ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅ​ថៃ ដើម្បី​កៀងគរ​វិនិយោគិន​

661
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ធុរកិច្ច​ជន​អាមេរិក​-​អាស៊ាន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​ហើយ​លោក​ទេសរដ្ឋមន្ត្រី បាន​សន្យាថា នឹង​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​របស់​អាមេរិក​ទាំ​ង​អស់​ដែលមាន​បំណង​រកស៊ី​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

​សំណើ​អញ្ជើញ​ធុរកិច្ច​ជន​អាមេរិក​មក​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នេះ បាន​ធ្វើឡើង​ក្នុងពេល លោក​ទេសរដ្ឋមន្ត្រី ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ជំនួប​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ចំនួន​រួមមាន​៖ 3M, Autodesk, Bechtel, Caterpillar, FedEx Express និង UPS​។​
​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ការទទួលបាន​អត្ថប្រយោជន៍​ពី​ភាពខ្លាំង និង​ធនធាន​របស់​ក្រុមហ៊ុន​អាមេរិក​ដែល​ឈានមុខ​គេ ព្រមទាំង​វិធី​ដែល​ក្រុមប្រឹក្សា និង​សមាជិក​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន អាចជួយ​ប្រទេស​កម្ពុជា​ក្នុងការ​សម្រេច​គោលដៅ​នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ក្រុមប្រឹក្សា អំពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​, កំណើនសេដ្ឋកិច្ច​ថេរ​, បរិយាកាស​នយោបាយ​ល្អ​, គោលនយោបាយ​គាំទ្រ​វិនិយោគ​, ទីតាំង​ប្រកបដោយ​អត្ថប្រយោជន៍​និង​យុទ្ធសាស្ត្រ និង​កត្តា​សក្តានុពល​ផ្សេងៗ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បានន​គូសបញ្ជាក់​អំពី​កំណែទម្រង់​សំខាន់ៗ​ដែល​បានបញ្ចប់ និង​កំពុង​អនុវត្ត​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ផងដែរ​។​
​សូមជម្រាបថា​៖​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៤ និង​កិច្ចប្រជុំ​ដៃគូ​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ពិធី​បើក​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Prayut Chan-o-cha នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ដៃគូ​សន្ទនា​អាស៊ាន​៕