ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​មួយចំនួន​ដែល​នៅតែ​ទទួល​ការគំរាមកំហែង​ពី​ទឹកជំនន់​

689
ចែករម្លែក

​ដោយ : សុផល​/ ខេត្តព្រៃវែង : លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ បាន​ដឹកនាំ គណៈប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៧៣ លេខ​៣៨៣A និង​ផ្លូវជាតិ​មួយចំនួនទៀត ក្នុង​ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ព្រះវិហារ ដែល​កំពុងតែ​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​។​

ការចុះ​ត្រួតពិនិត្យ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ផ្លូវ​នេះ​បាន​រកឃើញថា ​កំណាត់​ផ្លូវ​មួយចំនួន​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​មធ្យម​ហើយ​ក្រសួង​កំពុង​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ ហើយ​គ្រោង​នឹងធ្វើ​ការជួសជុល​ភ្លាមៗ លើ​ទីតាំង​ខូចខាត​បន្ទាប់ពី​ទឹក​ស្រក់​វិញ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា​ កន្លងមក​កំណាត់​ផ្លូវជាតិ​លេខ​០៣ លេខ​០៤ លេខ​៣៣ លេខ​៤១ លេខ​៤៥ លេខ​៤៨ លេខ​៥៧ និង​កំណាត់​ផ្លូវជាតិ​ដទៃទៀត ក៏​ធ្លាប់បាន​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ ហើយ​ក្រសួង​ក៏បាន​ដោះស្រាយ​ផលប៉ះពាល់​ភ្លាមៗ ដើម្បី​សម្រួល​ចរាចរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​
​ក្រសួង​សាធារណការ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សូម​រាយការណ៍​មក​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ពី​ករណី​ការគំរាមកំហែង​ដោយ​ទឹកជំនន់​នេះ​។ សូមកុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​សូម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​។​

​ក្នុង​ដំណើរ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​ទាំងនេះ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន​៥០​គ្រួសារ​ស្ថិតក្នុង​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ដែល​រងគ្រោះ​លិចលង់​ផ្ទះសំបែង ស្រែចំការ និង​ដំណាំ​ដាំ​ដុះ​។​

​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ពេល​កំពុង​ជួប​នូវ​ទុក្ខលំបាក ដោយសារតែ​ផ្ទះសំបែង ស្រែចំការ លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​រួមមាន​៖​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​និង​ថវិកា​៧​ម៉ឺន​ក្នុង​មួយ​គ្រួសារ​។​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ផ្តាំ​ផ្ញើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែ​សុខភាព​ផ្ទាល់ខ្លួន ត្រូវ​ដាំទឹក​ឆ្អិន​ហូប ចៀសវាង​កុំឱ្យ​មាន​ជំងឺរាគ​រុស​ជាន់​លើ​ការលំបាក​បន្ថែមទៀត​។​

​បន្ទាប់ពី​ការចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​រួចមក លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឆ្លៀតឱកាស​អញ្ជើញ​ចូល​សួរសុខទុក្ខ​លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សម្លេង​មាស​។​

​សូម​ជម្រាបជូន​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលនោះ​ក្នុងនាម​ជា​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិបញ្ញា បាន​ដឹកនាំ​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ “​ពេលវេលា​ដែល​ត្រូវ​តបស្នង – វិភាគទាន​ចំពោះ អធិរាជ​សម្លេង​មាស លោក ស៊ីន ស៊ី​សាមុត​” និង​បាន​រៃអង្គាស​ថវិកា​ដើម្បី​ជួល​ដល់​ក្រុមគ្រួសារ​លោកយាយ​៕B