ទៀ បាញ់ ជា​នរណា​? ពីប្រធាន​យោធា​ខេត្តកោះកុង​មកកាន់រដ្ឋមន្ត្រី​ក្រសួងការពារជាតិ

1403

​រដ្ឋមន្ត្រី​ការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ “​សម្តេច​ពិជ័យ​សេនា​”​។ ការតែងតាំង​នេះ បានធ្វើ​ឡើង តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។​

​ក្នុង​ព្រះរាជក្រឹត្យ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​កំពុង​គង់នៅ​ប្រទេស​ចិន បាន​លើកឡើងថា សម្តេច ទៀ បាញ់ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ចូលរួម​ជួយ​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារជាតិ មាន​ស្ថិរភាព សន្តិសុខ​សង្គម​បានល្អ​ប្រសើរ និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​រក្សាបាន​នូវ​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការ​ប្រោស​ព្រះរាជទាន​គោរមងារ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ជាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ លើកឡើងថា ដោយសារតែ​សម្តេច ទៀ បាញ់ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះពុទ្ធសាសនា ចូលរួម​ការពារ​និរន្តរភាព​រាជានិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹកថា មកដល់ពេលនេះ ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងហោចណាស់​៨​រូប ទទួលបាន​គោរមងារ​ជាស​ម្តេច ក្នុងនោះ រួមមាន​៖ សម្តេច​ជាស៊ីម សម្តេច​ហេង​សំរិន សម្តេច​ហ៊ុនសែន សម្តេច​សាយឈុំ សម្តេច​សខេង សម្តេច​សុខ​អាន សម្តេច​ទៀ​បាញ់ ព្រមទាំង​សម្តេច​ប៊ុនរ៉ានី ដែលជា​ភរិយា​សម្តេច ហ៊ុនសែន​។​

​ជីវប្រវត្តិ​៖

​សៀវភៅ “​ជន​ដែល​ត្រូវគេ​បាញ់​” បាន​បង្ហាញថា កើត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ សម្តេច ទៀ បាញ់ មានឈ្មោះ​ពិត​ពី​កំណើត “​ទៀ សង្វាន​” កើត​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង​។ ទៀ សង្វាន ជា​កូន​កសិករ​ក្រីក្រ​បំផុត ដែលមាន​ឪពុក​ឈ្មោះ ទៀ តិក មុខរបរ​ធ្វើស្រែ និង​កាប់​អុស​លក់ ម្តាយ​ឈ្មោះ នូ ផេង​ចិន្តា មុខរបរ​កសិករ មាន​បងប្អូន​បង្កើត ៥​នាក់​។​

​ដោយសារតែ​លោកឪពុក មាន​ជំងឺ​ហើយ​បាន​អនិច្ចកម្ម នាំ​ឲ្យ ទៀ សង្វាន ដែល​កាលណោះ មាន​អាយុ​ទើបតែ ១១ ឆ្នាំ បាន​ក្លាយជា​អ្នកស៊ីឈ្នួល​ឡើង​បេះ​ផ្លែ​ស្លា​ឲ្យ​អ្នកភូមិ និង​រកត្រី ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​

​នៅ​ឆ្នាំ​១៩៥៧ ទៀ សង្វាន ត្រូវបាន​ម្តាយ​បញ្ជូន​ឲ្យ​ទៅ​នៅ​វត្ត​។ រហូតដល់​ឆ្នាំ​១៩៦០ សង្វាន ( ទៀ បាញ់ ) មាន​អាយុ ១៥ ឆ្នាំ ពេល​ត្រឡប់មកផ្ទះ​ឃើញ​មនុស្ស ៦ ទៅ ៧​នាក់ នៅមុខ​ផ្ទះ​គេ​។ ពួកគេ​ទាំងនោះ ជា​ប៉ូលិស និង​ជីវពល​ភូមិ មក​សំឡុត​គំរាម​ម្តាយ សង្វាន ឲ្យ​ប្រគល់​ប្អូនស្រី​របស់គេ ដែល​ទើប​មាន​អាយុ ១៣ ឆ្នាំ ដើម្បី​យកទៅ​ជូន​លោក​កុ​ម្មុយសៀ ប៉ូលិស សម្រាប់​សប្បាយ​ខាង​ផ្លូវ​តណ្ហា​។ សង្វាន ប្រកែក​តវ៉ា និង​គំរាម​ពួក​ទាំងនោះ មិន​ឲ្យ​យក​ប្អូនស្រី​គេ​ទៅ​ទេ​ដាច់ខាត ទោះ​គេ​ប្តូរជីវិត​ក៏ដោយ ក៏​ពុំ​ឲ្យ​ពួក​ទាំងនោះ ធ្វើបាប​ប្អូនស្រី​គេ​ដែរ​។​

​ដោយ​ការជិះជាន់ ទើប ទៀ សង្វាន ចេញ​ធ្វើ​ការតស៊ូ គឺ​នៅ​ឆ្នាំ​១៩៦១ ដោយ​ទាក់ទង​ជាមួយ​ចលនា​តស៊ូ​ក្នុងព្រៃ រហូតដល់​ត្រូវ​អាជ្ញាធរ​ចាប់ធ្វើ​ទារុណកម្ម និង​ឃុំឃាំង​។ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​១៩៦៥ គេ​ដោះលែង សង្វាន ពី​គុក​ដោយ​ថ្នូរ​នឹង​ប្រាក់ ៥​ពាន់​រៀល ដែល​បាន​ពី​ការលក់​ក្របី និង​ខ្សែក​ប្អូនស្រី ដែល​ទៅ​ស៊ីឈ្នួល​មើល​កូន​ឲ្យ​ថៅកែ​ឡធ្យូង យកទៅ​ឲ្យ​អាជ្ញាធរ​។​

​មកដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៦៥ ក្រោយពី​រួចខ្លួន​បាន ៧​ថ្ងៃ ក្រុម​ជីវពល ៥​នាក់ និង​ប៉ូលិស ២​នាក់ បានមក​តាម​ចាប់​សង្វាន និង​មនុស្ស​ម្នាក់ទៀត ឈ្មោះ តា កៅ​។ ពួកគេ​បាន​ចាប់​អ្នក​ទាំងពីរ ចងដៃ បណ្តើរ​យកទៅ​បាញ់ចោល នៅ​ជើងភ្នំ​កោះអណ្តែត​។ ក៏ប៉ុន្តែ​ចៃដន្យ យុវជន សង្វាន មិន​ស្លាប់ ហើយ​បាន​រត់​ចូល​ព្រៃ រួចខ្លួន​។​

​ចាប់ពីពេលនោះ​មក ស្ថានភាព​ទាំងនោះ បាន​ជំរុញ​ឲ្យ​យុវជន សង្វាន ធ្វើ​ចលនា​តស៊ូ ក្នុងព្រៃ​ជា​បន្តបន្ទាប់ និង​ក្លាយជា​មេទ័ព​ដ៏​ខ្លាំងពូកែ ដឹកនាំ​ទ័ព​វាយ​ប្រឆាំង​សត្រូវ នៅ​តំបន់​ខេត្តកោះកុង តាំងពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៦៥ រហូត​ចូលរួម​សកម្មភាព​រំដោះប្រទេស ខែមករា ឆ្នាំ​១៩៧៩ ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​នៅ​ចន្លោះ​ឆ្នាំ​ពី​ការធ្វើ​ចលនា​តស៊ូ​ដ៏​ស្វិតស្វាញ​នោះ មនុស្ស​ជាច្រើន​ក្នុងភូមិ និង​ក្រុម​អ្នកតស៊ូ បាន​ហៅ​ឈ្មោះ​លោក​ពី ទៀ សង្វាន ទៅជា​ឈ្មោះ ទៀ បាញ់ ដោយ​លួចលាក់ ហើយ​ឈ្មោះ​នេះ បាន​ត្រូវ​ប្រើ​រហូតមកដល់​សព្វថ្ងៃ​។​

​ឯកសារ​បង្ហាញថា ទៀ សង្វាន បាន​រៀបការ​ជាមួយ​ភរិយា ឈ្មោះ តៅ តឿន នៅ​ភូមិ​គិរីវង្ស នា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៧៥ នៅក្នុង​ព្រៃ ក្រោម​ការប្រកាស​ជា​ផ្លូវការ​របស់លោក សាយ ភូ​ថង ដែល​ត្រូវជា​ចាស់ទុំ និង​ឪពុកមា​របស់​សម្តេច​ទៀ​បាញ់​ផង​។ សម្តេច​ទៀ​បាញ់ មានកូន​ពីរ​នាក់ គឺ​កូនច្បង​ទី​១ ឈ្មោះ ទៀ ស្យាម និង​កូនប្រុស​ទី​២ ឈ្មោះ ទៀ ទី​ហា​។​

​អំពី​ប្រវត្តិ​ការងារ​៖

-​នៅ​ឆ្នាំ​១៩៧៩៖ ប្រធាន​យោធា​ខេត្តកោះកុង​
-​ខែកក្កដា ឆ្នាំ​១៩៧៩៖ ប្រធាន​ស្នងការ​ហ្វឹកហ្វឺន​អគ្គសេនាធិការ​ក្រសួងការពារជាតិ​
-​ឆ្នាំ​១៩៧៩-១៩៨០៖ អនុប្រធាន​អគ្គសេនាធិការ​ទទួលបន្ទុក​វិទ្យុទាក់ទង​អាកាសចរ​
-​ឆ្នាំ​១៩៨០-១៩៨២៖ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ទទួលបន្ទុក​វិទ្យុទាក់ទង​អាកាសចរ បច្ចេកទេស ហិរញ្ញវត្ថុ និង​កិច្ច​ទាក់ទង​អន្តរជាតិ​យោធា​
-​ឆ្នាំ​១៩៨២-១៩៨៤៖ រដ្ឋមន្ត្រីក្រសួង​គមនាគមន៍ ដឹកជញ្ជូន និង​ប្រៃសណីយ៍​
-​ឆ្នាំ​១៩៨៤-១៩៨៧៖ អនុរដ្ឋមន្ត្រី​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​ដឹកជញ្ជូន និង​ប្រៃសណីយ៍​
-​ឆ្នាំ​១៩៨៧-១៩៨៨៖ អនុរដ្ឋមន្ត្រី​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​ឆ្នាំ​១៩៨៨-១៩៩៣៖ សមាជិក​រដ្ឋសភា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុង​រដ្ឋាភិបាលបណ្តោះអាសន្ន និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​ឆ្នាំ​១៩៩៣-១៩៩៤៖ សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​ឆ្នាំ​១៩៩៤-១៩៩៥៖ សហអគ្គមេបញ្ជាការ​រង និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​ឆ្នាំ​១៩៩៥-១៩៩៨៖ ទេសរដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​ឆ្នាំ​១៩៩៨-២០០០៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទេសរដ្ឋមន្ត្រី និង​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​ឆ្នាំ​២០០០-២០០៤៖ ឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-២២​មីនា ឆ្នាំ​២០០៦ មកដល់​បច្ចុប្បន្ន​៖ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

ដោយ៖ម៉េងឆៃ