ទៀតហើយ​! សម្តេចក្រុមព្រះ និងអ្នកម្នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ព្រៃនប់​

3473
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន-វណ្ណៈ / ភ្នំពេញ​: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុកផល្លា ព្រមទាំងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួស ធ្ងន់ស្រាល បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស និង​ភាគី​ម្ខាង​ទៀត​ក៏​របួស​ដែរ ប៉ុន្តែ​ធ្ងន់ធ្ងរ​។ នៅមុន​កើតហេតុ ក្បួន​រថយន្ត​សម្តេចក្រុមព្រះ បាន​ជិះ​ពី​ខេត្តកំពត​ទៅ​ខេត្ត​ព្រះសីហនុ ដោយ​សម្តេចក្រុមព្រះ ជិះ​នៅក្នុង​រថយន្ត BMW ពណ៌​ស ស្លាក​លេខ រដ្ឋសភា 2-090 និង​រថយន្ត​ម្ខាង​ទៀត​ម៉ាក​ហាយ​ឡេ​ន​ឌើ ពណ៌​ស ស្លាក​លេខ 2-9667 ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ​។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L 9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។

ប្រភពបន្តថា  អ្នកម្នាង អ៊ុក ផល្លារ រងរបួសធ្ងន់បែកឈាមក្នុងពោះ ត្រូវបញ្ជូនទៅភ្នំពេញ តាម​យន្តហោះ
ចំណែកសម្តេចក្រុមព្រះបានបញ្ជូនមកគ្លីនិច សេតេ ដោយមានរបួសធ្ងន់ជើងទាំងសងខាង និងហូរឈាមតាមត្រចៀកទាំងសងខាង ពេទ្យថា នឹងបញ្ជូនសម្តេចក្រុមព្រះទៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមយន្តហោះអេឡេកូចំនួន២ ចុះនៅសណ្ឋាគារសុខា១ និងចុះនៅមន្ទីពេទ្យចំការចេក១។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ៕ ល​