ទេព កញ្ញា ឡើងផ្ទះ​ថ្មី​មាន​វត្តមាន​តារា​ល្បី​ជាច្រើន​មក​អបអរ​

367
ចែករម្លែក

​ភ្នំពេញ​៖ កាល​ល្ងាច ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ តារា​សម្តែង​មាន​ប្រជាប្រិយភាព ទេព កញ្ញា​បានរៀបចំ​ពិធី​អបអរ​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​របស់​នាង​យ៉ាង​ហ៊ឺរ ហារ ដោយមាន​វត្តមាន​មិត្ត​សិល្បៈ​និង​តារា​ល្បី​ជាច្រើន​នាក់មក​ចូលរួម​ជាក​ត្តិ​យស​។​ កម្មវិធី​ជប់លៀង​អបអរ​ឡើង​គេហដ្ឋាន​ថ្មី​របស់​នាង​នោះ​ស្ថិតក្នុង​បុរី ហុង ឡាយ នៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​កញ្ញា ទេព កញ្ញា បាន​ថ្លែងថា “​នាង​ខ្ញុំ​សូម​អគុណ​យ៉ាងខ្លាំង ចំពោះ​ភ្ញៀវកិត្តិយស​ទាំង អស់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​កម្មវិធី​របស់​នាង​ខ្ញុំ​កាលពី​យប់មិញ ។ នាង​ខ្ញុំ​ក៏​សុំ អភ័យទោស​ចំពោះ​ការទទួល​មិនបាន​ដិតដល់ បើសិន​ជាមាន​ខ្វះខាត​ត្រង់​កន្លែង​ណា មិន​សមរម្យ សុំ​មេត្តា​អភ័យទោស​ដល់​រូបនាង​ខ្ញុំ​ផង ហើយ​នាង​ខ្ញុំ​និង​ចងចាំ​សម្រាប់ ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​ផ្ដល់​កិត្តិយស​អ​ញ្ចើ​ញ​ចូលរួម​កាលពី​យប់មិញ​នាង​ខ្ញុំ​ពិត ជា​អរគុណ​ខ្លាំងណាស់​” ។

​តារា​ស្រី​ទម្រង់​មុខ​ដូច​កូនកាត់​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា សម្រាប់​ផ្ទះល្វែង​ថ្មី​មួយ​ខ្នង ដែល​ទើបនឹង​ទិញ​នេះ គឺ​ក្រោយពី​នាង​ខំ​រកប្រាក់​និង​សន្សំ​អស់​ជាច្រើន​ឆ្នាំ​ជាមួយ ឪពុកម្តាយ​របស់​នាង​។ ផ្ទះ​របស់​នាង​ថ្មី​មួយ​នេះ នាង​ចំណាយ​ប្រមាណ​ជាង​១០​ម៉ឺន ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​បូករួម​ការ​តុ​ប​តែ​និង​សម្ភារៈ​អាច​ថា​លើសពីនេះ​ទៀត​។

​សូមបញ្ជាក់ថា តារា​សម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ​២០១៩​នាង​មាន​ប្រជាប្រិយ ខ្លាំង​ក្នុង​រឿង​ភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន ។

​ជាមួយគ្នា​នោះ​នាង​ក៏បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែល​ស្តាប់​ហើយ​ធ្វើ​អ្នកគាំទ្រ មាន​អារម្មណ៍​ត្រូវចិត្ត ដោយ​បទ​នោះ​មាន​ចំណងជើង​ថា “​បេះដូង​ខ្វះ​ស្នេហ៍​ពិត​” ដែល អ្នកគាំទ្រ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ស្តាប់​ហើយ​ពេញចិត្ត ចំពោះ​អត្ថន័យ និង​សំនៀង​របស់​នាង​។

​អ្នកគាំទ្រ​របស់​នាង​លាន់មាត់ និង សរសើរ​ចំពោះ​តារា​ស្រី​ស្អាត​រូបនេះ មិន​ត្រឹមតែ​ស្អាត និង​ពូកែ​សម្តែង​នោះទេ ថែមទៀត​ចេះ​ច្រៀង​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀង របស់​នាង​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ផងដែរ​៕ ដោយ​: បូ​រិ​ន​