ទេសចរណ៍​ថៃ​កំពុង​រងគ្រោះ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​និង​ប្រាក់​បាត​ឡើងថ្លៃ​

373
ចែករម្លែក

​បណ្តា​សណ្ឋាគារ​នៅ​កោះ​កម្សាន្ត​ពេញនិយម​បំផុត​របស់​ថៃ​ឥឡូវ​ត្រូវ​បង្ខំ​បញ្ចុះ​ថ្លៃ​បន្ទប់ ដោយសារ​ស្ងាត់​ភ្ញៀវ​ខ្លាំង​នៅតាម​ឆ្នេរ ខណៈ​មេៗ​ទេសចរណ៍​ថៃ​កំពុង​ប្រវេប្រវ៉ា​ដោះស្រាយ​​ជាមួយ​នឹង​ការធ្លាក់ចុះ​ការមកដល់​នៃ​អ្នកទេសចរ​ចិន ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក និង​ប្រាក់​បាត​ឡើង​ប្រមាណ​១០​ភាគរយ​ទល់​នឹង​ប្រាក់​យ័ន​ចិន​នៅ​ឆ្នាំ​​នេះ​។​

​តាំង​នៅ​សមុទ្រ​អាន់ដាម៉ាន់ និង​ល្បី​ដោយសារ​ឆ្នេរ​របស់​វា​ជាមួយ​នឹង​ជីវិត​ពេល​រាត្រី កោះ​រមណីយដ្ឋាន​ភូ​កេត ធ្លាប់​ជា​គោលដៅ​ទេសចរណ៍​ពេញនិយម​បំផុត​នៅក្នុង​ប្រទេស​ថៃ​​កាលពី​ឆ្នាំមុន បន្ទាប់​ពី​ក្រុង​បាងកក ។​

​វិស័យ​ទេសចរណ៍ តំណាង​អោយ​ផលិតផល​សរុប​ក្នុងស្រុក​១៨​ភាគរយ​របស់​ថៃ និង​ទេសចរ​ចិន​ផ្សំ​បាន​ជាង​១​ភាគ​៤​នៃ​ភ្ញៀវ​ទេសចរណ៍​សរុប​។​កាលពី​ឆ្នាំ​២០១៨ ភ្ញៀវ​ចិន​ចូលមក​​ទស្សនា​២,២​លាន​នាក់ តែ​តួលេខ​ខែ​មករា​ដល់​កញ្ញា​ឆ្នាំ​នេះ​បង្ហាញថា វា​បាន​ធ្លាក់ចុះ​ប្រមាណ​១​ភាគ​៥​។​

​ក្លោត ដឺ គ្រី​សេ មន្ត្រី​កុងស៊ុល​បារាំង​និង​ជា​ម្ចាស់​សណ្ឋាគារ​មួយ​នៅ​ភូ​កេត បាន​និយាយថា ទេសចរ​ចិន​តែង​មាន​វត្តមាន​ទោះជា​ក្នុងអំឡុង​រដូវ​ភ្ញៀវ​តិចក្តី តែ​ឆ្នាំនេះ​ផ្សេង ជាហេតុ​​នាំអោយ​លោក​បញ្ចុះ​ថ្លៃ​បន្ទប់​៥០​ភាគរយ​។​

វិស័យ​ទេសចរណ៍ តំណាង​អោយ​ផលិតផល​សរុប​ក្នុងស្រុក​១៨​ភាគរយ​របស់​ថៃ និង​ទេសចរ​ចិន​ផ្សំ​បាន​ជាង​១​ភាគ​៤​នៃ​ភ្ញៀវ​ទេសចរណ៍​សរុប​កាលពី​ឆ្នាំ​២០១៨ តែ​ឆ្នាំនេះ​ផ្សេង​បណ្តា​​សណ្ឋាគារ​និង​ឆ្នេរសមុទ្រ​ស្ងាត់​

ភាព​តាម​នឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក ធ្វើអោយ​ចិន​ខ្លះ​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ហើយ​ផ្តោតលើ​ការធ្វើដំណើរ​ក្នុងស្រុក​

​បញ្ហា​ស្ងាត់​ភ្ញៀវ​នេះ​មិន​ត្រឹមតែ​នៅ​ភូ​កេត​ទេ រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ប៉ា​តាយ៉ា​និង​កោះ​សាមុយ​ក៏​ដូចគ្នា​ដែរ ។​

​គ្រោះថ្នាក់​លិច​ទូក​សម្លាប់​ទេសចរ​ចិន​៤៧​នាក់​នៅ​ភូ​កេតក៏​ជា​កក្តា​មួយ​បន្លា​យ​មិន​អោយ​ភ្ញៀវ​មក​ដែរ​។​

​បន្ថែម​លើ​បញ្ហា​នេះ​គឺថា សណ្ឋាគារ​៣.០០០​បន្ទប់​ថ្មី​មួយ​កំពុង​សាងសង់​នៅលើ​កោះ​នេះ ជាហេតុ​នាំ​អោយ​មាន​សំណួរ​ថា​តើ​នរណា​នឹង​ចូល​ដេក​វា ទោះជា​យ៉ាងណា​ប្រធាន​អាជ្ញាធរ​​ទេសចរណ៍​ថៃ​នៅ​មាន​សុទិដ្ឋិនិយម ដោយ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​យើង​នៅតែ​សំរេច​បាន​គោលដៅ​ទទួល​ទេសចរ​៣៩,៨​លាន​នាក់​នៅ​ឆ្នាំនេះ​»៕​ដោយ​៖​វាសនា​