ទេសចរណ៍​ក្នុង​តំបន់​GMS​ចង់​បង្កើត​ទំរង់​ស្ថិតិ​ទេសចរណ៍​រួមគ្នា​

97
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ ​មន្ត្រី​ជំនាញ​ស្ថិតិ​ទេសចរណ៍​ក្នុង​តំបន់ GMS បាន​គាំទ្រ​ដល់​ការបង្កើត​ទំរង់​ស្ថិតិ​ទេសចរណ៍​រួមគ្នា (Dashboard)​។​

ក្រសួងទេសចរណ៍​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​គម្រោង GMS TIIG No.3194-CAM (COL) បាន​សហការ​ជាមួយ​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ (MTCO) និង​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង រៀបចំ​កិច្ចប្រជុំ​សុខដុម​នីយកម្ម​ស្ថិតិ​ទេសចរណ៍ នៃ​មហា​អនុតំបន់​មេគង្គ​លើក​ទី ៣ (GMS Statistics Harmonization Work shop) នា​ថ្ងៃទី​8​ខែសីហា​នេះ​នៅ​កិច្ចប្រជុំ​មួយ​នៅ​ខេត្តបាត់ដំបង​។​

លោក ថោង រដ្ឋ​ស​កិ្ត អគ្គនាយក​នៃ​ក្រសួងទេសចរណ៍ លើកឡើង​ក្នុង​​កិច្ចប្រជុំ​និង​បាន​វាយតម្លៃ​ទៅលើ​លទ្ធផល​នៃ​កិច្ចប្រជុំ​សុខដុម​នីយកម្ម​ស្ថិតិ​ទេសចរណ៍ មហា​អនុតំបន់​មេគង្គ​លើក​ទី​១ នៅ​ខេត្តសៀមរាប ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ខេត្តកំពត កាលពី​ខែសីហា ឆ្នាំ​២០១៨ កន្លងមក​។​ហើយ កិច្ចប្រជុំ​លើក​ទី​៣​នេះ បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ផុលផុស ទៅលើ​គោលការណ៍​គន្លឹះ និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖
១-​ជួយ​ដល់​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការប្រមូល​ទិន្នន័យ​ស្ថិតិ​ទេសចរណ៍​ឲ្យ​មាន​លក្ខណៈ​រួមគ្នា​
២-​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ កែតម្រូវ​ទៅលើ​ដំណើរការ​រៀបចំ​ស្ថិតិ​ទេសចរណ៍​តាម​ប្រទេស​នីមួយៗ និង​ទំរង់​បែបបទ​សម្រាប់​ការធ្វើ​របាយការណ៍​
៣-​គាំទ្រ​ដល់​ការជ្រើសរើស និង​បង្កើត​ទំរង់​ស្ថិតិ​ទេសចរណ៍​រួមគ្នា (Dashboard) ដើម្បី​វាស់​ស្ទង់​ពី​ការអនុវត្ត​ជាក់ស្តែង​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ​
៤-​ពិភាក្សា​អំពី​ជម្រើស​សម្រាប់​ការផ្តល់​មូលនិធិ​គាំទ្រ​ដល់​គម្រោង​ស្ថិតិ​ទេសចរណ៍​រួមគ្នា​។ កិច្ចការ​នេះ​នឹង​លើក​ទៅ​ពិភាក្សា​ជាមួយ​ប្រទេស​ជា​មា​ជិ​ក​ក្នុង​មហា​អនុតំបន់​មេគង្គ​បន្ថែមទៀត ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​លើក​ទី​៤៤ ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​៕B/