ទេសចរ​បរទេស​៣,៥​លាន​នាក់​បានមក​ទស្សនា​កម្ពុ​ជា​ក្នុង​រយៈពេល ៨​ខែ​

431

(​ភ្នំពេញ​)៖ មន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ៨​ខែ​ឆ្នាំ ២០១៧​នេះ ចំនួន​ទេសចរ​អន្តរជាតិ មក​កំសាន្ត​នៅ​កម្ពុ​ជាមាន​ប្រមាណ​៣,៥​លាន​​នាក់ កើន​១២% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ រយៈពេល​ដូចគ្នា ។​
​ ​
​លោក គង់ សុភា​រៈ ប្រធាន​នាយកដ្ឋាន​ស្ថិតិ នៃ​ក្រសួងទេសចរណ៍​ប្រាប់ថាៈ ស្ថានភាព​លំហូរ​ចូល​ទេសចរ​អន្តរជាតិ​មកលេង​កម្ពុជា​រយៈ​​ពេល ៨​ខែ​នេះ មាន​លក្ខណៈ​ស្ថេរភាព​ល្អ​ណាស់ ស្ទើរ​គ្រប់​ជាតិ​សាន៍​ចូលមក​កម្ពុជា ។ ទេសចរណ៍​ចិន​មាន​កំណើន ៣០%​ខ្លាំង​ជាង​ទេចរ​នានា ក្នុង​លំដាប់​លេខ​មួយ នៃ​ទីផ្សារ​ទេសចរណ៍​ធំៗ​ចំនួន​១០ មក​កម្ពុជា ។ ភ្ញៀវ​ជប៉ុន​ក៏​ហក់​ខ្លាំង​មក​កម្ពុជា ដោយសារ​កត្តា​គន្លឹះ​ដែល បាន​រកឃើញ គឺ​ការហោះ​ត្រង់​រវាង​ជប៉ុន​-​កម្ពុជា កាលពី​ចុងឆ្នាំ ២០១៦​មក​ម្លេះ ។​សូម្បីតែ​ទេសចរ​រុស្សី​និង​ទេសចរ​ឥណ្ឌា​ក៏​មក​កម្ពុជា​​មានការ​កើនឡើង​ដែរ ។ បើ​ភ្ញៀវ​ចិន​វិញ​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ម្តងៗ គឺ​កញ្ចប់​តួ​រ៍​ធំៗ​ណាស់ ។ ពេលខ្លះ​គេ​មកពី ៥០០​ទៅ​១០០០​នាក់​​ក៏មាន ។ តំបន់​សៀមរាប​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ធំ​លេខ​១ នៃ​កំណើន​ភ្ញៀវ​តេស​ចរណ៍ ច្រើនជាងគេ ។ ចំណែក​តំបន់​ឆ្នេរសមុទ្រ គឺជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ ធ្វើឱ្យ​អ្នកវិនិយោគ និង​ទេសចរណ៍​អន្តរជាតិ ចាត់ទុកថា​ជា​គោលដៅ​ថ្មី​មួយ​សម្រាប់ ឱ្យ​ភ្ញៀវ​បាន​ស្គាល់ ។
​ ​
​លោក ប្រធាន​នាយកដ្ឋាន​បញ្ជាក់ទៀតថាៈ ស្ទើរ​គ្រប់​ច្រកចេញចូល​របស់​ភ្ញៀវ​មាន​លក្ខណៈ​ល្អប្រសើរ​។ អ្វី​ជា​របាំង​ជា​ឧបសគ្គ​ដល់​ភ្ញៀវ​ទាំង​​ផ្លូវគោគ ផ្លូវអាកាស ផ្លូវទឹក ត្រូវបាន​ដោះស្រាយ​ជា​បណ្តើរៗ សំរាប់​ទេសចរ​ចេញ​-​ចូល បាន​លឿន​រហ័ស ។ តាមរយៈ​គោលនយោបាយ​បើកចំហរ​ជើងមេឃ​ធ្វើឱ្យ​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ត្រង់​គ្រប់​បណ្តា​ប្រទេស​លើ​ពិភព​ថ​លោក​មក​កម្ពុជា​​ប្រមាណ ៤១​ជើង​ក្នុង​មួយ ថ្ងៃ មាន ៣៦ ក្រុមហ៊ុន បានមក​រកស៊ី​ហោះហើរ​ចូលមក​កម្ពុជា​។
​ ​
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់មាន​ប្រសាសន៍ថាៈ ទន្ទឹម​នឹងមាន​លំហូរ​ទេសចរ ចូលមក​ច្រើន​បែបនេះ​ក៏​មិនអាច​ផ្តាច់​​ចេញ​បាន​ពី​ការខិតខំ​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឱ្យមាន​ស្តង់ដារ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ។​ល​។ ហើយ​ដាក់ចេញ​យុទ្ធសាស្ត្រ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត សេវាកម្ម​ល្អ និង​ផលិតផល​ទេសចរណ៍​ផលិត​ឱ្យបាន​ច្រើន​សំរាប់​បំរើភ្ញៀវ​ទស្សនា​​កំសាន្ត ។

​ឆ្នាំ ២០១៧​នេះ ក្រសួងទេសចរណ៍​បាន​ប៉ាន់​ស្មានថា នឹង​អាច​ស្រូបយក​ទេសចរ​អន្តរជាតិ​បាន​ប្រមាណ ៥,៥ លាន​នាក់ ហើយ​នៅ​ឆ្នាំ ២០២០ ក្រសួង​ប្តេជ្ញាចិត្ត​ហើយ​ថា​នឹង​ស្រូបយក​ទេសចរណ៍​បរទេស ឱ្យបាន ៧ លាន​នាក់​៕ ដោយ​៖ មូល សម្បត្តិ​/sn