ទេសរដ្ឋមន្ត្រី​យឹម​ណុល​ឡា​៖​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ត្រូវ​ពង្រឹងសមត្ថភាព​ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​

378
ចែករម្លែក
  • 8
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ បាន​ថ្លែងថា​៖​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (ECOSOCC) ទាំងអស់ ត្រូវខិតខំ​បំពេញការងារ​ឲ្យ​បាន​សកម្ម​ថែមទៀត​។​ជាពិសេស​ការពង្រឹង​សមត្ថភាព​ចំណេះដឹង ឲ្យ​កាន់តែ​ទូលំទូលាយ​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពាណិជ្ជកម្ម នយោបាយ ការទូត ទាំង​ក្នុង​តំបន់​ក៏ដូចជា​នៅលើ​ពិភពលោក​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​សមិទ្ធផល​ការងារ​១០​ឆ្នាំ របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ការអនុវត្ត​កម្មវិធី​វាយតម្លៃ លើ​ផលប៉ះពាល់ នៃ​លិខិតបទដ្ឋាន​គតិយុត្ត នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ទៀតថា​៖​សមាជិក សមាជិកា ECOSOCC ទាំងអស់ ត្រូវ​ប្រើប្រាស់​ឲ្យ​អស់ នូវ​បញ្ញាញាណ​ដែល​ខ្លួន​មាន ដើម្បី​ចូលរួមចំណែក ក្នុងការ​ផ្តល់​មតិ និង​ការវិភាគ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទៅលើ​សេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​នានា រួមទាំង​ឯកសារ​គោលនយោបាយ​ផ្សេងៗ​។​

​ទាក់ទង​នឹង​សមិទ្ធផល​កន្លងមក លោក​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ បាន​គូសបញ្ជាក់ថា​៖​សមិទ្ធផល​ជាក់ស្តែង ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ដែល​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សម្រេចបាន​រួមមាន​៖​ទី​១៖ បាន​ប្រជុំ​វិភាគ​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ប្រចាំខែ ត្រីមាស​ឆមាស​និង​ឆ្នាំ​លើ​ស្ថានភាព​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​និង​អត្រា​ប្តូរប្រាក់ ស្ថានភាព​ថវិកា ស្ថានភាព​រូបិយវត្ថុ​និង​អត្រា​ការប្រាក់​។

​ស្ថានភាព​កសិកម្ម ឧស្សាហកម្ម ថាមពល សេវាកម្ម និង​វប្បធម៌ និង​ស្ថានភាព​ជញ្ជីងពាណិជ្ជកម្ម ដោយ​គ្រប់​កិច្ចប្រជុំ មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​ទី​២៖ បាន​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ ដែលជា​បញ្ហា​ប្រឈម​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច​និង​វប្បធម៌ ដែល​ជះ​ឥ​ទិ្ធ​ពល​លើ​ការអភិវឌ្ឍ​ប្រទេស​និង​លើ​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ទី​៣៖​បាន​ចូលរួម​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​។​ទី​៤៖ ការងារ​នៃ​កម្មវិធី​វាយតម្លៃ លើ​ផលប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត (​កម្មវិធី​RIA)​។​ទី​៥៖ បាន​បំពេញការងារ​បន្ថែម​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ដូចជា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។​

​ទេសរដ្ឋមន្ត្រី យឹម ណុល​ឡា បាន​បន្តថា ការសម្រេចបាន​នូវ​សមិទ្ធផល នាពេល​កន្លងមកនេះ គឺ​អាស្រ័យ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា ECOSOCC ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន ECOSOCC ។​ម្យ៉ាងវិញទៀត សមិទ្ធផល​នេះ ក៏​បង្ហាញ​នូវ​កិច្ចសហការ​ល្អ​រវាង ECOSOCC និង​អង្គភាព​នានា​ក្រោម​ឱវាទ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕S/

​ចំណងជើង​រូ​បថ​តៈ​លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​សមិទ្ធផល​ការងារ​១០​ឆ្នាំ របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​(​រូបៈ​សុផល​)