅសណ្ឋាគារសុខា ក្រុងសៀមរាប ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក ឃឹម វុទ្ឋី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោក Yu Lei អគ្គនាយករង និងជាតំណាងក្រុមហ៊ុនយូណាន ឌីជីថលធីវី ខេត្តយូណានរបស់ចិន តំណាងអគ្គនាយកសារព័តមាន វិទ្យុ ទូរទស្សន៍ ខេត្តយូណានៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់មួយ ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតប៉ុស្តិ៍ទូរទស្សន៍ឌីជីថលជាភាសាខ្មែរ ដើម្បីឲ្យប្រព័ន្ឋផ្សព្វផ្សាយនៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងជឿនលឿនទៅមុខបន្ថែមទៀត។ ជាពិសេសដើម្បីបង្ហាញឲ្យឃើញពីជំហានរីកចម្រើនថ្មីមួយថែមទៀត បើកទំព័រនៃកិច្ចសហប្រតិបត្តិការលើកិច្ចការផ្សព្វផ្សាយ វិទ្យុនិងទូរទស្សន៍រវាងប្រទេសទាំងពីរកម្ពុជាចិន បន្ថែមពីលើនៃចំណងមិត្តភាព សហប្រតិបត្តិការល្អ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង លោក Fan Wie Ping អនុរដ្ឋមន្ត្រីរដ្ឋបាលជាតិ វិទ្យុ-ទូរទស្សន៍ NRTA ប្រទេសចិន ។
លោក ឃឹម វុទ្ធី បានបញ្ជាក់ថា កិច្ចសហការបង្កើតប៉ុស្តិ៍ទូរទស្សន៍ Digital CCDTV .TVK ជាភាសាខ្មែរ នៅប្រទេសកម្ពុជា គឺជាបង្អួចថ្មីមួយសម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពនៃប្រជាពលរដ្ឋកម្ពុជានិងចិន ដែលវានឹងផ្តល់នូវការអប់រំចំណេះដឹង ប្រពៃណី វប្បធម៌ទំនៀមទំលាប់ ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោករំពឹងថា នៅពេលអនាគត ក្រសួងព័ត៌មាននិងរដ្ឋបាលវិទ្យុទូរទស្សន៍ចិន នឹងបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពជឿជាក់ពីគ្នាទៅវិញទៅមកដោយស្មើភាព និងពិភាក្សាគ្នាដោយមិត្តភាព គាំទ្រគោលការណ៍គ្នាទៅវិញទៅមក ចែករំលែកនិងផ្តល់បទពិសោធ ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្តូរកម្មវិធីគ្នាទៅវិញទៅមក រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងកិច្ចសហការជាក់ស្តែងរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមកនិងអភិវឌ្ឍន៍រួមជាមួយគ្នា ៕B