ទូរទស្សន៍​ថោ​ន​រៀបចំ​ការប្រគុំ​តន្ត្រី​-​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​កោះ​ពេជ្រ​

1583
ចែករម្លែក

ដោយ​: ឫទ្ធិ​ស័ក្តិ / ភ្នំពេញ​: ប្លែក​ចម្លែក​ជាង​ពេលមុនៗ ទូរទស្សន៍​ថោ​ន នឹង​រៀបចំ​ការប្រគុំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ ប្រចាំ​ផលិតកម្ម​ថោ​ន និង​ការ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ លក្ខណៈ​អន្តរជាតិ ដែលមាន​កីឡាករ​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អ​ង្រួ​ង​នៅលើ​ឆាក​ប្រគុំ​តន្ត្រី និង​ស​ង្វៀន នៅ​កោះ​ពេជ្រ ក្រោយ​មហោស្រព នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​ហាក់ សុខ​ហេង នាយក​រដ្ឋបាល​របស់​ក្រុមហ៊ុន​ថោ​ន​គ្រុប ទទួលបន្ទុក​ការប្រគុំ​តន្ត្រី និង​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ បានអោយដឹងថា ទូរទស្សន៍​ថោ​ន គឺជា​លើក​ទី​១ ដែល​បានរៀបចំ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ រយៈពេល​បី​ថ្ងៃ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ (​ខាងក្រោយ​មហា​ស្រព​) ។ ការ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ គឺមាន​លក្ខណៈពិសេស​មិន​ធ្លាប់មាន​ពីមុនមក និង​មានការ​ផ្សាយ​ផ្ទាល់​រយៈពេល​បី​ថ្ងៃ នៅលើ​កញ្ចក់​ទូរទស្សន៍​ថោ​ន​។ ការ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ គឺជា​លក្ខណៈ​អន្តរជាតិ​ដោយមាន​កីឡាករ​ខ្មែរ​ល្បីៗ ចូលរួម​ប្រកួត​មានដូចជា កីឡាករ ឃុន ឌី​ម៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម , កីឡាករ វង្ស ណ​យ , កីឡាករ ឡុង សំណាង , កីឡាករ ឡៅ ចន្ទ្រា , កីឡាករ ស្រេង ស្រឿ​ន និង​កីឡាករ សុខ សា​វិ​ន រួមទាំង​កីឡាករ​ល្បី​មួយចំនួនទៀត និង​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​មកពី​ប្រទេស​ថៃ​។​

​លោក​បន្តថា ក្រៅពី​ការ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ គឺមាន​ការប្រគុំ​តន្ត្រី​រយៈពេល​បី​ថ្ងៃ មាន​លក្ខណៈ​ប្លែក ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ នៅក្នុង​ផលិតកម្ម​ថោ​ន និង​មានការ​ផ្សាយ​ផ្ទាល់​ផងដែរ​ពី​ម៉ោង៥ ដល់​ម៉ោង​១១​យប់ ។ តារា​ល្បីៗ​មានដូចជា កញ្ញា មាស សុខ​សោភា , កញ្ញា រ៉ា​ប៊ី ម្ចាស់​បទ​ចម្រៀង​មាន់​ស្រែ , លោក ខេ​ម ឈិ​ត សុវណ្ណ​បញ្ញា យក់ ថិ​ត​រដ្ឋា ម៉ៅ​ហា​ជី រួមទាំង​តារាចម្រៀង​សុ​រិ​ន ចេន សាយ​ចៃ និង​តារាចម្រៀង​ល្បីៗ​ជាច្រើន​ទៀត​។​

​លោក​ហាក់ សុខ​ហេង សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​មក​ទស្សនាការ​ប្រដាល់​ក្បាច់គុន​ខ្មែរ​ល​លក្ខណៈ​អន្តរជាតិ និង​ការប្រគុំ​តន្ត្រី ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍​ថោ​ន នៅ​កោះ​ពេជ្រ ខាងក្រោយ​មហា​ស្រព ដោយមាន​ទស្សនីយភាព​ប្លែកៗ​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​៕ ល​