ទូរទស្សន៍​រដ្ឋ​ចិន​ផ្អាក​ផ្សាយ​កម្មវិធី​ប្រកួត​បាល់បោះ NBA មុន​បើក​រដូវ​កាល​ចំនួន​២​ប្រកួត​

463
ចែករម្លែក

​ទូរទស្សន៍ CCTV របស់​រដ្ឋ​ចិន​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៨​តុលា​ថា ខ្លួន​នឹង​លែង​ចាក់ផ្សាយ​ការប្រកួត​បាល់បោះ NBA មុន​បើក​រដូវ​កាល​ចំនួន ២ ប្រកួត ដែល​កំពុង​ត្រៀម​ចាក់ផ្សាយ​នៅក្នុង​ប្រទេស​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ទូរទស្សន៍ CCTV បាន​បញ្ជាក់ថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ជំរុញ​ឡើង​ដោយ​សម្តី​របស់​ស្នងការ​ក្របខ័ណ្ឌ​បាល់បោះ NBA លោក អា​ដាំ ស៊ី​ល​វើ នៅក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពី​ការ​បង្ហោះ​សារ​មួយ​នៅលើ Twitter ដោយ​លោក ដា​អ៊ី​ល ម៉ូ​រ៉េ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុម​បាល់បោះ Houston Rockets កាលពី​សប្តាហ៍​មុន ដែល​គាំទ្រ​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង​។​

​សេចក្តីថ្លែងការណ៍​ដែល​បង្ហោះ​នៅក្នុង​គណនី​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ប៉ុស្តិ៍​កីឡា​របស់ CCTV បាន​និយាយថា ទូរទស្សន៍​រដ្ឋ​ចិន​នេះ​កំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​របស់ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង NBA​។​

CCTV បាន​និយាយថា “​យើង​មិន​ពេញចិត្ត​និង​ជំទាស់​ចំពោះ​ការអះអាង​របស់លោក​អា​ដាំ ស៊ី​ល​វើ​ដែល​គាំទ្រ​សិទ្ធិ​របស់លោក​ម៉ូ​រ៉េ​ដើម្បី​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ យើង​ជឿថា​រាល់​សម្តី​ណាមួយ​ដែល​ប្រឆាំងនឹង​អធិបតេយ្យភាព​ជាតិ​និង​ស្ថិរភាព​សង្គម​គឺ​មិន​ស្ថិតក្នុង​វិសាលភាព​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ​”​។​

​លោក​ស៊ី​ល​វើ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទី​ភ្នា​កា់រ​សារព័ត៌មាន​ក្យូ​ដូ​កាលពី​ថ្ងៃ​ចន្ទ​ថា NBA គាំទ្រ​លោក​ម៉ូ​រ៉េ​។​

​ធ្វី​ត (Tweet) របស់លោក​ម៉ូ​រ៉េ​បាន​បង្កឱ្យមាន​រលក​នៃ​ការផ្តាច់​កុងត្រា​ពី​ក្រុមហ៊ុន​ចិន​ជាច្រើន​ដែល​រួមមាន​ទាំង​ក្រុមហ៊ុន​លក់រាយ ក្រុមហ៊ុន​កីឡា​និង​វេ​ប​សាយ​ព័ត៌មាន​សំខាន់ៗ ដែល​បាន​បញ្ឈប់​ភាពជា​ដៃគូ​ជាមួយ​ក្រុម​បាល់បោះ Rockets៕ ដោយ៖ កញ្ញាដាលីស

ស្នងការ​ក្របខ័ណ្ឌ​បាល់បោះ NBA លោក អា​ដាំ ស៊ី​ល​វើ