ទូរទស្សន៍​លេខ​៥​ លើក ដួង ម៉ា​និ​ច ជា​តួឯក​ស្រី​ទៀត​ក្នុង​រឿង “​អន្ទាក់ស្នេហ៍​”

899
ចែករម្លែក

ភ្នំពេញ​: ស្ថានីយទូរទស្សន៍​លេខ​៥ កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩​បានរៀបចំពិធីក្រុង​ពាលី​រឿង​ភាគ​ថ្មី “​អន្ទាក់ស្នេហ៍​” ដោយ​ប្រកាស​នូវ​តារា​សិច​ស៊ី​កញ្ញា ដួង ម៉ា​និ​ច លើកជា​តួឯក​ស្រី​ទៀតហើយ​ មក​ប៉ះ​ជាមួយ​លោក មង្គល ខណៈ​នាង​កំពុងតែ​ផ្ទុះរឿង​មាន​ស្នេហាខុស​វ័យ​ជាមួយ​លោក បុត្រ​។

​ស្ថានីយទូរទស្សន៍​លេខ​៥ បានប្រកាស​ត្រៀម​ថត​រឿង​ភាគ​ថ្មី​មាន​ចំណងជើង​ថា “​អន្ទាក់ស្នេហ៍​” ដោយ​លើក​នេះ​ដាក់​តារា​សម្តែង​ពីររូប​មក​ប៉ះគ្នា​គឺ​លោក មង្គល និង កញ្ញា ដួង ម៉ា​និ​ច ជា​តួឯក ។ រឿងនេះ​ក្រៅពី​តួឯក​ទាំងពីរ​មាន​តារា​ល្បីៗ​ដូចជា កញ្ញា រ៉ូ​ហ្សា​, កញ្ញា ដា​នី អា​រី​យ៉ា​, កញ្ញា ចាន់ ស្រីរ័ត្ន​, កញ្ញា មូ​ន​ណា​, អ្នកនាង ញឹម ច័ន្ទ​ថន​, តារា​កំប្លែង​លោក ចេ​ឡា​, លោក រិទ្ធី​, លោក យុទ្ធ ឋានៈ​, លោក គង់ សុ​ភី​, អ្នកស្រី ញឹម សុខា , អ្នកស្រី វណ្ណា និង​តារា​ជាច្រើន​នាក់​ផ្សេង​មក​រួមគ្នា​ដើម្បី​សាច់រឿង​នេះ​នឹង​ទទួលការចាប់អារម្មណ៍​ពី​ទស្សនិកជន​។​

​អ្នកដឹកនាំ​កម្មវិធី​របស់​ទូរទស្សន៍​នេះ​បាន​បង្ហើប​ឱ្យដឹងថា មូលហេតុ​ដែល​ដាក់​កញ្ញា ដួង ម៉ា​និ​ច ជា​តួឯក​ស្រី​នោះ​ ដោយសារតែ​នាង​មាន​សមត្ថភាព ហើយ​រឿង​ភាគ​លើក​មុនៗដែលជា​តួឯក​ស្រី​នោះ​ទទួល​ការគាំទ្រ​និង​សរសើរ​។ ម្យ៉ាង​នាង​កំពុងតែ​ផ្ទុះ​រឿង​មានទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​តារា​វ័យក្មេង​លោក បុត្រ ​ធ្វើឱ្យ​ផ្អើល​ពេញ​បណ្តាញសង្គម​។ ដូច្នេះ​ដាក់​នាង​មកជា​តួឯក​ស្រី​ប៉ះ​ជាមួយ​បុរស​វ័យ​កណ្តាល​លោក មង្គល នឹង​ទទួលបាន​ការគាំទ្រ​និង​ជោគជ័យ​។

​អ្នក​គ្រប់​គ្រងដឹកនាំ​ការថត​រឿង​ភាគ​នេះ​បញ្ជាក់ថា រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​លេខ​៥ នឹង​ត្រៀម​ថត​នាពេល​ឆាប់ៗ​នេះ ដោយ​ចំណាយ​រយៈពេល​បី​ខែ ដើម្បី​សម្រិតសម្រាំង ទាំង​គុណភាព និង ឈុត​ឆាក​ល្អៗ ជូន​ទស្សនិកជន​មិនឱ្យ​ខកបំណង​។ ទាំង​រឿងនេះ សរុបមក​ទូរទស្សន៍​លេខ​៥​បាន​ផលិត​រឿង​ភាគ​ខ្មែរ​សរុបមក​ដល់ពេលនេះ​បាន​ប្រមាណ​២១​រឿង​មកហើយ ដើម្បី​ឆ្លើយតប​ទៅកាន់​ប្រជាជន​ខ្មែរ និង​គាំទ្រ​វិស័យ​ភាពយន្ត​ឱ្យ រីកចម្រើន​។

​តារា​សម្តែង​សិច​ស៊ី ឌួង ម៉ា​និ​ច បាន​ប្រាប់ថា រឿង​ភាគ “​អន្ទាក់ស្នេហ៍​” នាង​ទទួលបានតំណែង​ជា​តួឯក​ស្រី ដែលជា​ស្រី​ក្រមុំ​ស្រស់ស្អាត ជាប់​លំដាប់​សេដ្ឋីនី​ជាម​នុស្ស​មិនងាយ​ទទួលព្រម​ចំពោះ​អ្នកណា​ងាយៗ​នោះទេ​។ រឿងនេះ​អ្វីដែល​ពិសេស​នោះ​នាង ដើរតួ​ជា​ស្រី​លំដាប់​អ្នកមាន ហើយ​មាន​ធ្លាប់​ឆ្លង​ការ​ប្តី​បីនាក់​ដែល​ប្តី​ទាំងនោះ​សុទ្ធតែស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ រហូត​អ្នកណា​ក៏​ចង់​ខ្លាច​នាង​ដែរ​។ ក្នុង​រឿងនេះ​សង្គម ហៅ​តួ​ស្រី​នេះ​ជា​ស្រី​ចង្រៃ ធ្វើឱ្យ​តួឯក​ស្រី​ក្លាយជា​មនុស្ស​ក្រៀមក្រំ​ដាក់​ទឹកចិត្ត​ក្នុង​ជីវិត រហូត​មកជួប​តួឯក​ប្រុស ហើយ​លង់​ស្រឡាញ់​តាម​រហូត​សម្រេច​មាន​ស្វាមី​ជា​លើក​ទី​៤ ៕ ដោយ​:​បូ​រិ​ន​/Ha