ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំ​យកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៦វត្ត ក្នុងខេត្តសៀមរាប

319
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន និងសហការី បាននាំយកទៀនចំណាំវស្សាទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៦ក្នុងខេត្តសៀមរាប ដែលវត្តទាំង៦ រួមមាន ៖ វត្តរាជបូព៌ , វត្តព្រះព្រហ្មរ័ត្ន , វត្តអង្គរខាងត្បូង , វត្តអង្គរខាងជើង , វត្តបាលីដំរីក្រាប ហៅវត្តជុបទួលពពេល និងវត្តព្រះអង្គធំ លើខ្នងភ្នំគូលែន។

លោក ស៊ុន ចាន់ថុល ក៏បាននាំយកគ្រឿងសក្ការៈបូជាផ្សេងទៀតទៅបូជាថ្វាយនៅព្រះអង្គចេកព្រះអង្គចម ជាដើមផងដែរ។

ដោយឡែកចំពោះវត្តនីមួយៗទទួលបាន ៖ ទៀនធំសម្រាប់ចំណាំព្រះវស្សា ១ គូ , បច្ច័យចំនួន ២លានរៀល រួមជាមួយទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគ១៣មុខទៀត រួមមាន៖ សាដក់ , អង្ករ , មី , ទឹកត្រី , ទឹកស៊ីអ៊ីវ , ត្រីខ , អំបិល , ស្ករស , ទឹកដោះគោម្សៅ , ទឹកសុទ្ឋ , ទឹកក្រូច , នំអន្សម , នំបត់ ជាដើម។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា សម្រាប់ឱកាសពិធីបុណ្យចូលវស្សាឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ ឯកឧត្តម រួមជាមួយមន្ត្រីក្រោមឱវាទ តែងតែនាំយកទៀនចំណាំវស្សា និងទេយ្យវត្ថុមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទ កាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សា ហើយក៏ជាតម្រូវការ ចាំបាច់របស់ព្រះភិក្ខុសង្ឃគ្រប់អង្គ ត្រូវការនូវទេយ្យវត្ថុនិង ចតុបច្ច័យសម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គម្ពីរក្បួនខ្នាតផ្សេងៗក្នុងរដូវចូលវស្សារយៈពេល៣ខែ ។

ក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានអុជធូបទៀន និងថ្វាយផ្កាភ្ញីដល់ព្រះពុទ្ឋរូប និងបានឧទ្ទិសបុណ្យកុសលរំលឹកនឹកគុណទៅដល់មាតាបិតា ញាតិកាទាំងឡាយដែលបានចែកឋានទៅ ជាពិសេស រំលឹកនឹកគុណ ដល់អតីតវីរយុទ្ឋជន យុទ្ឋនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា សូមឲ្យដួងវិញ្ញាណក្ខ័ន្ធលោកអ្នកទាំងអស់នោះ ទៅកាន់សុខគតិភពជារៀងដរាបទៅ ៕B/