ទេសចរ​ចិន​១៣​នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​ឡាវ​

471
ចែករម្លែក

ប៉ូលិស​ឡាវ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា ថា​យ៉ាងហោចណាស់​អ្នកទេសចរ​ចិន​១៣​នាក់​បាន​ស្លាប់ និង​មនុស្ស​៣១​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​​រថយន្តក្រុង​ធ្លាក់ចូល​ជ្រោះ​ជំរៅ​៣០​ម៉ែត្រ​នៅ​ប្រទេស​ឡាវ​ភាគ​ខាងជើង​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ប៉ូលិស​បាន​ប្រាប់​សារព័ត៌មាន​ស៊ីនហួរ​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅពេល​ដែល​រថយន្តក្រុង​ទេសចរណ៍ ដែល​ដឹក​អ្នកទេសចរ​ចិន​៤៣​នាក់ ជំនួយការ​ទេសចរណ៍​ចិន​ម្នាក់ និង ជនជាតិ​ឡាវ​២​នាក់​ដោយ​រួមទាំង​អ្នកបើក​រថយន្ត​ម្នាក់ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ម្នាក់ផង​នោះ បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ​មួយ​រវាង​ទីក្រុង​វៀងចន្ទន៍ និង ទីក្រុង​លួង ប្រា​បាង​។​

​នាយប៉ូលិស សាយ​យ៉ា​ផុន ជីតា​វង់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​នៅ​ពេលនេះ​សាកសព​មនុស្ស​១៣​នាក់​ត្រូវបាន​រកឃើញ​និង​២​នាក់​កំពុង​បាត់​ខ្លួន​»​ហើយ​គ្រោះ​​ថ្នាក់​នេះ ប្រហែល​ជា​បណ្តាលមកពី​ហ្វ្រាំងរថយន្ត​មិន​ដំណើរការ​។​

​ទេ​ចរណ៍​នៅក្នុង​ប្រទេស​កុំម្មុយនិស្ត​នេះ​បាន​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​ភ្ញៀវ​ទៅ​ពី​ចិន​កើនឡើង​១៣​ភាគរយ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ ធៀប​នឹង​រយៈពេល​ដូចគ្នា​​កាលពី​ឆ្នាំមុន នេះ​បើ​តាម​សារព័ត៌មាន Vientiane Times៕​ដោយ​៖​សុខា​/​វាសនា​

រូបសារព័ត៌មានចិនបង្ហាញអ្នកជួយសង្រ្គោះដើរលុយទឹកត្រឹមកជើង