ដោយ : សុផល/ភ្នំពេញ ៖ ទូរទស្សន៍ទំនើបបំផុតបច្ចេកវិទ្យាចុងក្រោយប្រភេទ4K HDRរបស់សូនី បានមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ទូរទស្សន៍ A9F OLEDនិងZ9F LCD ដែលមានលក្ខណសម្បត្តិ ល្អឥតខ្ចោះលើគុណភាព រូបភាព សម្លេងនិងការរចនានេះ បានត្រូវសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨។
លោក Jeremy Choon Guanជំនួយការអគ្គនាយកក្រុមហ៊ុនសូនីបានមានប្រសាសន៍ថា ឆ្នាំ២០១៧គឺជាឆ្នាំប្រវត្តិសាស្ត្ររបស់របស់ទូរទស្សន៍សូនី សម្រាប់កំណើនពាណិជ្ជកម្មនិងកំណើនការលក់។ សូនី បានឈ្នះពានរង្វាន់ល្បីៗលំដាប់អន្តរជាតិជាច្រើន ខាងរូបភាពនិងសម្លេង។ ឆ្នាំនេះនិងឆ្នាំ២០១៩សូនី នឹងបន្តផ្តោតទៅលើផលិតផលទូរទស្សន៍បច្ចេកវិទ្យាទំនើបចុងក្រោយ គឺទូរទស្សន៍ម៉ាក Bravia Oled ស៊េរី A9Fនិង Z9F ។
លោក Felix Foo ប្រធានផ្នែកទីផ្សារ បាននិយាយថា ទូរទស្សន៍ស៊េរីថ្មីនេះជាទូរទស្សន៍ទំនើបបំផុតរបស់សូនី ដែលមានរូបភាពនិងសម្លេងគុណភាពខ្ពស់បំផុត។ សូនី ជាម៉ាកល្បីលំដាប់ពិភពលោកមានគុណភាពល្អទាំងសម្លេងនិងរូបភាព ហើយលោករំពឹងថានឹងទទួលជោគជ័យនៅកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំការលក់របស់សូនីកើនឡើងជាលំដាប់។
ទាក់ទងនឹងចំណែកទីផ្សារប្រទេសកម្ពុជាលោកបានឱ្យដឹងថា សូនី ជាប់ឈ្មោះជាក្រុមហ៊ុនកំពូលៗបី។ យើងបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍអ្វីៗ ដែលថ្មីបន្ថែមដើម្បីក្លាយខ្លួនជាក្រុមហ៊ុនលំដាប់ទី១នៅកម្ពុជា នៅពេលអនាគត។
សូមជម្រាបថាទូរទស្សន៍ Flagship A9F បំពាក់មកជាមួយ Pixel Contrast Boster ដែលជាឧបករណ៍ត្រួតពិនិត្យលើផ្ទាំងOLED។ទូរទស្សន៍ A9F មានគុណភាពសម្លេងល្អឥតខ្ចោះដោយសារតែបច្ចេកវិទ្យា Acoustic Surface Audio។ ទូរទស្សន៍ Z9F មានគុណភាពខ្ពស់ រូបច្បាស់ សម្លេងល្អ ការរចនាល្អប្រណីត ។ទោះមើលពីជ្រុងណាក៏ដោយក៏នៅតែច្បាស់។ ទាំង A9F OLEDនិងZ9F LCD ត្រូវបំពាក់ដោយប្រព័ន្ធដំណើរការទើបតែអភិវឌ្ឍថ្មីគឺ XI Ultimate Processor ។ប្រព័ន្ធដំណើរនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់រូបភាព។
លោក តាំង សុធារិទ្ធ តំណាងក្រុមហ៊ុនស៊ុនស៊ីមិចកូ ដែលជាអ្នកចែកចាយផ្តាច់មុខផលិតផលសូនីប្រចាំកម្ពុជាបានឱ្យដឹងថាៈពិធីសម្ពោធនិងរាត្រីវីអាយភីសូនីនេះ បានត្រូវធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផលថ្មីបច្ចេកវិទ្យាចុងក្រោយ នឹងថ្លែងអំណរគុណដល់អ្នកប្រើប្រាស់និងតែងតែគាំទ្រក្រុមហ៊ុន និងមានការលក់បញ្ចុះតម្លៃសម្រាប់ផលិតផលថ្មី។
ក្រុមហ៊ុនស៊ុនស៊ីម៉ិកកូ ជាក្រុមហ៊ុនដំបូងតែមួយគត់ដែលនាំចូលគ្រឿងបរិក្ខាអេឡិចត្រូនិកចូលមកកម្ពុជា និងបានចាប់ផ្តើមអាជីវកម្មតាំងពីទសវត្សរ៍៩០។ រហូតមកដល់ពេលនេះ មាន១៧សាខានៅទូទាំងប្រទេស ដែលក្នុងនោះ១២សាខានៅរាជធានីភ្នំពេញនិង៥សាខាទៀតនៅតាមបណ្តាខេត្តដូចជា ខេត្តព្រះសីហនុ សៀមរាប កំពត បាត់ដំបង។
សូមបញ្ជាក់ថាក្រៅពីតាំងបង្ហាញទូរទស្សន៍ស៊េរីម៉ាស្ទ័រទាំងពីរនេះ A9F OLEDនិងZ9F LCD គ៏មានបង្ហាញផលិតផលថ្មីៗជាច្រើនទៀតផងដែរ ៕B