ទើប​សម្ដែង​បាន​២​រឿង​តារា​សម្ដែង​ពី​ន​ពី​ន​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​រន្ធត់​ ​

1345
ចែករម្លែក

(​ភ្នំពេញ​) ៖ ទោះបី​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង ក្នុង​ពិភព​សិល្ប​:​ក្ដី តែ​ការស្លាប់​របស់​តារា​សម្ដែង​វ័យ​១៧​ឆ្នាំ កញ្ញា​សន សុគន្ធា​រី ហៅ​ពី​ន​ពី​ន បង្ក​ការរំជើបរំជួល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​នាង​ត្រូវបាន​រថយន្ត​កិន​ស្លាប់ កាលពី​រសៀល​ថ្ងៃទី​២៩ មិថុនា​នៅ​ម្ដុំ​ស្ពាន​ព្រែក​ព្នៅ​ក្នុងពេលដែល​នាង​ចេញពី​ហែរ​ជំនូន​មង្គលការ​មួយ​។​
​ ​
​លោក​លៀក លី​ណា អ្នកចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​LD Picture បង្ហាញ​អារម្មណ៍​រន្ធត់ចិត្ត​ក្រោយពី​បានដឹងថា​នាង​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​ហើយ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។​
​ ​
​លោក​ថា នាង​គឺជា​តួ​សម្ដែង​មកពី​ក្លិប និង​ទើប​ត្រូវបាន​ផលិតកម្ម​របស់លោក​ផ្ដល់ ឱកាស ឲ្យ​សម្ដែង​បាន​២​រឿង​ប៉ុណ្ណោះ គឺ​ភាគ “​អាពាហ៍ពិពាហ៍​ចម្លែក​” និង​រឿង “​ក្រមុំ​បាយ​ឆា​” ដោយ​នាង​បាន​សម្ដែង​ជា​តួ​រាយរង​នៅក្នុង​រឿង​។ យ៉ាងណាមិញ​លោក​ថា​ត្រេ​មុខ និង​សមត្ថភាព​របស់​នាង លោក​គ្រោង​នឹងត្រូវ​បាន​លើក​ឲ្យ​សម្ដែង​ជា​តួ​សំខាន់​សម្រាប់​រឿង​ក្រោយៗ​ប៉ុន្តែ​មិនទាន់​បានទទួល​​ការងារ​ថ្មី​នោះ​ផង នាង​ស្រាប់តែ​ជួប​សំណាងអាក្រក់ ដោយ​ត្រូវ​រថយន្ត​កិន ស្លាប់​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២៩ មិថុនា​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ជនរងគ្រោះ​ទី​១ ឈ្មោះ ផង់ ស្រីរ​ត្ន័ ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ រងរបួស​ស្រាល និង ទី​២ ឈ្មោះ សន សុគន្ធា​រី ហៅ កញ្ញា ពី​ន ពី​ន ភេទ​ស្រី អាយុ ១៨​ឆ្នាំ​ស្លាប់ ជា​អ្នកជិះ​ពីក្រោយ ។ អ្នក​ទាំងពីរ មាន​ទីលំនៅ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ ​

​គួរ​បញ្ជាក់ថា ហេតុការណ៍​ដែល​បណ្ដាល​ឲ្យ​តារា​សម្ដែង​កញ្ញា​ពី​ន​ពី​ន ខណៈ​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដារ Zoomer-X ពាក់​ស្លាក់​លេខ​1FK-4641 ជិះ​ពី​លិចទៅ​កើត​នៅ​ម្ដុំ​ស្ពាន​ព្រែក​ព្នៅ ហើយក៏​ត្រូវ​រថយន្ត​ស៊ីទែន​ដឹក​សាំង​របស់​ក្រុមហ៊ុន LXR​បើក​ជ្រុល​ចង្កូត​កិន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ចំណែក​នារី​ម្នាក់ទៀត គ្រាន់​តែមាន​របួស​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ អ្នកបើករថយន្ត​បង្ក បាន​បើក​ទៅមុខ រហូតដល់​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក៏​ចុះ​រត់​គេចខ្លួនបាត់​តែម្តង ។ ​

​បច្ចុប្បន្ន​សព​របស់​នា​ង​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​តាំងក្រសាំង ខណ​:​ដែល​អ្នកបើក បុក​ដែល​ព្យាយាម រត់គេច​ត្រូវ​សមត្ថកិច្ច​ចាប់បាន​៕ ​ដោយ ៖វិបុល