ទេសចរណ៍​ព្រះពុទ្ធសាសនា ទេសចរណ៍​ម្ហូបអាហារ និង​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ត្រូវបាន​យកចិត្តទុកដាក់​កាន់តែខ្លាំង​ក្នុង ACMECS និង​តំបន់ CLMV

553
ចែករម្លែក

ដោយ​:មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ចំនួន​២ នៅ​ប្រទេស​ថៃ វិស័យ​ទេសចរណ៍​ព្រះពុទ្ធសាសនា -​ទេសចរណ៍​ម្ហូបអាហារ និង​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ត្រូវបាន​យកចិត្តទុកដាក់​កាន់តែខ្លាំង​នៅក្នុង​តំបន់ ACMECS និង​តំបន់ CLMV​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​ឈៀង​រ៉ៃ​ប្រទេស​ថៃ​។​

​លោក ថោង ខុន បានឱ្យដឹងថា ការយកចិត្តទុកដាក់​ទាំងនេះ ត្រូវបាន​លើកឡើង​ក្នុងកិច្ច​ប្រជុំ​លើក​ទី​៤ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម និង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV (​កម្ពុជា ឡាវ ភូមា និង​វៀតណាម​) ដឹកនាំ​ដោយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​ខាងលើ​បាន​លើកឡើងថា ប្រទេស​សមាជិក​ទាំងអស់​មាន​សក្តានុពល​ផ្នែក​ព្រះពុទ្ធសាសនា ម្ហូបអាហារ​ប្រកប​លក្ខណៈពិសេស បង្ហាញ​អំពី​អរិយធម៌ វប្បធម៌ ការរស់នៅ​ស្រដៀងៗ​គ្នា ដែល​កត្តា​ទាំងនេះ​គឺជា​ភាព​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ដល់​ការលើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​កេរដំណែល​របស់​មនុស្ស​ជាតិ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ប្រទេស​ជា​សមាជិក​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ត​ភ្ជាប់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស ACMEC និង CLMV បាន​កាន់តែ​ប្រសើរ ដែល​នឹង​អាច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង (Self-Driving Tour) កាន់តែ​ខ្លាំងក្លា​ថែមទៀត ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​សកលលោក ដោយ​ការបើកបរ​ដោយ​ខ្លួនឯង ឆ្លង​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​កំពុងតែ​ពេញនិយម​។​

​រដ្ឋមន្ត្រី​ទេសចរណ៍ ACMEC ក៏បាន​អបអរសាទរ​កំណើន​ទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​ជា​សមាជិក ឆ្នាំ​២០១៨ កើន​ដល់ ៦៧.៧១​លាន​នាក់ ក្នុង​អត្រា ១០.៦១% ហើយ​ក្នុង​គោលដៅ​ជំរុញ​កំណើន​ទេសចរ​មកកាន់​តំបន់ ឲ្យ​កាន់តែ​ច្រើន​ថែមទៀត រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS បានអនុម័ត​ដាក់ចុះ​ផែនការ​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ACMECS ឆ្នាំ​២០១៩-២០២៣ ដោយ​ផ្ដោតលើ​សកម្មភាព​សំខាន់ៗ​មានដូចជា (១) ការផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ​។ (២) ការតភ្ជាប់​ផលិតផល​ទេសចរណ៍​។ (៣) ការផ្លាសប្ដូរ​ព័ត៌មាន​ស្ដីអំពី​ទេសចរណ៍​។ (៤) ការបង្កើត​ផលិតផល​ថ្មី ។​(៥) ការអភិវឌ្ឍន៍​ធនធានមនុស្ស​។ (៦) សុវត្ថិភាព​ទេសចរណ៍​។ (៧) ការជំរុញ​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​។​

​ដោយឡែក ឆ្នាំ​២០១៨ តំបន់ CLMV បានទទួល​ទេសចរ​អន្តរជាតិ ២៩.៤៤​លាន​នាក់ ក្នុង​កំណើន ១៣.៩៦% ក្នុង​ទេសចរណ៍​ផ្ទៃក្នុង CLMV (Intra-CLMV Traveler) មាន ២.៥៨​លាន​នាក់ ស្មើ​នឹង ៩% នៃ​ទេសចរ​អន្តរជាតិ​សរុប​។​

​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV ក៏បាន​ឯកភាពគ្នា​បន្ត​ជំរុញ​ការផ្សព្វផ្សាយ «​ប្រទេស​បួន គោលដៅ​តែមួយ​» ឲ្យ​បាន​កាន់តែខ្លាំង​ថែមទៀត ដោយបាន​ដាក់ចុះ​នូវ​ផែនការ​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ CLMV ឆ្នាំ​២០១៩-២០២១​។ ក្នុងនោះ​រួមមាន​សកម្មភាព​សំខាន់ ដូចជា ​៖
១៖ ការសម្រួល​ការធ្វើដំណើ​រ​ក្នុង​តំបន់​
២៖ ការកសាង​សមត្ថភាព​
៣៖ ជំរុញ​ការចូលរួម​ពី​ភាគី​ឯកជន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​
៤៖ ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី
៥៖ ជំរុញ​សុវត្ថិភាព​ទេសចរ​៕​B/Ha