ទូរស័ព្ទ Huawei P40 អាច​នឹង​បំពាក់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS ក្នុង​ឆ្នាំ ២០២០

215
ចែករម្លែក

​លោ​ករី​ឆាត យូ ប្រធាន​អាជីវកម្ម​ផលិតផល​របស់​ក្រុមហ៊ុន Huawei បាន​និយាយថា ស្មា​ត​ហ្វូ​ន Huawei P40 ដែល​គ្រោង​ដាក់​បង្ហាញ​នៅ​ឆ្នាំក្រោយ អាចជា​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​របស់​ក្រុមហ៊ុន​ចិន​នេះ ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS របស់ខ្លួន​ជំនួស​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ពី​អឺរ៉ុប​និង​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​បច្ចេកវិជ្ជា​ផលិតផល​ឈានមុខ​គេ​នៅ​អឺរ៉ុប គឺ ពិព័រណ៍​ពាណិជ្ជកម្ម​បច្ចេកវិជ្ជា​ផលិតផល​ប្រើប្រាស់ IFA កាលពី​ថ្ងៃ​សុក្រ​ទី ៦ កញ្ញា លោក​យូ​បាន​និយាយថា ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS ត្រៀមខ្លួន​រាល់​សម្រាប់​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ប្រើ​ប្រព័ន្ធ​នេះ​ទេ ពីព្រោះ​ខ្លួន​កំពុង​រង់ចាំ​រដ្ឋាភិបាល​អាម៉េរិក​ដក​បម្រាម​រប​ស់​ខ្លួន​លើ​ក្រុមហ៊ុន Huawei​។​

​បម្រាម​នេះ​រារាំង​ក្រុមហ៊ុន​អាម៉េរិក​នានា ដូចជា ក្រុមហ៊ុន Google ជាដើម កុំឱ្យ​ផ្តល់​ទំនិញ​និង​សេវាកម្ម​ដល់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មួយ​នេះ​។​

​លោក​យូ​បាន​និយាយថា ប្រសិនបើ​ការហាមឃាត់​របស់​អាម៉េរិក​នៅតែ​បន្ត​កើតមាន នោះ​ក្រុមហ៊ុន Huawei ប្រហែលជា​ត្រូវ​ពិចារណា​ប្រើប្រាស់ HarmonyOS នៅក្នុង​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។​

​ហើយ​ទូរស័ព្ទ​ប្រភេទ​នោះ​ដំបូង​បំផុត​អាចជា​ស៊េរី P40 នៅ​ឆ្នាំក្រោយ ដែលជា​ទូរស័ព្ទ​ស្នង​ត្រកូល​ម៉ូ​ដែល P30 ឆ្នាំនេះ​។​

​ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​របស់​កាសែត The Straits Times លោក​យូ​ក៏បាន​លាតត្រដាង​ផងដែរ​ថា ក្រុមហ៊ុន Huawei បាននិងកំពុង​ពិចារណា​លក់​បន្ទះ​ឈី​ប Kirin របស់ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន​ដទៃទៀត​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិជ្ជា ដូចជា មនុស្ស​យន្ត និង ប្រព័ន្ធ Internet of Things (IoT)​។​

​បន្ទះ​ឈី​ប Kirin របស់​ក្រុមហ៊ុន Huawei បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​តែ​នៅក្នុង​ផលិតផល​របស់ខ្លួន​ប៉ុណ្ណោះ​។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅឯ​ពិព័រណ៍ IFA ក្រុមហ៊ុន​បានដាក់​បង្ហាញ​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយបង្អស់​គឺ Kirin 990 ដែលមាន​ភ្ជាប់​បណ្តាញ 5G ។ Kirin 990 នឹងត្រូវ​ប្រើ​នៅក្នុង​ទូរស័ព្ទ​នឹង​មកដល់​ឆាប់ៗ​នេះ​គឺ Huawei Mate 30 ដែល​នឹងដាក់​លក់​នៅ​ពាក់កណ្តាល​ខែកញ្ញា​តទៅ​៕ ដោយ ៖ កញ្ញាដាលីស

ទូរស័ព្ទ Huawei P40 អាច​នឹង​បំពាក់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS ក្នុង​ឆ្នាំ ២០២០
#