ទូរស័ព្ទ​អេក្រង់​អាច​បត់​បាន Galaxy Fold ខូច​កញ្ចក់​អេក្រង់ បន្ទាប់ពី​អ្នក​ប្រើ​យកទៅ​តេស្ត​មើល​ពីរ​បី​ថ្ងៃ​

497
ចែករម្លែក
  • 16
    Shares

​ទូរស័ព្ទ​ស៊េរី​ថ្មី​អាច​បត់​បាន​មួយចំនួន​របស់ Samsung ហាក់ដូចជា​ខូច បន្ទាប់ពី​ប្រើប្រាស់​បាន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។​

​អ្នកសារព័ត៌មាន ដែល​បានទទួល​ទូរស័ព្ទ​នេះ​ដើម្បី​ធ្វើការ​ពិនិត្យ​បង្ហាញ មុន​ការចេញលក់​ជា​សាធារណៈ បាន​និយាយថា អេក្រង់​របស់​ទូរស័ព្ទ Galaxy Fold បានចាប់ផ្តើម​លោត​ញាក់ៗ និង ប្រែជា​ងងឹតឈឹង មុនពេល​បើក​លែងចេញ​ទាំងស្រុង​។​

​អ្នកកាសែត​មួយចំនួន​បាន​និយាយថា ពួកគេ​បាន​ដក​ស្រទាប់​ការពារ​ស្តើងៗ​ចេញពី​អេក្រង់ ដែល​ពួកគេ​គិតថា​នឹងត្រូវ​ចេញ ប៉ុន្តែ​តាមពិត​គេ​ត្រូវ​រក្សា​វា​ទុក​។​

​ការព្រមាន​នៅលើ​ប្រអប់​ទូរស័ព្ទ Galaxy Fold ណែនាំ​អ្នកប្រើប្រាស់​កុំឱ្យ​បក​ស្រទាប់​ការពារ​ចេញ​។ នេះ​បើ​យោងតាម​រូបថត​មួយ​បង្ហោះ​ដោយ​អ្នកគ្រប់គ្រង​ផលិតផល​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន T-Mobile លោក ដេ​ស​ម៉ុ​ន ស្មី​ត (Desmond Smith)​។​

​ការព្រមាន​នោះបាន​សរសេរថា “​អេក្រង់​ធំ​គឺ​គ្របដណ្តប់​ដោយ​ស្រទាប់​ការពារ​ពិសេស​។ កា​របក​ស្រទាប់​ការពារ​ឬ​ប្រើ​ស្រទាប់​ស្អិត​ផ្សេង​បិទ​នៅលើ​អេក្រង់​ធំ ដូចជា បន្ទះ​ការពារ​អេក្រង់​ឬ​ស្ទីក​ឃើ អាចធ្វើឱ្យ​ខូច​”​។

​អ្នកយកព័ត៌មាន​រប​ស់​វេ​ប​សាយ Bloomberg លោក​ម៉ាក ហ្គួ​រ​ម៉ាន់ បាន​និយាយថា ទូរស័ព្ទ Galaxy Fold របស់គាត់​បានចាប់ផ្តើម​ដំណើរ​ការមិន​ប្រក្រតី បន្ទាប់ពី​គាត់​បាន​បក​ស្រទាប់​ការពារ​ចេញ ហើយ​នៅ​ទីបំផុត​វា​មិនអាច​ប្រើប្រាស់​បានទេ​។​

​លោក​ហ្គួ​រ​ម៉ាន់​បាន​សរសេរ​នៅក្នុង Twitter ថា “​អេក្រង់​នៅលើ​ទូរស័ព្ទ Galaxy Fold សម្រាប់​ការពិនិត្យ​បង្ហាញ​របស់ខ្ញុំ បាន​ខូច​ទាំងស្រុង និង​មិនអាច​ប្រើ​បាន​ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​”​។​

​ក្រៅពីនេះ អ្នកប្រើប្រាស់ YouTube ឈ្មោះ ម៉ា​កេស ប្រោ​ន​លី បាន​និយាយថា គាត់​បាន​បក​ចេញ​ស្រទាប់​ការពារ ហើយ​ទូរស័ព្ទ​គាត់​ក៏​ចាប់ផ្តើម​មាន​បញ្ហា​។

​ប៉ុន្តែ លោក​ឌី​ត​ធឺ បូញ និពន្ធ​នាយ​កវេ​ប​សាយ​បច្ចេកវិជ្ជា The Verge និយាយថា គាត់​បាន​ទុក​ស្រទាប់​ការពារ​នោះ ហើយ​អេក្រង់​ទូរស័ព្ទ​នៅតែ​ខូច​។

​លោក​បូញ​បាន​បន្ថែមថា ទូរស័ព្ទ​នេះ​ហាក់​មាន​កន្លែង​ចំហ​ណាមួយ ដោយ​បណ្តាលឱ្យ​អេក្រង់ “​ខូច​ទ្រង់ទ្រាយ​” ជាមួយ​ការ​ប៉ោង​តិចតួច ដែល​អាច​យក​ម្រាមដៃ​ស្ទាប​ដឹង​។

​លោក​និយាយថា នៅ​ទីបំផុត អេក្រង់​បានចាប់ផ្តើម​បង្ហាញ​សញ្ញា​ជាច្រើន​ថា វា​នឹង​ខូច​ទាំងស្រុង​។​

​វេ​ប​សាយ CNBC ក៏​រាយការណ៍​ផងដែរ​ថា សូម្បី​ពុំ​បក​ស្រទាប់​ការពារ​ចេញ ទូរស័ព្ទ​នៅតែ​ឈប់​ដំណើរការ​ប្រក្រតី​។

​វេ​ប​សាយ​នេះ​បកស្រាយ​ថា “​នៅពេល​បើក​ទូរស័ព្ទ ផ្នែក​ខាងឆ្វេង​នៃ​អេក្រង់​បត់​បាន ដែលមាន​ទំហំ​ដល់​ទៅ ៧,៣ អ៊ី​ញ ញាក់​មិន​ព្រម​ឈប់​”​។​

​បញ្ហា​នេះ​បាន​លើក​ជា​សំណួរ​អំពី​ថា​តើ​ទូរស័ព្ទ Galaxy Fold អាច​ទ្រាំទ្រ​រួច​ជាមួយនឹង​ការប្រើប្រាស់​ធម្មតា​ដែរ​ឬ​យ៉ាងណា​។

​នៅមុន​ការចេញលក់​ទូរស័ព្ទ Galaxy Fold ក្រុមហ៊ុន Samsung បានធ្វើ​តេស្ត​មេកា​និក​របស់​ទូរស័ព្ទ​នេះ​ច្រើនជាង​២០​ម៉ឺន​ដង ដោយ​អះអាងថា​វា​បាន​ជាប់​តេស្ត​ភាព​ធន់​ជាប់​បានយូរ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Galaxy Fold ខូច​អេក្រង់ បន្ទាប់ពី​ធ្វើតេស្ត​បាន​ពីរ​បី​ថ្ងៃ