ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តកំពត​ថយចុះ ខណៈដែល​ខេត្ត​កែប​កើនឡើង​

441
ចែករម្លែក

ដោយ​: បូកគោ / កំពត​.​កែបៈ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម រយៈពេល​បី​ថ្ងៃ ភ្ញៀវ​ចូល​កម​កម្សាន្ត​នៅ​ខេត្តកំពត​ថយចុះ ប្រមាណ​ជាង​៧​ភាគរយ ខណៈដែល​ខេត្ត​កែប មានការ​កើនឡើង​ហូត​ដល់​ជិត​៣០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឱកាស​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ភ្ញៀវទេសចរ​មក​ទស្សនា ក្នុង​ខេត្តកំពត​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​មាន​ចំនួន​១១៧.៣៤១​នាក់ ថយចុះ​៧,៥២ ភាគរយ​ធៀប​នឹង​ពិធី​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​១១៤.៦០៥​នាក់ ថយចុះ​៧,៨២ ភាគរយ​។ ប៉ុន្តែ​ទេសចរ​បរទេស​កើនឡើង​៦,៧៥​ភាគរយ​ដោយ​ភ្ញៀវ​មាន​ចំនួន​២.៧៣៦​នាក់​។ លោក​ប្រធាន មន្ទីរ​បាន​បញ្ជាក់ថា មាន​កត្តា​ប្រឈម​មួយចំនួន​ដែល​បង្ក​ឱ្យ​បរិមាណ​ភ្ញៀវ​ជាតិ​ថយចុះ ដូចជា ផ្លូវជាតិ​សំខាន់ៗ កំពុង​ស្ថាបនា​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ក្នុងការ​ធ្វើដំណើរ​ដែល​ត្រូវ​ចំណាយពេល​ច្រើនជាង​មុន​។ លើសពីនេះ ពិធីបុណ្យ​ទាំងបី​ថ្ងៃ​នៃ​ឆ្នាំនេះ​ស្ថិតក្នុង​ថ្ងៃ​ការងារ​របស់​មន្ត្រីរាជកា​រទាំង​អស់​។​

​លោក​សោម ចិន្តា ប្រធាន​ម្ទី​រ​ទេសចរណ៍​ខេត្ត​កែប​បាន​បញ្ជាក់ថា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ខេត្ត​កែប​ទទួលភ្ញៀវ​បាន​ចំនួន​១៣៤.០៩៨​នាក់​។ បរិមាណ នេះ​មានការ​កើនឡើង​២៧,៧១​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៣០,៤៧៦​នាក់ កើនឡើង​២៧,២១​ភាគរយ និង​ទេសចរ​បរទេស​៣,៦២២​នាក់ កើនឡើង​៤៨,៦២​ភាគរយ​។ របាយការណ៍​បានបញ្ជាក់​ទៀតថា​មធ្យោបាយ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទាំងនោះ រួមមាន រថយន្ត​ធុន​តូច​១០,៥៦១ គ្រឿង រថយន្ត​ធុន​មធ្យម​៥,១៣៨​គ្រឿង និង​រថយន្ត​ធុន​ធំ​១២៣​គ្រឿង​៕ ល​