ទូរទស្សន៍ RT America របស់​រុស្ស៊ី ចុះបញ្ជី​ជា “​ភ្នាក់ងារ​បរទេស​” ក្នុង​សហរដ្ឋអាមេរិក​

132

​ស្ថានីយទូរទស្សន៍ RT America ដែល​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង បាន​ចុះបញ្ជី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​វិច្ឆិកា​ជាមួយ​ក្រសួងយុត្តិធម៌​អាមេរិក​ថា​ជា “​ភ្នាក់ងារ​បរទេស​” នៅ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​សម្តី​របស់​និពន្ធ​នាយក​ប៉ុស្តិ៍​នេះ​។ ហើយ​ក្រសួងយុត្តិធម៌​អាមេរិក​បានបញ្ជាក់​អំពី​ដំណឹង​នេះ​នៅពេល​ក្រោយនេះ​បន្តិច​។​

​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ខែមករា​ថា ស្ថានីយទូរទស្សន៍ ដែល​ផ្សាយ​តាម​ខ្សែកាប​នៅ​សហរដ្ឋអាមេរិក​នេះ គឺជា “​ម៉ាស៊ីនឃោសនា​រដ្ឋ​រប​ស់​រុស្ស៊ី​” ហើយ​ថា​វា​បានរួម​ចំណែក​ដល់​យុទ្ធនាការ​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​រំខាន​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំមុន​ដើម្បី​គាំទ្រ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ​។​

​បន្ទាប់ពី​របាយការណ៍​នោះមក ក្រសួងយុត្តិធម៌​អាមេរិក​បាន​ទទូចថា ទូរទស្សន៍ RT America ត្រូវគោរព​តាម​លក្ខខណ្ឌ​នៃ​ការចុះបញ្ជី​ក្រោម​ច្បាប់​ចុះបញ្ជី​ភ្នាក់ងារ​បរទេស (FARA)​។ នៅក្រោម​ច្បាប់​នេះ ទូរទស្សន៍ RT នឹងត្រូវ​តម្រូវឱ្យ​បង្ហាញ​ព័ត៌មាន​ហិរញ្ញវត្ថុ​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​ការបោះឆ្នោត ហើយ​និយាយថា ខ្លួន​បានចាត់ទុក​សកម្មភាព​ប្រឆាំងនឹង​ទូរទស្សន៍ RT ជា​ទង្វើ​មិនមាន​ការ​រាក់ទាក់​។​

​ប៉ុន្តែ​និពន្ធ​នាយក​របស់ RT លោកស្រី ម៉ា​ហ្គា​រីតា សាយ​ម៉ុ​ន​យ៉ាន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​គោរព​តាម​ការទាមទារ​ដើម្បី​ចៀសវាង​ចំណាត់ការ​ផ្លូវច្បាប់​បន្ថែមទៀត​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

និពន្ធ​នាយក​របស់ RT លោកស្រី ម៉ា​ហ្គា​រីតា សាយ​ម៉ុ​ន​យ៉ាន