ទេសចរ​ធ្លាក់ចុះ​នៅតាម​បណ្តា​រមណីយដ្ឋាន​ល្បីៗ​របស់​ខេត្តកំពង់ចាម នា​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ

1830
ចែករម្លែក

ដោយ ​: គង់​ហេង​/កំពង់ចាម​ ៖ រយ​:​ពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០១៨ នេះ គឺ​ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​លេងកម្សាន្ត​តាម​បណ្តា​រមណីយដ្ឋាន​ល្បីៗ របស់​ខេត្តកំពង់ចាម​បាន ថយចុះ​ចំនួន១៨ភាគរយ ។ បញ្ហា​ធ្លាក់ចុះ​ភ្ញៀវ​នេះ​បណ្តាលមកពី​កត្តា​ច្រើនយ៉ាង គឺ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ភាគច្រើន​បាន​មានរ​ធនធាន បាន​ចាកចេញ​ទៅតាម​ខេត្ត​សម្បូរ​រមណីយដ្ឋាន​ថ្មីៗ​,​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​ល្អ និង​ម្យ៉ាង​ប្រជាពលរដ្ឋ​ខេត្ត​នេះ​ចំនួន​ជាង បី​ម៉ឺន គ្រួសារ​ពួកគាត់ ទើបបាន​ទទួលរង​គ្រោះ​ពី​ផលប៉ះពាល់​ដោយ​ជំនន់​ទន្លេមេគង្គ​ទើប រំលង​ផុត​ទៅ​ថ្មីៗ​នេះ​។​

លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ចាម​បាន​ប្រាប់​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ចំនួន បី ថ្ងៃ សម្រាប់​ពិធីបុណ្យ​ប្រពៃ​ជាតិ ភ្ជុំបិណ្ឌ​ឆ្នាំ គឺ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​អញ្ជើញ​ទៅ​ការ​រមណីយដ្ឋាន​នានា របស់​ខេត្តកំពង់ចាម​សរុប​ចំនួន ៤១.៧១៥ នាក់ គឺ​ថយចុះ​ចំនួន ១៨ ភាគរយ បើ​ប្រៀប​ធៀន​ទៅ​រយ​:​ពេល​ដូចគ្នា​នៅ​ឆ្នាំមុន ២០១៧ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​។​

លោក​ប្រធាន​មន្ទីរ​បាន​លើកឡើងថា ក្នុងនោះ​រមណីយដ្ឋាន​ទឹកឆា​ធ្លាប់តែ​ល្បី​ភ្ញៀវ ទៅលេង​កម្សាន្ត​ច្រើនជាង​គេ​នោះ គឺមាន​ចំនួន ១៥,៧៥០ នាក់​ថយចុះ​ចំនួន ២៣ភាគរយ​, រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី មាន​ចំនួន ៧,៨៩០ នាក់ ថយចុះ​ចំនួន២៥​ភាគរយ​, រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ​ចំនួន៤,២៥០នាក់ ថយចុះ​ចំនួន ១៩ភាគរយ​, រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ចំនួន៧,៨៧០នាក់ ថយចុះ១៥ភាគរយ និង​ភ្ញៀវ​បរទេស​ចំនួន១០៥ នាក់ ថយចុះ​ចំនួន២៩ភាគរយ​។​

លោក សុគន្ធ បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្តែ​ភ្ញៀវ​បាន​កើនឡើង​នៅតាម​រមណីយដ្ឋាន ដែល​បង្កើត​ថ្មី​និង​មានការ​អភិវឌ្ឍ​ច្រើន​ដូចជា​ : រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ​ចំនួន ២,៣៥០នាក់ កើនឡើង​ចំនួន៣​ភាគរយ​, រមណីយដ្ឋាន​បឹង​ធំ​ចំនួន១,២០០ នាក់ កើនឡើង​ចំនួន១១ភាគរយ និង​រមណីយដ្ឋាន​ទំនប់​តា​កុ​ដ្ឋ​ចំនួន២,៣០០នាក់​។ នេះ​បង្ហាញថា ភ្ញៀវទេសចរ​បាន​ចាប់អារម្មណ៍​ទើបនឹង​បង្កើត​ថ្មី និង​បង្កើតជា​កន្លែង​កម្សាន្ត​ប្លែកៗ​។

ជាមួយ​នោះ​ លោកក៏បាន​អំពាវនាវ​ឲ្យ​តាម​បណ្តា រមណីយដ្ឋាន និង​តាម​កន្លែង​កម្សាន្ត​នានា ជាពិសេស​តាមរ​ណី​យ​ដ្ឋា​ន​ឯកជន ដែល​បានទទួល​វិនិយោគ​ពីរ​ដ្ឋ​នោះ គឺ​ចូរ​រិះរក​មធ្យោបាយ​បែបណា​បង្កើត​កន្លែង​កម្សាន្ត​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ទៅលេង​កម្សាន្ត ឲ្យ​បាន​ច្រើន​ដើម្បី​ឈាន ទៅរក​ការប្រកួតប្រជែង​លើ​វិស័យ​ទេសចរណ៍​នេះ​។​

លោក​បានធ្វើការ​កត់សម្គាល់ និង​សន្និដ្ឋានថា ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ខាងលើ គឺអាច​បណ្តាល​ពី​កត្តា​ច្រើនយ៉ាង គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​អ្នកទេសចរ ភាគច្រើន​ពួកគាត់​សម្បូរ​ធនធាន បានធ្វើ​ដំណើរ​កម្សាន្ត​ឆ្ពោះ​កាន់​រមណីយដ្ឋាន​បង្កើត​ថ្មី ដែលមាន​សក្តានុពល​ទាក់ទាញ ដូចជា​ភូមិភាគ​ពាយ័ព្យ ខេត្ត​សៀម​រាម និង​ខេត្តពោធិ៍សាត់ និង​ភូមិភាគ​ឥសាន មាន​ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង​ជាដើម​នោះ​។ មួយវិញទៀត​ដោយ​សារ​​កត្តា​ផ្លូវថ្នល់​ល្អ ងាយស្រួល​ធ្វើដំណើរ​ទៅកាន់​តំបន់​ទាំងនោះ​។ ប៉ុន្តែ​កត្តា​ធ្លាក់ចុះ​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ក្នុង​ខេត្តកំពង់ចាម​ឆ្នាំនេះ ក៏​អាចទាក់ទង​នឹង ប្រជាពលរដ្ឋ​ជាង​បី​ម៉ឺន គ្រួ​សារបាន រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​ផងដែរ​៕B